ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​បរិច្ចាគ​ឈាម​ក្នុងទិវា​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ២០១៦

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ថ្ងៃ​១៤ ​កុម្ភៈ ទិវា​នៃ​ក្តី​ស្រឡាញ់​ខាង​មុខ​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៃ​ក្រសួងសុខាភិបាល សហការ​ជាមួយ​​ក្រុមហ៊ុន​NVC Corporation Vital និង​ស្ថាប័ន​មួយ​ចំនួន​ទៀត នឹង​រៀបចំ​កម្មវិធី «ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់» រឺ «Give Blood Give Love» ។

រាជធានី​ភ្នំពេញ ​៖ ថ្ងៃ​១៤ ​កុម្ភៈ ទិវា​នៃ​ក្តី​ស្រឡាញ់​ខាង​មុខ​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៃ​ក្រសួងសុខាភិបាល សហការ​ជាមួយ​​ក្រុមហ៊ុន​NVC Corporation Vital និង​ស្ថាប័ន​មួយ​ចំនួន​ទៀត នឹង​រៀបចំ​កម្មវិធី «ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់»  រឺ «Give Blood Give Love» ។ 

Give Blood Give Love គឺជា​ប្រធានបទ​នៅ​ក្នុង​យុទ្ធនាការ​បរិច្ចាគ​ឈាម​នៅ​ថ្ងៃ​ទី​១៤ ​កុម្ភៈ ជា​រៀង​រាល់​ឆ្នាំ ហើយ​សម្រាប់​ឆ្នាំ​២០១៦​នេះ​ផង​ដែរ ​។  យុវជន សិស្ស និស្សិត សិល្បៈករ និងប្រជាជន​ទូទៅ ប្រមាណ៦០០​នាក់ នឹង​ចូលរួម​កម្មវិធី​នេះ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម (​ខាងក្នុង​បរិវេណ​នៃ​មន្ទី​ពេទ្យ​ព្រះ​អង្គឌួង​) ចាប់ពី​ម៉ោង ៨:៣០​ព្រឹក ដល់​ម៉ោង៤:00​រសៀល ​។

ឆ្លាត​ក្នុង​ឱកាស​នេះ លោក​វេជ្ជ​. ហុ​ក គឹ​ម​ចេ​ង បាន​បញ្ជាក់​អោយ​ដឹង​ដែរ​ថា ឯកឧត្តម​វេជ្ជ​. ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិ​បាល​បាន​យកចិត្តទុកដាក់ ចំពោះ​ចលនា​របស់​យុវជន សិស្ស និស្សិត ក្នុង​សកម្មភាព​សង្គម ដូច​ជា​ការ​បរិច្ចាគ​ឈាម​ជាដើម​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​មានការ​រៀបចំ​យុទ្ធនាការ​បង្ក​ឲ្យ​យុវជន​បាន​ជួបជុំ​គ្នា បបួល​គ្នា​បរិច្ចាគ​ឈាម និង​កំសាន្ត​ជាមួយ​ការ​រៀបចំ សំដែង​សិល្បៈ និង​ចំរៀង​ជា​ពិសេស​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ២០១៦ នេះ​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។

លោក ជុន​ហៀ​ង ថាវ​សិទ្ធិ ប្រធាន​នាយកដ្ឋាន​ទីផ្សារ​នៃ​ក្រុមហ៊ុន NVC Corporation Vital បាន​បញ្ជាក់​អោយ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ តែងតែ​រីករាយ​ក្នុង​ការ​សហការ​ឧបត្ថម្ភ​គាំទ្រ​រាល់​សកម្មភាព​សប្បុរសធម៌​នៅ​ក្នុង​សង្គម ពិសេស​គឺ​ការ​បរិច្ចាគ​ឈាម​ផ្ទាល់​តែ​ម្តង ដែល​ជា​សកម្មភាព​មនុស្សធម៌ និង​សង្គ្រោះ​ជីវិត​។ ហើយ​វី​តា​ល់​តែងតែ​ស្វែងរក​វិធីសាស្ត្រ​ផ្សេង​ៗ ក្នុង​ការ​បង្កើន​ការ​ចូលរួម​របស់​យុវជន លើ​សកម្មភាព​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដូច​ជា រាល់​ការ​បរិច្ចាគ​ឈាម សប្បុរសជន​បរិច្ចាគ​ឈាម​នឹង​ទទួល​បាន​ទឹក​មួយ​យួរ​ពី​វី​តា​ល់ រួម​ជាមួយនឹង​ថង់យួរ​ក្រណាត់​ដ៏​ស្រស់​ស្អាត​មួយ ដែល​យុវជន​ដែល​ប្រើ​ឡើង​វិញ​បាន​។

ជាង​នេះ​ទៅ​ទៀត ដើម្បី​អោយ​កម្មវិធី​រឹតតែ​មាន​ភាព​អ​ធឹ​ក​អធម វី​តា​ល់​មាន​ឧបត្ថម្ភ ការ​ថតរូប​បាន​ភ្លាម (Selfie Booth) នៅ​ក្នុង​កម្មវិធី សម្រាប់​អ្នកចូលរួម​ទាំងអស់​បាន​ថតរូប​ខ្លួនឯង ហើយ​ទទួល​បានការ​ផ្តិតភ្លាម​ៗ​ដោយ​សេរី​។

គួរ​រ​ម្លឹ​ង​ផង​ដែរ​ថា គោលបំណង​នៃ​យុទ្ធនាការ​បរិច្ចាគ​ឈាម ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​គឺ​៖ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​យុវជន យុវនារី ប្រជា​ជន​ទូទៅ​ចែករំលែក​ក្តី​ស្រឡាញ់​របស់​គាត់​ដោយ​ចូលរួម​បរិច្ចាគ​ឈាម​ជួយ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម​។ ក៏​ដូច​ជា​ដើម្បី​អំពាវនាវ​ឲ្យ​គ្រប់​អង្គភាព ស្ថាប័ន វិស័យ​ឯកជន អង្គការ​ជាតិ និង​អន្តរជាតិ​ចូលរួម​ចំណែក​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដើម្បី​ជំរុញ​លើកកម្ពស់​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម​គ្រ័​ចិត្ត​។

តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​បង្ហាញ​ថា​៖ ឈាម​ប្រមាណ ៥៤,៧៩៣ ប្លោក ទទួល​បាន​ក្នុង​ឆ្នាំ​២០១៥ គឺ​មានការ​កើនឡើង​ច្រើន​ជាង ឆ្នាំ​២០១៤ ចំនួន​៥%​។  ក្នុង​ចំណោម​អ្នក​ផ្តល់​ឈាម​ទាំង​អស់នោះ​គឺ​មាន យុវជន​អាយុ​ពី​១៨​ឆ្នាំ ដល់ ៣០​ឆ្នាំ ប្រមាណ​៦៧%​។ ឈាម ១៥០​ប្លោក ត្រូវការ​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ជួយ​ដល់​ជីវិត​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​នៅ​ទូ​ទាំង​ប្រទេស​។

លោក​វេជ្ជបណ្ឌិត ហុ​ក គី​ម​ចេ​ង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ក៏​បាន​សំដែង​នូវ​សេចក្តី​រីករាយ និង​ថ្លែងអំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​ក្រសួងសុខាភិបាល សាលា​រាជធានី​ភ្នំពេញ សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ស្ថាប័នឯកជន​មួយ​ចំនួន​ដែល​បាន​ចូលរួម​រៀបចំ​កម្មវិធី ដែល​ក្នុង​នោះ​គឺ​មាន​វី​តា​ល់​ដែល​ជា​ដៃគូរ​សហការ​យ៉ាង​ជិត​ស្និត​ផង​ដែរ ។

លោក​វេជ្ជ​. ហុ​ក គឹ​ម​ចេ​ង អំពាវនាវ​ឲ្យ​យុវជន យុវនារី ប្រជាជន​ទូទៅ​អ​ញ្ចើ​ញ​ចូលរួម​បរិច្ចាគ​ឈាម​នៅ​គ្រប់​មជ្ឈមណ្ឌល ជាតិ​ផ្តល់​ឈាម​ខេត្ត​នានា​ហើយ​ជា​ពិសេស​គឺ​នៅ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម (​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​) ក្នុង​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ ឲ្យ​បាន​ច្រើន​កុះករ​។

គួរ​បញ្ជាក់​ផង​ដែរ វី​តា​ល់​ចាប់ផ្តើម​សហការ​ឧបត្ថម្ភ​សកម្មភាព​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​តាំងពី​ឆ្នាំ​២០១១ មក​ម្ល៉េះ​តាម​រយៈ​មូលនិធិ ២៥៛ របស់​វី​តា​ល់​។ ជាង​នេះ​ទៅ​ទៀត​វី​តា​ល់​តែងតែ​គាំទ្រ​សកម្មភាព​មនុស្សធម៌​ផ្សេង​ៗ​នៅ​ក្នុង​សង្គម ជាក់ស្តែង​ការ​ឧបត្ថម្ភ​ថវិការ​ទៅ​កាន់​កាកបាទក្រហមកម្ពុជា មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា កុមារ​កំព្រា គ​ថ្លង់ ការ​ការពារ​បរិស្ថាន និង​សកម្មភាព​យុវជន​ជា​ច្រើន​ផ្សេង​​ទៀត​៕