រាជធានីភ្នំពេញ ៖ ពូជល្ម៉ើនៅលើពិភពលោកមានប្រមាណជា៧០០ប្រភេទដែលកំពុងដាំដុះ ប៉ុន្ដែមិនមែនពូជទាំងនោះសុទ្ធតែអាចដាំបានគ្រប់លក្ខខណ្ឌអាកាសធាតុនៃប្រទេសនីមួយៗបានទេ ។ ចំពោះអ្នកចង់វិនិយោគលើដំណាំនេះ ប្រសិនបើជ្រើសរើសពូជមិនត្រឹមត្រូវ អ្នកនឹងខាតបង់ទាំងថវិកា កម្លាំងពលកម្ម និងពេលវេលាដោយអសារបង់ ប៉ុន្ដែប្រសិនបើយើងជ្រើសរើសពូជត្រឹមត្រូវវិញ នោះនឹងទទួលបានផលចំណេញខ្ពស់ បន្ទាប់ពីដាំបានរយៈពេល៣ឆ្នាំ។ កម្ពុជា ជាប្រទេសទទួលឥទ្ធិពលខ្យល់មូសុង ដែលមានអាកាសធាតុក្ដៅហើយមានសំណើម ដូច្នេះ អ្នកជំនាញបច្ចេកទេសដាំដំណាំល្ម៉ើរបស់ក្រុមហ៊ុន អឹុង សុទ្ធី គ្រុប បានណែនាំកសិករខ្មែរឲ្យជ្រើសរើសយកពូជប្រភេទ KL1 និងពូជ Barhee មកដាំដុះ ទើបជាការប្រសើរ ព្រោះជាពូជដែលសមស្របនឹងលក្ខខណ្ឌអាកាសធាតុ និងសីតុណ្ហភាពនៅកម្ពុជា ព្រមទាំងមានការទទួលខុសត្រូវខ្ពស់តាំងពីចាប់ផ្ដើមទិញកូន រហូតដល់ទទួលផល ។
ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆមាសលើកទី១ ដែលប្រារព្ធធ្វើកាលពីថ្ងៃទី២៦ តុលា ម្សិលមិញ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក Rieed Hoshya អគ្គនាយកក្រុមហ៊ុន Medjool Farm ប្រទេសប៉ាឡេស្ទីន ដែលបានក្លាយជាទីប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុន អឹុង សុទ្ធី គ្រុប ជាក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំល្ម៉ើដំបូងគេនៅកម្ពុជា បានណែនាំឲ្យអ្នកមានបំណងចង់វិនិយោគលើដំណាំល្ម៉ើ ជ្រើសរើសយកពូជប្រភេទ KL1 និងBarhee សម្រាប់ដាំដុះនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ លោកនឹងតាំងចិត្តជួយប្រឹក្សាយោបល់ និងជំនួយខាងបច្ចេកទេសដល់កសិករខ្មែរដែលដាំដំណាំល្ម៉ើនេះគ្រប់ពេលវេលា។ លោកថា ៖ « នៅប្រទេសកម្ពុជា ប្រសិនជាកសិករខ្មែរចង់ដាំល្ម៉ើ គឺជ្រើសរើសយកពូជផ្លែស្រស់ ទើបវាស័ក្ដិសមសម្រាប់អាកាសធាតុនៅតំបន់អាស៊ីនោះ គឺជាពូជ KL1 ដែលជាពូជមួយដ៏ល្អសម្រាប់តំបន់អាស៊ី ជាពិសេស នៅកម្ពុជាតែម្ដង » ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននាឱកាសនោះដែរ លោក ឡេង មុនីនាថ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន អឹុង សុទ្ធី គ្រុប ខូអិលធីឌី បានឲ្យដឹងថា ការទិញពូជប្រភេទ KL1 និង Barhee ពីក្រុមហ៊ុន អឹុង សុទ្ធី គ្រុប នឹងមានរៀបចំផ្ដល់លិខិតធានាត្រឹមត្រូវ ។ ប្រសិនបើកសិករវិនិយោគដំណាំល្ម៉ើជាមួយក្រុមហ៊ុននោះ ក្រុមហ៊ុនសន្យាថា រយៈពេល៣ឆ្នាំក្រោយនឹងទទួលបានផល ហើយបើមិនបានផលទេ គឺក្រុមហ៊ុនធានាសង១០០% វិញ ។ លោកថា ៖ « ក្រុមហ៊ុនយើងមានគោលការណ៍ច្បាស់លាស់ក្នុងការផ្ដល់ជូនអតិថិជនដូចជា ១-ការចុះពិនិត្យស្ថានភាពដី ទឹក ថាតើអាចដាំដុះដំណាំល្ម៉ើបានដែរឬយ៉ាងណា ។ ប្រសិនជាដីនោះដាំមិនបាន ទោះបីជាគាត់ [អតិថិជន] មានលុយទិញ ក៏ក្រុមហ៊ុនមិនលក់ឲ្យដែរ ។ ២-ការដឹកជញ្ជូន បើទោះជាត្រូវដឹកជញ្ជូនដល់ខេត្តណាក៏ដោយ គឺក្រុមហ៊ុនដឹកជូនដោយឥតគិតថ្លៃ ហើយថែមទាំងយកអ្នកបច្ចេកទេសទាំងជនជាតិខ្មែរ និងថៃ ចុះជួយបង្រៀនបច្ចេកទេសដាំថែមទៀត ដោយធានាថា មានបច្ចេកទេសក្នុងការដាំត្រឹមត្រូវ ។ ៣-ធានាដូរកូនដែលខូចជូនវិញក្នុងរយៈពេលដាំ៣ខែដំបូង ប្រសិនបើដាំទៅមានដើមណាមួយខូច ទោះជា១០ដើមទៅ១០០ដើមក៏ដោយ គឺក្រុមហ៊ុនដូរជូនវិញភ្លាមដោយមិនគិតថ្លៃ ។ ៤-ធានារ៉ាប់រងចុះតាមដានដល់ចម្ការកសិកររៀងរាល់៣ខែម្ដងរហូតដល់១០ឆ្នាំ ។ ៥-នៅរៀងរាល់៦ខែម្ដង យើងនឹងបើកកិច្ចប្រជុំ ឬវគ្គបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាព និងចែករំលែកព័ត៌មាន ។ ៦-រៀបចំឲ្យមានដំណើរទស្សនកិច្ចសិក្សាស្វែងយល់ផ្សេងៗ។ ៧-ធានាដូរថវិកាដើមជូនវិញ ករណីដើមល្ម៉ើមិនទទួលបានផ្លែ និង៨-ទទួលទិញផ្លែល្ម៉ើរយៈពេល១០ឆ្នាំ ក្នុង១គីឡូក្រាមតម្លៃ៣ដុល្លារ បើទោះបីតម្លៃលើទីផ្សារធ្លាក់ចុះកម្រិតណាក៏ដោយ ។ ការធ្វើដូច្នេះដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន និងស្ថិរភាពថ្លៃនៅលើទីផ្សារ » ។
ចំពោះទីផ្សារវិញ ល្ម៉ើជាផ្លែធញ្ញជាតិដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារទូទាំងពិភពលោក ជាពិសេស ប្រជាជនអ៊ិស្លាម ដែលជាអាហារចាំបាច់បំផុតរបស់ពួកគេ ពិសេសនៅពេលបុណ្យរ៉ាម៉ាដនរាល់ឆ្នាំ ពួកគេតែងតែទទួលទានផ្លែល្ម៉ើ ព្រោះនៅក្នុងគម្ពីអ៊ិស្លាមបានចែងថា ជនជាតិអ៊ិស្លាមទាំងអស់បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ត្រូវហូបផ្លែល្ម៉ើចំនួន៣គ្រាប់ ហើយពេលល្ងាចត្រូវហូប៣គ្រាប់ទៀត។ ដូច្នេះ ផ្លែល្ម៉ើពិតជាមានសារសំខាន់សម្រាប់ប្រជាជនអ៊ិស្លាមដែលកំពុងរស់នៅទូទាំងពិភពលោក ។
តាមការអះអាងរបស់លោក ឡេង មុនីនាថ ប្រធានគ្រប់គ្រងទូទៅរូបនេះ បានឲ្យដឹងថា ប្រទេសក្នុងតំបន់អាស៊ាន មានតែ៤ប្រទេសប៉ុណ្ណោះដែលអាចដាំដំណាំល្ម៉ើបាន គឺប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា និងវៀតណាម ហើយតម្រូវការល្ម៉ើវិញ គឺមានគ្រប់ប្រទេសដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វ៊ីលីពីន ជាដើម ។ ដូច្នេះ ទីផ្សារល្ម៉ើរបស់កម្ពុជាយើងមានច្រើនណាស់ ហើយល្ម៉ើអាចកែច្នៃជាផលិតផលច្រើនដូចជា ធ្វើជាទឹកផ្លែឈើ ទឹកឃ្មុំ ដំណាប់ តែល្ម៉ើ និងស្ករល្ម៉ើជាដើម ដែលជាតម្រូវការទូទៅរបស់ប្រជាជនប្រើប្រាស់ប្រចាំថ្ងៃ ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ល្ម៉ើអាចជួយគាំទ្រទៅដល់អ្នកមានជំងឺទឹកនោមផ្អែម គឺពួកគេអាចទទួលទានល្ម៉ើបាន៤គ្រាប់ក្នុង១ថ្ងៃ ដោយមិនមានការធ្វើទុក្ខអ្វីឡើយ ។ ចំពោះអ្នកលើសឈាម ប្រសិនបើហូបល្ម៉ើ៣គ្រាប់ជារៀងរាល់ថ្ងៃ គឺមិនបាច់លេបថ្នាំលើសឈាមក៏បាន ។ ដូច្នេះប្រសិនជាលេ្មុីមានផលប្រយោជន៍បែបនេះ យើងនឹងមិនខ្វះទីផ្សារនោះទេ ។
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានមានប្រសាសន៍ថា ដំណាំល្ម៉ើកំពុងមានការពេញនិយមនៅលើទីផ្សារពិភពលោក ក៏ដូចជាទីផ្សារនៅក្នុងតំបន់អាស៊ី ។ វាជាដំណាំមួយប្រភេទដែលក្រសួងពិនិត្យឃើញថា មានសារសំខាន់ និងមានប្រាក់ចំណូលខ្ពស់សម្រាប់កសិករខ្មែរ ៕
ចែករំលែកព័តមាននេះ