ខេត្តកណ្ដាល ៖ បុរសវ័យកណ្ដាលម្នាក់ត្រូវបានឃាតករបាញ់សម្លាប់កាលពីព្រព្រលប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចសាលាសំណាក់ ត្រង់រង្វង់មូលភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនរងគ្រោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ អាចសង្ស័យជាជនបរទេស អាយុប្រមាណ៤០ឆ្នាំ ។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងប្រមាណ៤ និង៣០នាទីរសៀល គេបានឃើញមានមនុស្សមួយក្រុមមានគ្នា៣-៤នាក់ទៅឈប់រថយន្តជជែកគ្នានៅសាលាសំណាក់ ត្រង់រង្វង់មូលភូមិកោះខ្នុរ ។ មួយសន្ទុះក្រោយមកស្រាប់តែកើតមានអំពើបាញ់ប្រហារសម្លាប់មនុស្សម្នាក់ចោលសាកសពនៅទីនោះ ហើយគេបានឃើញរថយន្តម៉ាក់ Vista ពណ៌ការ៉ុត ស្លាកលេខ ៧៩២៥ មួយគ្រឿងបើកគេចខ្លួនបាត់ទៅ ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្តង ។ បន្តិចក្រោយមកក៏មានព័ត៌មានថា រថយន្តនោះត្រូវបានសមត្ថកិច្ចឃាត់បាននៅស្រុកបាទី ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា សមត្ថកិច្ចឃាត់ចាប់បានតែរថយន្តទេ ខ្មាន់កាំភ្លើងបានរត់អស់ហើយ ទោះយ៉ាងណាក្ដីកម្លាំងកងរាជអាវុធសហការជាមួយនគរបាលមូលដ្ឋាន កំពុងតាមប្រមាញ់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ