រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនមិត្តហ្វូន និងក្រសួងអប់រំ យុវជន និងកីឡា បានសហការគ្នា ដើម្បីជួយដល់វិស័យអប់រំ ជាពិសេសផ្នែកបច្ចេកវិទ្យាព័ត៌មាន និងអ៊ីនធើរណេត។ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Nguyen Thanh Nhuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី «កម្មវិធីអ៊ីនធើរណេតតាមសាលារៀន» កាលពីរសៀលថ្ងៃទី៥ កក្កដា ២០១៦។
តាមរយៈកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំនេះ ក្រុមហ៊ុននឹងផ្តល់សេវាកម្មវិធីអ៊ីនធើរណេតល្បឿនលឿនដោយមិនគិតកម្រៃនៅតាមសាលារៀន សាធារណៈ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យរដ្ឋនិងអង្គភាពរដ្ឋបាលអប់រំថ្នាក់ជាតិ និងក្រោមជាតិនៅទូទាំងប្រទេស។
លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីអ៊ីនធើរណេតតាមសាលារៀន នឹងផ្តល់ឱកាសដល់ក្រសួងអប់រំ យុវជន និងកីឡា អាចមានលទ្ធភាពចែករំលែកធនធានបង្រៀន និងផ្តល់ការសិក្សាតាមបណ្តាញអ៊ីនធើរណេតបានយ៉ាងទូលំទូលាយ។ សិស្សានុសិស្ស និស្សិតនឹងមានជម្រើស និងមានភាពបត់បែនច្រើនជាងមុនសម្រាប់ឱកាសសិក្សារៀនសូត្រលើបណ្តាញដោយមិនគ្រាន់តែរង់ចាំការសិក្សារៀនសូត្រនៅតាមថ្នាក់ក្នុងសាលារៀនទៀតទេ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា បច្ចេកវិទ្យាអ៊ីនធើរណេតល្បឿនលឿននឹងដើរតួនាទីដ៏មានសក្តានុពលមួយផងដែរ សម្រាប់ការអភិវឌ្ឍន៍ជំនាញសមត្ថភាពសតវត្សទី២១។ កម្មវិធីនេះ នឹងជួយព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅសម្រេចបានគោលដៅសង្គមប្រកបដោយពុទ្ធិ និងការអប់រំអេឡិចត្រូនិក ដែលនឹងរួមចំណែកកាត់បន្ថយគម្លាតឌីជីថលរបស់កម្ពុជាក្នុងតំបន់ និងលើពិភពលោក។
គំនិតផ្តួចផ្តើមថ្មីរបស់មិត្តហ្វូនត្រូវទទួលស្គាល់ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខដែលបានបង្ហាញនូវចក្ខុវិស័យដ៏មុតមាំក្នុងការវិនិយោគលើវិស័យអប់រំ ដោយបាននាំយកនូវបច្ចេកវិទ្យាទំនើបបំផុតរបស់ពិភពលោកមកកម្ពុជា និងផ្តល់ឱកាសដ៏មហិមាដល់យុវជនកម្ពុជាជំនាន់ថ្មី ដែលនឹងក្លាយជាអ្នកដឹកនាំកម្ពុជានាពេលអនាគត សម្រេចបាននូវសក្តានុពលរបស់ខ្លួន។
កម្មវិធីនេះ គឺជាជំហានចាប់ផ្តើមនៃការប្រើប្រាស់ចំណេះដឹង និងជំនាញបច្ចេកវិទ្យាព័ត៌មាន ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង។ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំជិត១លាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ។
លោក Nguyen Thanh Nhuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា មិត្តហ្វូននឹងខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងលើកស្ទួយវិស័យអប់រំនៅកម្ពុជា ហើយនឹងព្យាយាមធ្វើយ៉ាងណាពង្រីកបណ្តាញអ៊ីនធើរណេតនៅតាមសាលារៀនឱ្យបានទូទាំងប្រទេស៕
ចែករំលែកព័តមាននេះ