នៅថ្ងៃសៅរ៍ ទី7 ឧសភា 2016 នេះ មូលនិធិអង្គរដែលជាមូលនិធីមួយដែលបានបង្កើតឡើងដោយក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ (ស្រាបៀរអង្គរ) បានចេញយុទ្ធនាការចែកទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកសម្រាប់ទទួលទាន និងប្រើប្រាស់ ក្នុងខណៈពេលដែលខេត្តក្រុងស្ទើរតែទាំងស្រុងរបស់កម្ពុជា កំពុងទទួលរងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ។
អ្នកស្រី ប៊ួយចាន់សុធា ប្រធានមូលនិធិអង្គរបានឲ្យដឹងថា មូលនិធិអង្គរ ក៏ដូចជាក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ ព្រមទាំងក្រសួងឧស្សាហកម្ម និងសិប្បកម្ម យល់ច្បាស់ពីទុក្ខលំបាកមួយនេះ បានរិះរកមធ្យោបាយផ្សេងៗ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះជាបន្ទាន់។ ជាលទ្ធផលមូលនិធិបានសម្រេចបង្កើតឲ្យមានគណៈកម្មការចែកទឹកជូនប្រជាពលរដ្ឋ ដោយបែងចែកជាពីរដំណាក់កាល។
ក្នុងដំណាក់កាលទីមួយ ប្រើប្រាស់រថយន្តដឹកទឹកចំនួន 20គ្រឿង ស៊ីទែនស្តុកទឹក110គ្រឿង ដើម្បីធ្វើការចែកចាយទឹកជូនប្រជាពលរដ្ឋ ។ ថ្ងៃនេះយើងចេញដំណើរទៅកាន់ខេត្តចំនួន3 គឺខេត្តកំពង់ស្ពឺ មានចំនួន3ស្រុក គឺស្រុកគងពិសី ស្រុកភ្នំស្រួច និងស្រុកបរសេដ, ខេត្តកំពតដែលមានចំនួន6ស្រុក រួមមានក្រុងកំពត ទឹកឈូ កំពង់ត្រាច ដងទង់ អង្គរជ័យ និងខេត្តកែប ដែលមានចំនួន២ស្រុក រួមមានក្រុងកែប និងដំណាក់ចង្អើរ និងបន្តទៅបណ្តាខេត្តផ្សេងទៀតនៅទូទាំងប្រទេស ។ ដោយឡែកនៅដំណាក់កាលទី2 មូលនិធិនឹងការចែកចាយទឹកបរិសុទ្ធរហូតដល់គ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងដំណាក់កាលទី2 នេះ មូលនិធិអង្គរនឹងធ្វើការចែកចាយទឹកពិសាចំណុះ1.5L =20 ម៉ឺនកេស ជំនួសឲ្យការប្រើប្រាស់ធុងស្តុកទឹក។
គួររំលឹកផងដែរថា មូលនិធិអង្គរ គឺជាមូលនិធិរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ក្នុងគោលបំណងលើកកម្ពស់ការអប់រំរបស់សិស្សានុសិស្សដែលមកពីគ្រួសារមានជីវភាពក្រីក្រ ឲ្យបានបន្តការសិក្សារដូចសិស្សដទៃទៀត តាមរយៈការផ្តល់សម្ភារសិក្សា និងសៀវភៅអានដល់សិស្សបឋមសិក្សា ក៏ដូចជាផ្តល់អាហារូបករណ៍ដល់សិស្សពូកែក្រីក្រឲ្យបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សាជាបន្តទៀត។ រហូតមកដល់ពេលនេះ មូលនិធិអង្គរបានផ្តល់សម្ភារសិក្សានុសិស្សជាង៦៩.៩៨៣នាក់ស្មើនឹង១៣០សាលានៅទូទាំងប្រទេស និងបានផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា 400 កន្លែងរួចមកហើយ។
ចែករំលែកព័តមាននេះ