រាជធានីភ្នំពេញ ៖ តាមការបញ្ជាក់ពីតំណាងក្រុមហ៊ុនឆ្នោតខ្មែរបានឱ្យដឹងថា ខណៈពេលកំណើននៃការលក់ឆ្នោតខ្មែរនៅតាមបណ្ដាខេត្ត និងនៅរាជធានីភ្នំពេញ កាន់តែច្រើនឡើង ហើយដើម្បីសម្រួលដល់អ្នកទិញឆ្នោតផ្សងសំណាងទឹកប្រាក់ដ៏ច្រើន ក្រុមហ៊ុនបានប្រកាសស្វែងរកភ្នាក់ងារលក់ឆ្នោតខ្មែរជាច្រើនកន្លែងទៀត ដោយមិនកំណត់ចំនួន និងមិនតម្រូវឱ្យមានការតម្កល់ប្រាក់នៅក្រុមហ៊ុនឡើយ ។
នៅក្នុងឱកាសចែករង្វាន់ដល់អតិថិជនរបស់ខ្លួនដែលឈ្នះ៣០លានរៀលពីក្រុមហ៊ុនឆ្នោតខ្មែរ កាលពីថ្ងៃទី៤ កក្កដា ២០១៦ នៅការិយាល័យកណ្ដាល លោក ពេជ្រ ចិត្ត្រា នាយកប្រតិបត្តិក្រុមហ៊ុនឆ្នោតខ្មែរ បានឱ្យដឹងថា ដោយសារក្រុមហ៊ុនឆ្នោតខ្មែរទទួលបានការគាំទ្រពីប្រជាជនខ្មែរ និងដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនអ្នកលេងឆ្នោតក្នុងការទិញឆ្នោតខ្មែរ និងមកបើករង្វាន់ដែលត្រូវពីការលេងឆ្នោតខ្មែរ ។ លោកបន្តថា ថ្វីត្បិតតែអាយុកាលនៃឆ្នោតខ្មែរទើបតែមានរយៈពេល៧ខែ ប៉ុន្តែសន្ទុះនៃអ្នកលេងឆ្នោតខ្មែរ និងអ្នកត្រូវរង្វាន់ក៏ច្រើនពីមួយខែទៅមួយខែ ដែលតម្រូវឱ្យក្រុមហ៊ុនឆ្នោតខ្មែរត្រូវបន្តខិតខំពង្រឹង និងពង្រីកការលក់ឆ្នោតឱ្យបានទូលំទូលាយ ។ ចំពោះភ្នាក់ងារដែលក្រុមហ៊ុនប្រកាសស្វែងរកនៅពេលនេះ មិនកំណត់ចំនួននោះទេ ច្រើនកាលណាល្អកាលហ្នឹង ។
លោកបញ្ជាក់ថា ឆ្នោតខ្មែរជាក្រុមហ៊ុនស្របច្បាប់ក្នុងការលក់ និងផ្សព្វផ្សាយឆ្នោតនៅកម្ពុជា ។ ក្រុមហ៊ុនឆ្នោតខ្មែរ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ជាមួយសហគមន៍ និងអាជ្ញាធរខេត្ត ។ ជាក់ស្ដែង ក្រុមហ៊ុនបានធ្វើពិធីមនុស្សធម៌ជាច្រើនដូចជា ផ្ដល់អំណោយអង្ករចំនួន៣តោនដល់ប្រជាពលរដ្ឋទីទ័លក្រ និងរងគ្រោះដោយមហន្តរាយ នៅខេត្តតាកែវ អំណោយមនុស្សធម៌ដល់ពលរដ្ឋក្រីក្រចំនួន១០០គ្រួសារនៅខេត្តព្រៃវែង និងសកម្មភាពជាច្រើនទៀតជាមួយអាជ្ញាធរក្នុងមូលដ្ឋានតាមខេត្តផ្សេងៗផងដែរ ។
គួរបញ្ជាក់ថា ដើម្បីឱ្យការលេងរបស់អតិថិជនកាន់តែមានភាពងាយស្រួល កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុនឆ្នោតខ្មែរបានបើកឱ្យមានការទិញឆ្នោតតាមប្រព័ន្ធអនឡាញបានទៀតផង ខណៈកំណើនអ្នកប្រើប្រាស់អីុនធើរណេត និងស្មាតហ្វូនកាន់តែច្រើន ៕
ចែករំលែកព័តមាននេះ