រាជធានីភ្នំពេញ ៖ ថ្លែងក្នុងឱកាសសម្ពោធខ្សែភាពយន្តធំទី៣របស់ផលិតកម្ម Red Picture រឿង«សង្សារខ្ញុំក្រមុំកូន១» នៅរោងភាគយន្តលេជេន សាខាស្ទឹងមានជ័យ កាលពីថ្ងៃអង្គារ ទី២៣ សីហា ២០១៦ នោះ លោកជា វណ្ណារិទ្ធ បានរំលឹកថា ខ្លួននិងអ្នកនាងសារាយ សក្ខណា ខកខានសម្តែងរួមគ្នាជាង៦ឆ្នាំមកហើយ ។
ក្នុងឱកាសនោះ លោក វណ្ណារិទ្ធ បានលើកឡើងថា សម្រាប់ចំណាប់អារម្មណ៍ខ្ញុំ នៅក្នុងខ្សែភាពយន្តថ្មីមួយនេះ ខ្ញុំមានអារម្មណ៍ថាប្លែក ។ ប្លែកទី១ គឺជាការសម្តែងរួមគ្នាជាមួយនឹងអ្នកនាងសារាយ សក្ខណា ដែលកន្លងទៅ ខ្ញុំធ្លាប់សម្តែងជាមួយគ្នាមួយរឿង កាលពីឆ្នាំ២០០៨ គឺរឿងបាត់ខ្លួន របស់ផលិតកម្មខ្មែរមេគង្គ។
រយៈពេល៦ឆ្នាំ ទើបមានឱកាសបានចាប់ដៃគ្នាសម្តែងម្តងទៀត លោកបន្តថា ទី២-គឺជាចំណាប់អារម្មណ៍ដែលខ្ញុំចូលរួមសម្តែងជាមួយនឹងតារាកំប្លែងដែលមានប្រជាប្រិយភាពជាច្រើនដួង ក្នុងនោះ មានបងគ្រឿន ដែលជាតួអង្គបងប្អូនជាមួយនឹងខ្ញុំ។ រយៈពេលខ្លីនៃការសម្តែងរឿងនេះ ខ្ញុំមានអារម្មណ៍ថា មានភាពស្និទស្នាលហាក់បីដូចជាស្គាល់គ្នាយូរឆ្នាំ អ៊ីចឹងអារម្មណ៍ដែលយើងលេងទៅ ហាក់ដូចជាស៊ីជម្រៅគ្នាមានអារម្មណ៍ថា ផលិតករគាត់ឱ្យធ្វើអីច្រើនតែលើស ប៉ុន្តែការលើសនឹង ក៏ជាការបន្ថែមល្បោយតិចតួចមួយ ដើម្បីឱ្យទស្សនិកជន គាត់ទទួលបានអារម្មណ៍រីករាយ និងសើចសប្បាយ ។
ចំណែកឯ អ្នកនាង សារាយ សក្ខណា បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះការចូលរួមសម្តែងក្នុងរឿងនេះ ព្រោះវាជារឿងទីមួយដែលនាងសម្តែងឱ្យផលិតកម្ម Red Picture។ តួអង្គក្រមុំកូន១រូបនេះបានសំណូរពរទស្សនជនឱ្យជួយគាំទ្រវិស័យសិល្បៈខ្មែរ ហើយនាងសង្ឃឹមថារឿងនេះនឹងមានការគាំទ្រច្រើន។
រីឯលោកឌៀប សុវណ្ណតារា ដែលជាអ្នកនិពន្ធ និងដឹកនាំភាពយន្តនេះបានមានប្រសាសន៍ផងដែរថា លោកមានក្តីរំពឹងថារឿងនេះខុសពីរឿងមុនៗ ព្រោះមានអ្នកគាំទ្រដល់ទៅ១លាននាក់ចូលទស្សនាវីដេអូផ្សព្វផ្សាយខ្សែភាពយន្តមួយនេះ នៅក្នុងទំព័រហ្វេកប៊ុករបស់ផលិតកម្មRed Picture។
គួរបញ្ជាក់ផងដែរថា រឿង សង្សារខ្ញុំក្រមុំកូន១ ជាខ្សែភាពយន្តទី៣របស់ផលិតកម្មRed Picture បន្ទាប់ពីរឿងទង់ព្រលឹង និងភូមិអត់មនុស្ស ដែលមានលក្ខណពិសេសប្លែកពីរឿងមុនៗដោយសាររឿងនេះមានការចូលរួមសម្តែងពីកុមារា តួ ដែលជាកូនប្រុសរបស់លោកពាក់មី។
រឿងនេះមានការចូលរួមពី លោក ជា វណ្ណារិទ្ធ អ្នកនាង សារាយ សក្ខណា នាយគ្រឿង និងតារាកំប្លែងជាច្រើនរូបទៀត រីកឈុតឆាកក្នុងរឿងមានការវាយតប់ បាញ់ប្រហារ ស៊ើបអង្កេត កំប្លុកកំប្លែងស្នេហារវាងបងប្អូន២នាក់ដែលលួចស្រលាញ់មេម៉ាយម្នាក់រួមគ្នា។
ចែករំលែកព័តមាននេះ