រាជធានីភ្នំពេញ ៖ ដើម្បីអបអរសាទរដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្រុមហ៊ុនខេធីអឹម បាននាំក្រុមអ្នកជិះម៉ូតូ Duke របស់ខ្លួនធ្វើដំណើរក្នុងទីក្រុងភ្នំពេញ ក្រោមប្រធានបទ «បេសកកម្មសំអាតទីក្រុង» ដោយបានដើររើសសំរាមនៅរមណីយដ្ឋានវត្តភ្នំ និងនៅបរិវេណមុខព្រះបរមរាជវាំងកាលពីរសៀលថ្ងៃទី១៣ ឧសភា ដោយមានអ្នកជិះម៉ូតូ Duke ជាង៧០នាក់។
តំណាងក្រុមហ៊ុនខេធីអឹ មបានឱ្យដឹងថា «ក្រុមហ៊ុនខេធីអឹម បង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងចូលរួមបំផុសសកម្មភាព លើកស្ទួយដល់ការសំអាត និងស្រលាញ់បរិស្ថានទៅដល់ពលរដ្ឋកម្ពុជាទាំងអស់នៅក្រុងភ្នំពេញ មិនត្រឹមតែប៉ុណ្ណោះ យើងចង់បង្ហាញពីការជិះម៉ូតូនៅលើដងផ្លូវ ដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបានសុវត្ថិភាពក្នុងពេលធ្វើដំណើររបស់អ្នកបើកបរគ្រប់រូប» ។
តំណាងក្រុមហ៊ុនបន្តថា «ក្រុមម៉ូតូ Duke ធ្វើដំណើរចាប់ពីហាងម៉ូតូខេធីអឹមសាខាអូឡាំពិក ឆ្ពោះទៅកាន់រមណីយដ្ឋានវត្តភ្នំ តាមបណ្តោយផ្លូវព្រះមុនីវង្ស ដែលនេះជាក្បូនដង្ហែជាក្រុម ដើម្បីសំអាតទីក្រុងរបស់យើង បន្ទាប់ពីសំអាតនៅបរិវេណរមណីយដ្ឋានវត្ត ក្រុមម៉ូតូរបស់យើងនិងបន្តដំណើរឆ្ពោះទៅកាន់ព្រះបរមរាជវាំង ដើម្បីសំអាតនៅបរិវេណសួនច្បារខាងមុខនោះផងដែរ ។ បន្ទាប់ពីបេសកម្មសំអាតទីក្រុងបានបញ្ចប់ក្រុមហ៊ុនខេធីអឹម បានជប់លៀងជួបជុំសមាជិកគ្រួសារខេធីអឹម ដើម្បីជាលើកទឹកចិត្ត ក៏ដូចជាថ្លែងអំណរគុណដល់ក្រុមគ្រួសារខេធីអឹមទាំងអស់ដែលបានចូលរួមយ៉ាងមោះមុតក្នុងការថែរក្សាបរិស្ថានរបស់យើងរាល់គ្នា» ៕
ចែករំលែកព័តមាននេះ