រាជធានីភ្នំពេញ ៖ អាចជាបទពិសោធន៍មួយសម្រាប់យុវតី និងយុវជន ជាពិសេសអ្នកធ្វើមុខជំនួញសម្រាប់សិក្សាស្វែងយល់ពីឱកាសធ្វើឲ្យមានជីវិតជោគជ័យលើមុខជំនួញប្រចាំថ្ងៃ។
យ៉ាងណាមិញ កញ្ញាស្រីស្អាត យឹម ល័ក្ខ បានផ្តើមប្រែជីវិតអាចឈ្នះលើមុខរបរអាជីពប្រកបដោយភាពឈ្លាសវៃដោយចំណាយទុនពីដំបូងតែប្រាក់១៨ដុល្លារតែប៉ុណ្ណោះ។
ក្នុងជំនឿជឿជាក់ក្នុងមុខរបរ ហើយកាន់តែមានទំនុកចិត្តកញ្ញា យឹម ល័ក្ខ ហៅស្រីល័ក្ខ ដែលកំពុងប្រើស្នាមញញឹមរួសរាយដាក់អតិថិជនដែលកំពុងមកជាវកាបូប ហើយបានឆ្លៀតប្រាប់ពីដំណើរជីវិតខ្លះៗដែលធ្លាប់ជួបប្រទះ ព្រមទាំងបង្ហាញពីវិធីរកស៊ីជូនមហាជនបានជ្រាបផងដែរ។ អ្នកជំនួញមុខស្រស់មើលទៅសមដូចតួកុនកញ្ញា យឹម ល័ក្ខ បានថ្លែងថា ហាងរបស់នាងមានឈ្មោះ «LEAK KON KAT » Fashion Shop ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៤៣ ផ្លូវ៤៤ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ឬហួសផ្សារស្ទឹងមានជ័យចាស់ដល់ហាងសាំងតេឡាបត់ស្តាំចម្ងាយ៥០០ម៉ែត្រ នឹងឃើញទីតាំងហាងរបស់នាង។ ថៅកែរូបនេះថ្លែងទៀតថា បើនិយាយពីចំណេះវិជ្ជាវិញ នាងរៀនបានតិចណាស់ត្រឹមថ្នាក់ទី៨ ហើយបើគិតរឿងគ្រួសារ គឺខ្សត់ណាស់ពិបាករស់នៅខ្វះខាតរហូត។ ម្ល៉ោះហើយនាងក៏ឈប់រៀន ហើយចេញរកស៊ីធ្វើការដោយធ្លាប់ឆ្លងកាត់ជាអ្នករត់តុនៅសណ្ឋាគារកាំបូឌីយ៉ាណាប៉ុន្មានឆ្នាំដែរ ទាំងខ្លួននៅក្មេង ហើយធ្លាប់ធ្វើឲ្យកំពប់អាហារលើភ្ញៀវ ហើយត្រូវគេស្តីឲ្យញឹកញាប់ ក៏ព្រោះតែយើងនៅតូចពេកអាយុ១៥ឆ្នាំ រួចក៏ប្តូរទៅបម្រើការងារនៅតាមហាងលក់ស៊ុបបន្តទៀត។ ដោយមើលឃើញថា ការងារបម្រើគេចាំតែបានប្រាក់ខែចុងខែ គឺមិនគ្រប់ឡើយ ហើយចេះតែតស៊ូទ្រាំ រហូតនឹងបានគិតថា ប្រសិនបើថ្ងៃណាមួយមានដើមទុននាងនឹងប្រើមធ្យោបាយរកស៊ីដោយខ្លួនឯងវិញម្តង។
អ្នករកស៊ីហើយឆ្លាត និងរូបរាងស្អាតមុខដូចកូនកាត់បារាំងរូបនេះ ឲ្យដឹងទៀតថា មុននឹងនាងបានបើកហាងរកស៊ីលក់កាបូបនេះ គឺធ្លាប់លក់គ្រឿងឡេ តែមិនសមប្រកបឡើយ ក៏ចេះតែគិតថា ធ្វើអីបន្តទៀតក្នុងមុខរបរ។ ក្រោយពីបរាជ័យមុខជំនួញលក់គ្រឿងឡេ ក៏ដាច់ចិត្តលក់កាបូបតាមអនឡាញ ដោយពេលនោះគ្មានដើមទេ គឺខ្ចីកាបូបពួកម៉ាកតមមួយពីដើមគេលក់ឲ្យតែ១៨ដុល្លារ ហើយនាងផ្សាយតាមអនឡាញចាប់ពី២៤ទៅ២៥ដុល្លារលក់ដាច់ឲ្យដើមគេប្រាក់ចំណេញសន្សំទុក។ លុះនាងខំដ្បិតត្បៀតមិនហ៊ានចំណាយទៅណា ក៏សន្សំប្រាក់ចំណេញពីការលក់កាបូបម៉ាកប្រេនៗបានសល់ដើមទុនប៉ុន្មានរយដុល្លារ ក៏ចាប់បើកលក់ខ្លួនឯងតាមអនឡាញ មានរបស់ទុកត្រៀមឲ្យភ្ញៀវហូរហែមករហូតបានបើកជាហាងល្មមមួយដូចសព្វថ្ងៃនេះ។
យ៉ាងណាមិញហាងរបស់នាងមានដោយខ្លួនឯងនេះ មានផលិតផលលក់ដុំ និងរាយ កាបូប នាឡិកា ខោអាវ បុរសនារីទាន់សម័យគ្រប់ប្រភេទ។ កាក់កបជាងគេ គឺកាបូបម៉ាកមកពីស្រុកគេ មានមកពីហុងកុង និងប្រទេសថៃ ដោយនាងមានលក់នៅក្នុងហាងផង និងលក់តាមប្រព័ន្ធអនឡាញផង ។ ជាការកត់សម្គាល់ទំនិញលក់តាមអនឡាញ គឺដាច់ស្ទើរតែ១០០% ឯរបស់លក់នៅក្នុងហាងបានប្រមាណជា៧០% ព្រោះយើងទើបតែបើកហាងនៅទីតាំងខាងលើនេះ ប្រមាណជាជាង១ខែប៉ុណ្ណោះ។ ជាគោលដៅនាងមានគំនិតចង់ពង្រីកសាខាបន្តបន្ទាប់ទៀតនៅតាមបណ្តោយផ្លូវធំៗ និងផ្លូវដែលមមាញឹក និងចរាចរណ៍ ហើយដាក់ម៉ូដផលិតផលល្បីៗលំដាប់ពិភពលោក ឬចង់ជាវម៉ាកល្បីពីស្រុកគេផ្តាច់មុខទៀតផង។
ក្នុងពេលដែលជីវិតបានសភាពប្រសើរជាងមុនបន្តិចនេះ នាងតែងតែនឹកគិតពីអតីតកាល គឺលំបាកណាស់ ហើយក៏មិនសមបានប្រែវាសនាដូចសព្វថ្ងៃទេ បើនិយាយរឿងចំណេះ គឺតិចតួចទៀត គ្រួសារក៏ក្រមិនដឹងពឹងលើអ្នកណា ដ្បិតតែជាកូនអ្នកភ្នំពេញមែន។ ស្របពេលជាមួយគ្នានេះ នាងក៏មិនភ្លេចដល់អ្នកដែលជួយឲ្យយោបល់បង្ហាត់បង្ហាញពីរបៀបរកស៊ីឲ្យនាងមានបទពិសោធន៍ ដូចជាមិត្តភក្តិទាំងឡាយដែលសុទ្ធតែជាអ្នកមានមុខរបររកស៊ីលើជំនួញអនឡាញ បានជួយណែនាំ និងជួយនាងតាំងពីដំបូងមក គឺជារឿងមួយនាងមិនអាចភ្លេចបាន។ ដោយស្ថិតក្នុងផ្លូវមួយលើរបររកស៊ី នាងនិងខំព្យាយាមបន្តទៀតលើជំនួញនេះ ទោះហត់នឿយក៏នាងមិនស្តាយដែរ ហើយរាល់របស់របរដែលនាងលក់សព្វថ្ងៃនេះ គឺពិតជាអាចទទួលយកបាន យើងមានតម្លៃសមរម្យ មិនដល់ថ្នាក់អ្នកល្មមៗមិនហ៊ានចូលហាងនាងឡើយ គឺមានគ្រប់តម្លៃប្រសិនបើមកជាវ។
ចែករំលែកព័តមាននេះ