រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល១១ខែកន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករទៅបរទេសសរុបជាង៤៧ម៉ឺនតោន កើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ ។ កម្ពុជាបាននាំចេញច្រើនទៅបណ្តាប្រទេសដូចជា បារាំង, ប៉ូឡូញ, ហូឡង់, បែលហ្ស៊ិក, សាធារណរដ្ឋឆែក, ចក្រភពអង់គ្លេស, អីុតាលី និងអាល្លឺម៉ង់ ក្នុងចំណោមប្រទេសផ្សេងទៀត ។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ ។
លោកបណ្ឌិត ហ៊ាន វណ្ណហន ប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ មានប្រសាសន៍ថា ៖ « វាជាមោទនភាពមួយចំពោះការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល១១ខែនេះ ព្រោះកាលពីប៉ុន្មានខែដំបូង (ខែមីនា ដល់សីហា) ការនាំចេញអង្ករធ្លាក់ចុះគួរឱ្យព្រួយបារម្ភ បើធៀបនឹងឆ្នាំ២០១៥ » ។
លោកបណ្ឌិតបន្តថា ប្រសិនបើអ្វីដែលជាដំណោះស្រាយរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល៣ខែកន្លងមកមានប្រសិទ្ធភាព ធ្វើឱ្យការនាំចេញអង្ករងើបឡើង ឬស្តារឡើងវិញបាន យ៉ាងហោចណាស់ នៅដំណាច់ឆ្នាំ២០១៦ បរិមាណនៃការនាំចេញអង្ករអាចស្មើនឹងឆ្នាំ២០១៥ ។
ទាក់ទងនឹងវិស័យស្រូវអង្ករនេះ បើតាមលោកឧកញ៉ា ភូ ពុយ នាយកក្រុមហ៊ុនបៃតងធ្លាប់មានប្រសាសន៍ថា ៖ « កម្ពុជាអាចនាំចេញបានតិចឬច្រើន វាអាស្រ័យទៅលើកត្តាសំខាន់ គឺតម្លៃលក់ចេញទៅទីផ្សារក្រៅប្រទេស។ បើសិនជាតម្លៃព្រមព្រៀងគ្នាស្របតាមតម្លៃអន្តរជាតិនោះ យើងនឹងនាំចេញបានច្រើន ។ ប៉ុន្តែបើតម្លៃមួយដែលអ្នកបញ្ជាទិញមិនទិញច្រើនទេ វាក៏បានច្រើនដែរ អីចឹងមើលតាមភាពជាក់ស្តែង។ សម្រាប់ក្រុមហ៊ុនខ្ញុំគិតថា ក្នុងរយៈពេលខាងមុខ ការនាំចេញនឹងកើនឡើងបន្ថែមទៀត ដោយសារក្រុមហ៊ុនទទួលបានបរិមាណការបញ្ជាទិញក្នុងតម្លៃអាចទទួលយកបាន » ។
តាមរបាយការណ៍ខាងលើបង្ហាញថា ក្នុងរយៈពេល១១ខែកន្លងមក កម្ពុជាបាននាំចេញនូវប្រភេទអង្ករក្រអូបចម្រុះ, នាងម្លិះ, សូមាលី, ផ្ការំដួល/ផ្កាម្លិះ, សរីរាង្គ, ភ្លឺ និងប្រភេទអង្ករចំហុយគ្រាប់វែង ។ ចំណែកក្រុមហ៊ុនដែលនាំចេញច្រើនជាងគេមានដូចជា Khmer Foods, Nikoune Investment, Cristal Rice, Amru Rice, Baitang, Golden Rice, City Rice Import Export, International Rice Trading, T.O.T និង Signatures of Asia ជាដើម ៕
ចែករំលែកព័តមាននេះ