ខេត្តស្វាយរៀង ៖ ក្របីចំនួន៣ក្បាល ក្នុងនោះមានមេពីរក្បាល និងកូនឈ្មោល១ក្បាលដែលចោរលួចយកទៅលក់នៅប្រទេសវៀតណាម ត្រូវទាហានប៉ុស្តិ៍ការពារព្រំដែនវៀតណាម ចាប់បាននិងប្រគល់ឱ្យប្រជាពលរដ្ឋវិញ កាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០១១ វេលាម៉ោង២រសៀល នៅប៉ុស្តិ៍ទាហានការពារព្រំដែនវៀតណាមលេខ៨៣៩ ។
លោកអនុសេនីយ៍ទោ សៅ វណ្ណា ប្រធានប៉ុស្តិ៍ការពារព្រំដែនកម្ពុជាច្រកបាត់ត្រាស់ ឃុំដូង ស្រុករមាសហែក បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី២៨ ឧសភា វេលាម៉ោងប្រមាណជា២រំលងអធ្រាត្រ មានចោរចូលលួចក្របីចំនួន៣ក្បាលរបស់ពលរដ្ឋឈ្មោះប៊ុន សាវ៉ាត់ អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះទេព មុំ អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងរុនទី៣ ឃុំចន្ត្រី ស្រុករមាសហែក ហើយដឹកឆ្លងកាត់មកឃុំកំពង់ត្រាច ចូលមកឃុំដូង ។ លុះនៅថ្ងៃទី២៩ ឧសភា វេលាម៉ោង៤រសៀល ក្រុមចោរបានដឹកក្របីឆ្លងដែនចូលប្រទេសវៀតណាម ហើយត្រូវទាហានការពារព្រំដែនវៀតណាម ចាប់បាននៅចំណុចកំពង់ចម្លងរ៉ូទែរ ភូមិរ៉ូទែរ ឃុំបៀងយឺយ ស្រុកចូវថាញ់ ខេត្តតៃនិញ ។
លោកសៅ វណ្ណា បន្តទៀតថា ដោយសារម្ចាស់ក្របីបានប្តឹងមេភូមិទាំងយប់ ក៏មានការប្តឹងបន្តមកប៉ុស្តិ៍រដ្ឋបាលឃុំ និងអធិការដ្ឋាននគរបាលស្រុករមាសហែក និងប៉ុស្តិ៍ការពារព្រំដែនបាត់ត្រាស់ ទើបមានការសហការជាមួយទាហានការពារព្រំដែនវៀតណាមប៉ុស្តិ៍លេខ៨៣៩ ពួនស្ទាក់ចាប់បានចោរលួចក្របីនោះ។ ពេលភាគីវៀតណាមពួនស្ទាក់ចាំចាប់នោះ គឺជនល្មើសជាជនជាតិវៀតណាមឈ្មោះត្រឹង វ៉ាន់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិភឿកទុង ឃុំភឿកយិន ស្រុកចូវថាញ់ ខេត្តតៃនិញ កំពុងដឹកក្របីទាំង៣ក្បាលហែលឆ្លងទឹកទន្លេចូលទៅប្រទេសវៀតណាម ត្រង់ភូមិរ៉ូទែរ ។
ដោយដឹងថាសមត្ថកិច្ចស្ទាក់ចាប់ ជនល្មើសបានរត់គេចខ្លួនរហូតដល់ម៉ោង៩យប់ថ្ងៃដដែល ទើបចាប់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅសមត្ថកិច្ចវៀតណាម រីឯក្របីត្រូវភាគីវៀតណាមយកទៅរក្សាទុកនៅប៉ុស្តិ៍លេខ៨៣៩ រហូតដល់ថ្ងៃទី៣១ ឧសភា ឆ្នាំ២០១១ វេលាម៉ោង២រសៀល ទើបអញ្ជើញសមត្ថកិច្ចកម្ពុជាធ្វើការប្រគល់ឱ្យប្រជាពលរដ្ឋវិញ ។ ចំពោះមុខសញ្ញាជាជនសង្ស័យលួចក្របីពលរដ្ឋខ្មែរទៅលក់ឱ្យវៀតណាមនោះ សមត្ថកិច្ចបានស្គាល់មុខសញ្ញាហើយ និងកំពុងសុំដីកាស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ