រាជធានីភ្នំពេញ ៖ កាលពីពេល ថ្មីៗកន្លងមកវីដេអូច្រៀងរាំរំលេចដោយភាពសិចស៊ីរបស់តារាចម្រៀងឆៃលី ដាឡែន លេចឡើងតាមហ្វេសប៊ុក ខណៈនាងកំពុងសម្តែងនៅអាមេរិក។ វីដេអូនោះធ្វើឱ្យឆៃលី ដាឡែន មិនសប្បាយចិត្តទេ ព្រោះវាជារូបភាពចាស់៤ឆ្នាំមុន ហើយចាត់ទុកថាគេចង់ផ្តាច់ជីវិតសិល្បៈនាងសាជាថ្មី ។ រូបភាពវីដេអូនោះនាងឆៃលី ដាឡែន បង្ហាញក្បាច់រាំបទញាក់កន្ត្រាក់អារម្មណ៍ដោយស្លៀកសំពត់ខ្លីត្រឹមគល់ភ្លៅ និងមានសម្រែកហ៊ោកញ្ជ្រៀវពេញវេទិកាចម្រៀងរបស់ទស្សនិកជន។ វីដេអូបែបស្រើបស្រាលរបស់នាងឆៃលី ដាឡែន នោះនាងបញ្ជាក់ថាជាវីដេអូចាស់តាំងពី៤ឆ្នាំមុន។
កាលពីថ្ងៃទី១ មីនា ២០១៦ ឆៃលី ដាឡែនបានឆ្លើយឆ្លងជាមួយអ្នកយកព័ត៌មានកោះសន្តិភាពថា «នោះជារូបភាពគេកំពុងវាយប្រហារចង់ឲ្យខ្ញុំបិទអាជីពទាំងស្រុងហើយបានជា សុខៗបង្ហោះរូបនោះតាំងពី៤ឆ្នាំមុន ឲ្យឆេះឡើងវិញគ្រាដែលនាងខ្ញុំកំពុងសម្តែងនៅអាមេរិក ។ អ្នកដែលលួចយករឿងចាស់នោះមកបើកកកាយមិនដឹងជាមានបំណងអ្វី ឬចង់ផ្ចាញ់នាងខ្ញុំក្នុងប្រការអ្វីនោះទេបានជា សុខៗបែរជាធ្វើរឿងនេះទាំងនាងខ្ញុំកំពុងបង្ហាញអត្តចរិតសម្តែងខុសពី៤ឆ្នាំមុន ពិសេសការស្លៀកពាក់។ គេយកវីដេអូចាស់បង្ហោះ ប៉ុន្តែគេអត់យកវីដេអូ ថ្មីៗដែលនាងខ្ញុំកំពុងសម្តែងនាពេលបច្ចុប្បន្នមកបង្ហោះឡើយ ដោយពេលសព្វថ្ងៃនេះឲ្យតែឡើងសម្តែងនាងខ្ញុំគ្រងនូវសម្លៀកបំពាក់មួយក្នុងសភាពសមរម្យ មិន យេៗជ្រុលដូចកាលពីមុនឡើយ ព្រោះនាងខ្ញុំយល់ច្បាស់ណាស់ពីបញ្ហានេះក្រោយជួបរឿងស៊យ៤ឆ្នាំមុន។ ការដែលលើកយករូបភាពចាស់មកបង្ហោះនេះប្រហែលជាគេមានបំណងចង់បំបាក់ទឹកចិត្តនាងខ្ញុំឲ្យលែងដំណើរការក្នុងសិល្បៈ ឬមួយមានបំណងធ្វើឲ្យនាងខ្ញុំដួលមួយគ្រាទៀត និងអាចនិយាយថាចង់បិទផ្លូវក្នុងវិថីសិល្បៈទាំងស្រុងក៏ថាបានដើម្បីកុំឲ្យមានគេហៅច្រៀង ឬឡើងសម្តែងតាមស្ថានីយទូរទស្សន៍នានា ។
នាងខ្ញុំសុំទទូចដល់មហាជនទាំងអស់មេត្តាកុំជឿលើរូបភាពវីដេអូនោះថា ជារូបនាងខ្ញុំសម្តែងក្នុងពេលបច្ចុប្បន្នអ្វី ។ នោះជារូបចាស់ដែលសភាពពិតនាងខ្ញុំបច្ចុប្បន្នបានសម្តែងរាំច្រៀងក្នុងសភាពមួយត្រូវតាមផ្នត់គំនិតនារីប្រើការស្លៀកពាក់សមរម្យ គោរពតាមប្រពៃណីជាតិ ។ នាងខ្ញុំក៏រំពឹងថា ទស្សនិកជនទាំងក្នុង និងក្រៅប្រទេសពិតជាមិនលើករឿងវែងឆ្ងាយពីវីដេអូនោះទេ វាជាអ្វីដែលបំបាក់ទឹកចិត្តនាងខ្ញុំប៉ុណ្ណោះ» ។
អ្នកនាងឆៃលី ដាឡែន បានរៀបការជាមួយតារាសម្តែងវ័យក្មេងជាងនាងរយៈពេលជាង១ឆ្នាំមកហើយ តែនៅមិនទាន់មានផែនការយកកូនទេ ។
ឆៃលី ដាឡែន បានរួមដំណើរជាមួយអ្នកចម្រៀងពីរនាក់ទៀត គឺលោកមាស សាលី និងកញ្ញាលីលី ទៅសម្តែងនៅអាមេរិក ហើយគ្រោងនឹងត្រឡប់មកកម្ពុជាវិញក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច ៕
ចែករំលែកព័តមាននេះ