ខេត្តសៀមរាប ៖ រថយន្តវីហ្គោពណ៌ត្រេអ៊ីមួយគ្រឿង បានធ្លាក់ប្រឡាយត្រង់ចំណុចផ្លូវកោង បណ្តាលឱ្យខ្ទេចផ្នែកខាងមុខទាំងស្រុង ក្រោយពីមានភ្លៀងធ្លាក់មួយមេ ស្ថិតនៅចំណុចក្បែររង្វង់មូលផ្លូវ៦០ម៉ត្រអង្គរឃ្យុងយូរ កាលពីម៉ោង០៤ និង៤៥នាទីរសៀលថ្ងៃទី២៩ ឧសភា ២០១៦ ។
បើតាមសាក្សីដែលឃើញហេតុការណ៍ឱ្យដឹងថា មុនកើតហេតុ មានភ្លៀងធ្លាក់មួយមេទើបនឹងរាំងបានបន្តិច ស្រាប់តែឃើញរថយន្តខាងលើ ពាក់ស្លាកលេខខេមរភូមិន្ទ២-៧៣៣៣ បើកបរមកពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលនោះ មានម៉ូតូមួយគ្រឿងនៅពីមុខ ស្រាប់តែរថយន្តនោះឡើងវ៉ាក៏ជ្រុលចង្កូតទៅខាងប្រឡាយទាំងកំរាល ប៉ុន្តែមិនបណ្តាលឱ្យមានរបួសទេ ។
ក្រោយពីធ្លាក់ចូលប្រឡាយហើយ ម្ចាស់ចេញមកពីក្នុងរថយន្តស្រែកជេរឱ្យម៉ូតូដែលនៅពីមុខនោះថា «ម៉េចអ្ហែងបើកម៉ូតូមិនព្រមជិះកៀនផ្លូវ តែម៉ូតូបានជិះទៅបាត់ហើយ នៅស្រែកតែម្នាក់ឯង បង្កឱ្យមានអ្នកចោមរោមមើលពេញផ្លូវ និងបណ្តាលឱ្យកកស្ទះចរាចរមួយសន្ទុះ ទើបឃើញសមត្ថកិច្ចចរាណ៍មកដល់អន្តរាគមន៍ ។
បើតាមប្រភពពីសមត្ថកិច្ចចរាចរណ៍បានប្រាប់នៅល្ងាចថ្ងៃទី២៩ ឧសភា ថា អ្នកបើករថយន្តពណ៌ត្រេអ៊ី មានសភាពក្អេងក្អាង មិនចង់និយាយជាមួយសមត្ថកិច្ចទេ ។ ប្រភពបន្តថា ម្ចាស់រថយន្តបាននិយាយបន្ថែមថា ចំពោះរថយន្តរបស់គេចេះដោះស្រាយហើយ មិនបាច់ខាងសមត្ថកិច្ចមកជួយដោះស្រាយទេ ចាំគេរករថយន្តស្ទូចចេញដោយខ្លួនឯង មិនបាច់រំខានសមត្ថកិច្ចទេ ។
ប្រភពបានបញ្ជាក់បន្ថែមថា បន្ទាប់ពីសួរនាំរួច កម្លាំងជំនាញបានសួរឈ្មោះ ប៉ុន្តែម្ចាស់រថយន្តពណ៌ត្រេអ៊ីនោះ ពាក់ស្លាកលេខ ខេមរភូមិន្ទ ២.៧៣៣៣ បើកបរមកពីកើតមកលិច បម្រុងបត់ទៅជើង បានឡើងវ៉ាម៉ូតូមិនប្រយ័ត្នក៏ជ្រុល ហួសធ្លាក់ទៅប្រឡាយ នៅពីខាងកើត ឈាងខាងជើងផ្លូវ៦០ម៉ែត្រ បានប្រាប់ថា មិនបាច់យកឈ្មោះខ្ញុំធ្វើអីទេ ព្រោះខ្ញុំបើកធ្លាក់ប្រឡាយដោយខ្លួនឯង មិនបានទៅបុកជាមួយអ្នកណា ឱ្យរបួសនោះទេ ពេលនោះសមត្ថកិច្ចក៏ដកខ្លួនចេញពីកន្លែងកើតហេតុនោះអស់ទៅ ៕
ចែករំលែកព័តមាននេះ