អត្ថបទប្រែសម្រួលដោយលោកគឹម ចាន់ណា ក្នុងសៀវភៅ «បុគ្គលខ្លាំងអ្នកធ្វើឱ្យរង្គើប្រវត្តិសាស្ត្រលោក» អត្ថាធិប្បាយថា វីល្លៀម សេកស្ពៀរ ត្រូវបានគេស្គាល់តាមរយៈស្នាដៃនិពន្ធប្រលោមលោកដូចជារឿង «រ៉ូមេអូ និងជូលីយ៉ែត» និងរឿង «ហេមើឡែត» ជាប្រភេទរឿងសោកនាដកម្មរំជួលអារម្មណ៍លេចធ្លោបំផុតរបស់លោក ដែលមនុស្សស្ទើរតែគ្រប់រូបបានសិក្សាភាសាអង់គ្លេស សុទ្ធតែធ្លាប់បានអានស្នាដៃរបស់សេកស្ពៀរ ឬយ៉ាងហោចណាស់ក៏ត្រូវតែធ្លាប់បានឮឈ្មោះរបស់លោកមក ខ្លះៗជាមិនខាន ។ បច្ចុប្បន្នវីល្លៀម សេកស្ពៀរ មិនមែនត្រឹមតែជាឈ្មោះបុគ្គលប៉ុណ្ណោះទេ តែវាក៏បានក្លាយទៅជាស្ថាប័នសាកលមួយដែលមានអត្តសញ្ញាណពិសេសរបស់ខ្លួនមួយបែប ព្រោះសេកស្ពៀរ ពុំមែនត្រឹមតែនិពន្ធនៅក្នុងយុគសម័យណាមួយនោះទេ ប៉ុន្តែគឺជាកវីនិពន្ធពេញនិយមនៅគ្រប់សម័យកាលដូចអ្វីដែលលោកបេនចនសាន់ កវីរួមជំនាន់ជាមួយគ្នានោះបានពោលថា «He was not of an age but for all time» ។
ប្រវត្តិមិនជាក់លាក់ វីល្លៀម សេកស្ពៀរ កើតក្នុងខែមេសា ឆ្នាំ១៥៦៤ នៅទីក្រុងស្ត្រេតហ្វដ ប្រទេសអង់គ្លេស។ កាលពីក្មេងសេកស្ពៀរ ចូលរៀននៅសាលា Stratford Grammar School និងរៀនសូត្របានយ៉ាងល្អ ព្រោះគ្រូបង្រៀននៅទីនោះភាគច្រើនសុទ្ធតែបានបញ្ចប់ការសិក្សាមកពីសាលាអកស្វដ (Oxford) និងមានប្រាក់ខែខ្ពស់ជាងបណ្តា គ្រូៗនៅសាលារៀន ផ្សេងៗ ក្នុងកម្រិតថ្នាក់សិក្សាដូចគ្នានេះ ដែលជាប្រការម្យ៉ាងអាចឱ្យគេសន្និដ្ឋានថា សាលារៀននេះបានបណ្តុះមូលដ្ឋានគ្រឹះផ្នែកចំណេះដឹងយ៉ាងជ្រៅជ្រះដល់សេកស្ពៀរ ។ លុះដល់អាយុ១៨ឆ្នាំ គេបានរៀបការជាមួយនឹងអេន ហេតថាវេយ៍ មានកូនចំនួន៤នាក់ ។
ក្រោយឆ្នាំ១៥៨៥មក ពុំមានភស្តុតាងអ្វីបញ្ជាក់ពីដំណើរជីវិតរបស់សេកស្ពៀរឡើយ ។ រហូតមកដល់ឆ្នាំ១៥៩២ ទើបមានលេចឮពាក្យចចាមអារ៉ាម ផ្សេងៗមួយចំនួនថា សេកស្ពៀរ មានចំណេះវិជ្ជាសមល្មមអាចធ្វើជាសាស្ត្រាចារ្យបាន ព្រោះតាមរយៈស្នាដៃនិពន្ធដំបូងរបស់គេសុទ្ធតែបានបង្ហាញអំពីចំណេះដឹងបែបក្លាស្ស៊ិកជាបន្តបន្ទាប់ ។ មានមតិខ្លះយល់ថា សេកស្ពៀរ ត្រូវមករៀនផ្នែកជំនួញទេ ប៉ុន្តែដោយគេមិនចូលចិត្តទើបបែរទៅចាប់អាជីពជាអ្នកនិពន្ធប្រលោមលោកទៅវិញ ។
ការឈានចូលទៅក្នុងវិស័យល្ខោន រហូតមកទល់ពេលនេះនៅពុំទាន់មានអ្នកណាដឹងទេថា តើសេកស្ពៀរចាប់ផ្តើមចូលមកក្នុងឆាកល្ខោនដោយរបៀបណានោះឡើយ ។ គេអាចនឹងចូលរួមក្នុងក្រុមល្ខោនចល័ត ហើយឆៀងចូលមកសម្តែងនៅទីក្រុងស្ត្រេហ្វដ ឬមួយសេកស្ពៀរអាចជាអ្នកជួយប្រាប់ឃ្លាប្រយោគរបស់តួល្ខោនជាមុន ព្រោះក្មេងជនបទដូចជារូបគេនេះ ត្រូវតែចាប់ផ្តើមពីឋានៈតូចតាចជាមុន។ តែទោះបីជាយ៉ាងណាក៏ដោយសេកស្ពៀរ ចាប់ផ្តើមមានឈ្មោះបោះសំឡេង និងបានក្លាយជាតួសម្តែងក្នុងរយៈពេលដ៏ឆាប់រហ័ស។ មានភស្តុតាងតែមួយគត់អំពីសេកស្ពៀរ និងវិស័យល្ខោនក្នុងអំឡុងឆ្នាំ១៥៩០ សរសេរដោយរ៉ួបឺត ហ្គ្រីន ( Robert Green) ជាអ្នកនិពន្ធរឿងល្ខោននៅក្នុងក្រុម University Wits ដែលសរសេរវាយប្រហារតួសម្តែងដទៃ ដែលបោះបង់ខ្លួនឯងចោល ហើយបែរទៅលើកសរសើរអ្នកនិពន្ធជើងថ្មីដូចជាសេកស្ពៀរទៅវិញ និងថែមទាំងរិះគន់ថាអ្នកនិពន្ធម្នាក់នេះហានលក់ អ្វីៗគ្រប់បែបយ៉ាង ដើម្បីបានធ្វើជាអ្នកសម្តែងខ្លួនឯង និពន្ធតែខ្លួនឯង និងដឹកនាំរឿងតែខ្លួនឯងទៀតផង។ តាមភស្តុតាងនេះហើយដែលធ្វើឱ្យគេជឿថា សេកស្ពៀរ ពិតជាបានទទួលជោគជ័យក្នុងវិស័យតែងនិពន្ធរឿងល្ខោននេះ សមល្មមនឹងធ្វើឱ្យហ្គ្រីន មិនសូវសប្បាយចិត្តនោះឯង ។
ឆ្នាំនៃជោគជ័យ នៅចុងឆ្នាំ១៥៩៨ ចាត់ទុកថាជាឆ្នាំដ៏សំខាន់បំផុតរបស់សេកស្ពៀរ ។ មានការប៉ាន់ស្មានថា គេបាននិពន្ធរឿងល្ខោនចំនួន១៦រឿង និងក្លាយជាអ្នកនិពន្ធរឿងល្ខោនដែលមានសមត្ថភាពខ្ពស់បំផុតនៅប្រទេសអង់គ្លេស ។ នៅក្នុងឆ្នាំដដែលនេះ អ្នកសិក្សាស្រាវជ្រាវជាច្រើនមានជំនឿថាគេបានចូលរួមសម្តែងល្ខោនជាច្រើនរឿង និងបានចូលសម្តែងក្នុងក្រុមល្ខោនដ៏ល្អបំផុតនៃទីក្រុងឡុងដ៍ ។ ជាច្រើនឆ្នាំក្រោយមក គេបានផលិតស្នាដៃសម្រាប់តែរោងល្ខោនកណ្តាលវាលដែលទើបនឹងសង់រួច ថ្មីៗអាចដាក់ទស្សនិកជនចូលទស្សនាបានរហូតដល់ទៅ៣០០០នាក់ ។ នៅក្នុងឆ្នាំ១៥៩៣ ជាឆ្នាំនៃជោគជ័យរបស់សេកស្ពៀរ នៅពេលក្រុមល្ខោនដែលគេរួមសម្តែងនោះដាក់ឈ្មោះថាក្រុម The King’s Men ស្ថិតក្រោមការឧបត្ថម្ភពីព្រះចៅជេមស៍ មហាក្សត្រនៃប្រទេសអង់គ្លេស ដែលមានសេកស្ពៀរ ជាអ្នកដឹកនាំតួសម្តែង និងជាអ្នកសរសេររឿងល្ខោនផ្តល់ឱ្យក្រុមល្ខោន សំខាន់ៗទាំងឡាយ ។ ក្នុងឋានៈជាអ្នកនិពន្ធរឿងល្ខោន បានធ្វើឱ្យសេកស្ពៀរ ក្លាយជាបុគ្គលិកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងទទួលបានជោគជ័យលើវេទិកាល្ខោននៅទីក្រុងឡុងដ៍ខ្ពស់ជាងគេបំផុត ។
ប៉ុន្តែក្នុងឆាកជីវិតផ្ទាល់ខ្លួនសេកស្ពៀរត្រូវបាត់បង់កូនប្រុសម្នាក់ដែលទើបតែមានអាយុ១១ឆ្នាំ ឯឪពុករបស់គេបានទទួលមរណភាពនៅឆ្នាំ១៦០១ ។
ចំណុចពិសេសក្នុងសាច់រឿងនិពន្ធរបស់សេកស្ពៀរ គឺមានលក្ខណៈពុះពោរជ្រាលជ្រៅ តួអង្គនៃល្ខោនមានមនោសញ្ចេតនាអណ្តែតអណ្តូងហួសពីមនុស្សធម្មតា ។ គេព្យាយាមធ្វើឱ្យសាច់រឿងស្តែងចេញឡើងប្រកបដោយការស្រមើស្រមៃខ្ពស់ ដើម្បីឱ្យតួល្ខោនរបស់ខ្លួនបញ្ចេញមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងមោះមុតបំផុត ។ អ្នកអាចនឹងចងចាំតួអង្គហេមើឡែត បានយ៉ាងច្បាស់ក៏ដោយសារតែគេសញ្ជឹងគិតតែអំពីការសងសឹក ហើយទម្ងន់នៃការគិតមានកម្រិតខ្ពស់ជាងរឿងសោកនាដកម្មដទៃផ្សេងទៀត ហេតុនេះហើយទើបធ្វើឱ្យតួអង្គហេមើឡែត ក្លាយជាតួអង្គដ៏អស្ចារ្យបំផុតក្នុងវណ្ណកម្មអក្សរសិល្ប៍របស់អង់គ្លេស ។
ការសរសេររឿងល្ខោនក្នុងដំណាក់កាលដំបូង អត្ថបទល្ខោនក្នុងសម័យដំបូងរបស់សេកស្ពៀរច្រើនទទួលឥទ្ធិពលពីអ្នកនិពន្ធ ដទៃទៀតៗ ដូចជាបទនិពន្ធល្ខោនរឿងសុខនាដកម្ម ទទួលឥទ្ធិពលពីលោកប្លៅទុស និងលីលី (Plautus & Lily) ល្ខោនមនោសញ្ចេតនាបានទទួលពីហ្គ្រីននិងភីលី ( Gieene & Peele) ចំណែកបទនិពន្ធផ្នែកសោកនាដកម្ម បានទទួលឥទ្ធិពលពីល្ខោនប្រភេទគំនុំសងសឹករបស់លោកខៃដ៍ (Kyd) និងផ្នែកសោកនាដកម្មផ្សេងទៀតរបស់លោកម៉ារឡូ (Marlowe)ជាដើម ។
ទោះជាយ៉ាងណាក៏ដោយ ស្នាដៃដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់បំផុតរបស់សេកស្ពៀរ គឺសង្កត់ធ្ងន់ទៅលើបុគ្គលិកលក្ខណៈរបស់តួអង្គដែលមិនធ្លាប់មានកវីនិពន្ធណាមួយធ្លាប់សរសេរពីមុនមកឡើយ ហើយថែមទាំងបានបង្ហាញឱ្យឃើញពីភាពស៊ីជម្រៅទៅលើមនោសញ្ចេតនាស្នេហា និងការកក់ក្តៅមកលើមនុស្សជាតិផងដែរ ។
រឿង Titus Andronicus ចាត់ទុកថាជារឿងល្ខោនសោកនាដកម្មចងគំនុំរបស់សេកស្ពៀរ ដែលត្រូវគេរិះគន់ក្នុងផ្លូវទុទិ្ទដ្ឋិនិយមខ្លាំងបំផុតមួយរឿង ។ អ្នកវិភាគជាច្រើនបានជំទាស់ថា រឿងមួយនេះពុំមែនជាស្នាដៃរបស់សេកស្ពៀរទេ ឯអ្នកខ្លះទៀតបានផ្តល់មតិថា រឿងមួយនេះគឺជារឿងចម្លងរូបយកបែកចេញពីល្ខោនផ្នែកសងសឹក ចងអាឃាត ដែលកំពុងពេញនិយមក្នុងសម័យនោះ ។ Titus Andronicus ជារឿងដែលផ្តោតទៅលើភាពឃោរឃៅដ៏គួរឱ្យព្រឺខ្លាចជាទីបំផុត ហើយវគ្គ នីមួយៗនៃរឿងសុទ្ធសឹងជាសោកនាដកម្មដែលបានរៀបចំគ្រោងរឿងយ៉ាងលម្អិតជាទីបំផុត ។
ឆ្នាំដំណាក់កាលពង្រីកស្នាដៃ៖ រឿងល្ខោនប្រវត្តិសាស្ត្រ បន្ទាប់ពីឆ្នាំ១៥៩៥មក សេកស្ពៀរ មានភាពម្ចាស់ការលើខ្លួនឯងយ៉ាងពេញលេញ ហើយឈប់យកស្នាដៃអ្នកដទៃមកធ្វើត្រាប់តាមទៀត។ គេគឺជាបុគ្គលម្នាក់ក្នុងក្រុមអ្នកមានវណ្ណៈថ្នាក់កណ្តាលដែលព្យាយាមគាំទ្រអំពីច្បាប់ទម្លាប់ផ្សេងៗ ព្រោះគេខ្លាចមានបញ្ហាចលាចល ផ្សេងៗ ។ ក្នុងដំណាក់កាលនេះសេកស្ពៀរមានសមត្ថភាពពេលលេញក្នុងការនិពន្ធអត្ថបទកំណាព្យ ល្អៗគួរឱ្យស្ងើច ។ អត្ថបទគ្រប់រឿងដែលសេកស្ពៀរ និពន្ធក្នុងសម័យនោះបង្ហាញឱ្យឃើញពីបុគ្គលិកលក្ខណៈរបស់តួអង្គដែលមានលក្ខណៈស៊ីជម្រៅជាខ្លាំង ជាពិសេសការស៊ីជម្រៅទៅលើចរិតតួអង្គដែលមានលក្ខណៈស៊ីជម្រៅទៅលើរឿងល្ខោនប្រវត្តិសាស្ត្រ ដូចជារឿង The Life and Death of Kingjohn ដែលជាស្នាដៃនិពន្ធរឿងប្រវត្តិសាស្ត្រដំបូងបង្អស់របស់សេកស្ពៀរ បានផ្តល់ការវិភាគពីគំនិតនយោបាយក្នុងសម័យនោះ ពោលគឺនិយាយពីអំណាចក្នុងមុខតំណែង និងសិទ្ធិរបស់ព្រះរាជាការទាក់ទងរវាងអ្នកគ្រប់គ្រងលើផ្លូវលោក និងអ្នកគ្រប់គ្រងផ្លូវធម៌ ហើយក៏បានបង្ហាញយ៉ាងច្បាស់ថាសេកស្ពៀរគាំទ្រឱ្យមានការគោរពច្បាប់និងការរក្សាឯកភាពនៃប្រទេសអង់គ្លេស។ ក្រៅពីនេះទៀតសេកស្ពៀរ បានធ្វើឱ្យរឿងប្រវត្តិសាស្ត្រមានល្ខណៈស្របតាមរឿងពិតរបស់មនុស្សដោយមានឈុតឆាកតួរំជួលចិត្តជាច្រើនផងដែរ ។
ឆ្នាំរឿងហេមើឡែត៖ ស្នាដៃសោកនាដកម្មដ៏ឆ្នើមបំផុត The Tragedy of Hamlet, Prince of Denmark គឺជាស្នាដៃនិពន្ធមួយក្នុងចំណោមរឿង៤ ដែលគេទទួលស្គាល់ទូទាំងពិភពលោកថាជាល្ខោនសោកនាដកម្មល្អដាច់គេរបស់សេកស្ពៀរ ទាំងខាងផ្នែកកវីនិពន្ធ និងទាំងផ្នែករឿងល្ខោនបែបសោកនាដកម្មចងអាឃាតព្យាបាទដែលមានលក្ខណៈស្មុគស្មាញបំផុត ដែលធ្វើឱ្យអ្នកអាចវាយតម្លៃ និងបកស្រាយអត្ថន័យបានច្រើនបែបច្រើនយ៉ាង ។
អ្នកនិពន្ធដទៃទៀតច្រើនតែលើកបង្ហាញពីតួឯកមានអត្តចរិតពុំសូវស្មុគស្មាញប៉ុន្មានទេ តែមានបញ្ហាច្រើន ឬបង្ហាញពីតួអង្គដែលមានបុគ្គលិកលក្ខណៈស៊ីជម្រៅ ហើយមានបញ្ហាចម្បងចតែម្យ៉ាងប៉ុណ្ណោះ ។ ប៉ុន្តែនៅក្នុងរឿងហេមើឡែត សេកស្ពៀរ បានតម្រូវតួឯកជាបុរសម្នាក់ មានបុគ្គលិកលក្ខណៈស្មុគស្មាញជាខ្លាំង និងពោរពេញទៅដោយបញ្ហា ធ្ងន់ៗជាច្រើនជំពូក ។
អាចប្រហែលជាមកពីការមានបុគ្គលិកលក្ខណៈដ៏ច្រើនប្រភេទបែបនេះហើយ ទើបធ្វើឱ្យអ្នកអាន ឬអ្នកទស្សនារឿងល្ខោនមួយនេះស្ទើរគ្រប់គ្នាតែងគិតគូរថាខ្លួនគឺជាតួអង្គហេមើឡែត ។
ចំណុចមួយទៀតដែលលេចធ្លោនៅក្នុងហេមើឡែត គឺការបង្ហាញពីរូបភាព ឬលក្ខណៈខាងក្រៅរបស់មនុស្សដែលសម្តែងឱ្យឃើញថាជាមនុស្សល្អ ប៉ុន្តែជម្រៅចិត្តខាងក្នុង បែរជាបង្កប់ដោយពិសពុលដ៏សាហាវឃោរឃៅបំផុតទៅវិញ ។
នៅវគ្គបញ្ចប់នៃរឿងនេះគឺជាការជម្រះចិត្តគំនិតឱ្យបរិសុទ្ធ ព្រោះហេមើឡែត ពុំមែនត្រូវស្លាប់ក្នុងនាមជាអ្នកសងសឹកទាំងស្រេកឃ្លាននោះទេ តែគឺជាការស្លាប់ប្រកបដោយកិត្តិយសក្នុងនាមជាមនុស្សម្នាក់ និងដោយប្រឈមមុខនឹងស្ថានការណ៍ក្នុងជីវិតយ៉ាងក្តីក្លាហានទោះបីជាស្ថិតក្នុងស្ថានភាពអាក្រក់យ៉ាងណាក៏ដោយ ។
ព្រឹត្តិការណ៍សំខាន់ៗ សេកស្ពៀរ កើតនៅខែមេសា ឆ្នាំ១៥៦៤ នៅទីក្រុងស្ត្រេតហ្វដ ប្រទេសអង់គ្លេស ។ ឆ្នាំ១៥៧២ ចូលសម្តែងល្ខោន និងនិពន្ធបទល្ខោនឱ្យក្រុមល្ខោនក្នុងទីក្រុងឡុងដ៍ ។ បង្ហាញខ្លួនចំពោះសាធារណជន ក្នុងឋានៈជាកវីនិពន្ធគ្រាដំបូងក្នុងឆ្នាំ១៥៩៣ ជាអ្នកនិពន្ធរឿង Venus and Adonis ។ ឆ្នាំ១៥៩៥ ចាប់ផ្តើមនិពន្ធរឿងយ៉ាងពិតប្រាកដ ហើយក៏ចាប់ផ្តើមល្បីល្បាញ ។ ក្នុងឆ្នាំ១៦១១ ឈប់និពណ្ធរឿង ហើយត្រឡប់ទៅរស់នៅទីក្រុងស្ត្រេតហ្វដ ។
ទទួលអនិច្ចកម្មនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៦១៦ ក្នុងអាយុ៥២ឆ្នាំ ។ សពរបស់គាត់ត្រូវគេយកទៅបញ្ចុះនៅវត្ត Holy Trinity ក្នុងឋានៈជាបុគ្គលសំខាន់របស់ទីក្រុងស្ត្រេតហ្វដ ។
ដោយឡែកហោងតាមអត្ថបទប្រែសម្រួលដោយផ្កាយ NoVeLs ថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមេសា គឺជាសប្តាហ៍ដ៏សំខាន់មួយសម្រាប់ប្រជាជនអង់គ្លេស ជាពិសេសអ្នកដែលលង់ស្នេហ៍នឹងកវីនិពន្ធវីល្លៀម សេកស្ពៀរ(William Shakespeare) ដែលប្រជាជនអង់គ្លេសលើកតម្កើង ជាអ្នកនិពន្ធឆ្នើមប្រចាំប្រទេស ព្រោះថ្ងៃទី២៣ និង២៦ គឺជាថ្ងៃកំណើត និងថ្ងៃអនិច្ចកម្មរបស់អ្នកនិពន្ធរូបនេះ ។
មានរឿងរ៉ាវ៥យ៉ាងរបស់សេកស្ពៀរ ដែលប្រិយមិត្តខ្លះអាចមិនទាន់ដឹងនៅឡើយ ។
១-ឪពុករបស់សេកស្ពៀរប្រកបរបរជាច្រើនប្រភេទ ក្នុងគោលបំណងតែមួយគឺមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញស្រាផឹក ។ ឪពុករបស់អ្នកនិពន្ធល្បីសេកស្ពៀរ ដើមឡើយគ្រាន់តែជាកសិករក្រីក្រដែលដើរជួលស្រែគេធ្វើប៉ុណ្ណោះ ។ ចន សេកស្ពៀរ (John Shakespeare) អ្នកស្រែដែលគ្មានអ្វីសោះ បានមកដល់ក្រុង Stratford-upon-Avon នៅក្នុងឆ្នាំ១៥៥១ ហើយប្រកបរបរចិញ្ចឹមជីវិតច្រើនយ៉ាង រហូតក្លាយជាអ្នកមើលការខុសត្រូវរោងចក្រស្រាបៀរ រួចបានរៀបការជាមួយម៉ារី អាដេន (Mary Arden) កូនស្រីរបស់អ្នកចម្ការស្តុកស្តម្ភម្នាក់ ដែលបានផ្លាស់ប្តូរឋានៈក្នុងសង្គមរបស់ខ្លួនឲ្យកាន់តែប្រសើរ តែក្រោយមកចនជំពាក់បំណុលគេយ៉ាងច្រើន រហូតត្រូវប្រឈមមុខនឹងផ្លូវច្បាប់។
២-ក្នុងឆ្នាំ១៥៨២ សេកស្ពៀរក្នុងវ័យ១៨ឆ្នាំ បានរៀបការជាមួយអ៊ែន ហាថាវេយ៍(Anne Hathaway) ដែលមានកូនក្នុងផ្ទៃបីខែ ហើយមានអាយុចាស់ជាងសេកស្ពៀរដល់ទៅ៨ឆ្នាំ ។
ក្រោយរៀបការបាន៦ខែ គ្រួសារសេកស្ពៀរក៏ទទួលបានបុត្រីស៊ូសានណា (Susanna) និងកូនភ្លោះប្រុសស្រី ហ៊ែមនេត (Hamnet) និងជូដិដ្ឋ (Judith) ក្នុងពេលបន្ទាប់មក ។
គេមិនសូវដឹងរឿងច្រើនទាក់ទងនឹងចំណងស្នេហានេះទេ ដឹងត្រឹមថាបន្ទាប់ពីនោះ សេកស្ពៀរចូលចិត្តនៅបែកគ្នាជាមួយភរិយាជាញឹកញាប់ រហូតទីបំផុតក៏បានលែងលះគ្នា ។
៣-ឪពុកម្តាយរបស់សេកស្ពៀរជាអនក្ខរជន ពោលគឺមិនចេះអក្សរទាល់តែសោះ ចំណែក កូនៗរបស់សេកស្ពៀរក៏ដូចគ្នាដែរ។ គ្មាននរណាដឹងច្បាស់ទេអំពីរឿងនេះ តែមានសេចក្តីសន្និដ្ឋានថា ចន និងម៉ារី គ្មានឱកាសបានរៀនអាន និងសរសេរអក្សរឡើយ ដែលជារឿងធម្មតាក្នុងរជ្ជកាលម្ចាស់ក្សត្រិយ៍អេលីហ្សាប៊ែត ។ អ្នកខ្លះបដិសេធថា ឪពុករបស់សេកស្ពៀរគួរតែចេះអក្សរខ្លះតាមមុខតំណែងរបស់គាត់ តែនរណាទៅដឹងថា ភាគច្រើនគាត់តែងតែចុះហត្ថលេខាដោយការគូសសញ្ញាសម្គាល់ ។ ផ្ទុយទៅវិញ សេកស្ពៀរ ដែលបានចូលរៀននៅសាលា Stratford’s local grammar school ធ្វើឲ្យគេមានសមត្ថភាពអាចសរសេរ អាន និងនិយាយភាសាឡាតាំងបានយ៉ាងល្អ។ ចំណែកប្រពន្ធ និងកូនៗរបស់ស្ហេកស្ពៀរ គឺមានភាគរយដែលមិនចេះអក្សរដែរ តែស៊ូសានណាកូនស្រីច្បង អាចចុះហត្ថលេខាបាន ខ្លះៗ ។
៤-គ្មាននរណាដឹងថា សេកស្ពៀរធ្វើអ្វីក្នុងចន្លោះឆ្នាំ១៥៨៥-១៥៩២ ទេ ដែលនេះជារឿងខកចិត្តយ៉ាងខ្លាំង សម្រាប់អ្នកដែលចូលចិត្តសរសេររឿងរ៉ាវជីវិតរបស់ស្ហេកស្ពៀរ ។ ការបាត់មុខរបស់សេកស្ពៀរ ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រនៅចន្លោះឆ្នាំនេះ ត្រូវបានអ្នកប្រវត្តិសាស្ត្រសន្និដ្ឋានថា ក្នុងរយៈពេល៧ឆ្នាំដែលលោកបាត់ខ្លួន គឺលោកបានទៅធ្វើជាគ្រូបង្រៀនផ្នែកច្បាប់ ធ្វើដំណើរកម្សាន្តនៅទ្វីបអឺរ៉ុប ឬចូលរួមជាមួយក្រុមអ្នកសម្តែងសិល្បៈ ដែលបានឆ្លងកាត់ទីក្រុង Stratford ។ តាមបញ្ជីដែលបានកត់ត្រាទុកក្នុងសតវត្សរ៍ទី១៧ សេកស្ពៀរបានបាត់ខ្លួនបន្ទាប់ពីបានលួចក្តាន់ពីក្នុងកសិដ្ឋានមួយរបស់អ្នកមានឋានៈក្នុងសម័យនោះ ។
៥-អ្នកខ្លះគិតថា សេកស្ពៀរជាមនុស្សបោកប្រាស់ ។ តើអាចទៅរួចទេដែលមនុស្សធម្មតាមកពីខេត្តដាច់ស្រយាល មិនធ្លាប់រៀនមហាវិទ្យាល័យ និងមិនធ្លាប់ធ្វើដំណើរចេញពីទីក្រុង Sratford សោះ បែរជាក្លាយជាអ្នកនិពន្ធដ៏ល្បីម្នាក់ក្នុងពិភពលោក ។ រយៈពេលដំបូងនៃអាជីពរបស់លោក គឺសរសេររឿងទាក់ទងនឹងចំណេះដឹងដ៏ជ្រៅជ្រះ អំពីការងាររវាងប្រទេស ប្រវត្តិសាស្ត្រ រឿងរ៉ាវរាជវង្ស និងវណ្ណៈអភិជន ។ ដោយហេតុផលនេះ អ្នកទ្រឹស្តីនិយមសន្និដ្ឋានថាអាចមានអ្នកនិពន្ធមួយចំនួន ឬច្រើននាក់ចង់លាក់បាំងឈ្មោះខ្លួនឯង ដោយប្រើឈ្មោះរបស់ស្ហេកស្ពៀរដើម្បីបាំងមុខ ដោយសន្និដ្ឋានថា អាចជា Edward De Vere, Francis Bacon, Christopher Marlowe ឬ Mary Sidney Herbert តែអ្នកជំនាញ និងអ្នកប្រវត្តិសាស្ត្រភាគច្រើន ក៏នៅតែសង្ស័យចំពោះសេចក្តីសន្និដ្ឋាននេះដូចគ្នា ហើយជួនកាលក៏គិតថា សេកស្ពៀរអាចមានការសហការជាមួយអ្នកនិពន្ធដទៃទៀតក៏ថាបាន ។
ទោះបីជាមានរឿងរ៉ាវអាថ៌កំបាំង គួរឲ្យងឿងឆ្ងល់ និងចាប់អារម្មណ៍ជាច្រើនពាក់ព័ន្ធនឹង វីល្លៀម សេកស្ពៀរ តែនៅប្រទេសអង់គ្លេស សេកស្ពៀរគឺជាកវី និងអ្នកនិពន្ធដ៏សំខាន់ របស់ប្រទេសក៏ដូចជាពិភពលោកទាំងមូល ៕
ចែករំលែកព័តមាននេះ