ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់មានដែលគេស្គាល់ថា ជាអ្នកដើរទិញជ្រូកតាមភូមិ ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ ដោយមានស្នាមរយះក្បាលយ៉ាងធំ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី២៣ មីនា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៤ត្រង់ចំណុចភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះសឿន សិដ្ឋ អាយុ២៥ឆ្នាំ ជាជាអ្នកដើរទិញជ្រូក មានទីលំនៅក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីអ្នកអ្នកធ្វើដំណើរបានឱ្យដឹងថា គេឃើញសពជនរងគ្រោះស្លាប់នៅក្បែរដុំថ្មមួយដុំ ដោយមានស្នាមបែកក្បាលរយះយ៉ាងធំ ។ឃើញដូច្នោះ ក៏បានទៅរាយការណ៍ជូនសមត្ថកិច្ចចុះមកត្រួតពិនិត្យ ក្រែងជាករណីពាក់ព័ន្ធនឹងឃាតកម្ម ។
សមត្ថកិច្ចនគរបាលស្រុកសំរោងទងឱ្យដឹងដែរថា បន្ទាប់ពីចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការត្រួតពិនិត្យលើសាកសពបានបញ្ជាក់ថា ការស្លាប់នេះ ពុំមានពាក់ព័ន្ធនឹងករណីឃាតកម្មទេ គឺទំនងជាជនរងគ្រោះស្រវឹងស្រា ហើយជិះម៉ូតូមកដួលនៅកន្លែងកើតហេតុ ទើបបោកក្បាលនឹងដុំថ្ម បណ្តាលឱ្យស្លាប់បែបនេះ ។ មូលហេតុដែលសមត្ថកិច្ចដាក់ការសន្និដ្ឋានបែបនេះ ព្រោះនៅលើខ្លួនសព ពុំមានស្លាកស្នាមអ្វី ក្រៅអំពីការដាច់រលាត់ដោយកូសថ្នល់ឡើយ ហើយម៉ូតូទៀតសោត គឺមានស្នាមដួលអូសនឹងថ្នល់ផងដែរ ។
ចែករំលែកព័តមាននេះ