ខេត្តសៀមរាប ៖ យុវជនចំនួន១៣នាក់ដែលសង្ស័យប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្ដចាប់ខ្លួនជាបន្ដបន្ទាប់កាលពីថ្ងៃទី២៦ និង២៧ ខែមេសា និងចងក្រងសណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដដើម្បីចាត់ការទៅតាមនីតិវិធី ។
មន្ដ្រីប៉ូលិសឱ្យដឹងថា យុវជនទាំង១៣រូបដែលចាប់ខ្លួនព្រោះតែជាប់ពាក់ពន្ធ័ទៅនឹងបញ្ហាគ្រឿងញៀននោះមានពីរនាក់សង្ស័យជាអ្នកចែកចាយគ្រឿងញៀន ឈ្មោះអាន ដាវុធ ហៅធី អាយុ២៩ឆ្នាំ និងឈ្មោះអៀង សុវណ្ណា (ជាប្អូនប្រុសបង្កើតរបស់ឈ្មោះធី) អ្នកទាំងពីរនាក់នេះជាអ្នកចែកចាយ និងជាអ្នកផ្ដល់ទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀនរស់នៅក្នុងភូមិពោធិ៍បុស្ស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។ ចំណែកយុវជនចាប់ខ្លួនចំនួន១១នាក់ផ្សេងទៀតគឺជាអ្នកប្រើប្រាស់ ហើយមិនត្រូវបានបង្ហាញឈ្មោះទេ។
ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប លោកវរសេនីយ៍ភឹង ចិន្ដារ៉េត បានថ្លែងប្រាប់អ្នកកាសែតកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ថា ប្រតិបត្ដការចាប់ខ្លួនក្រុមចែកចាយនិងប្រើប្រាសគ្រឿងញៀនទាំង១៣នាក់នោះធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីលោកសុខ ខេមរិន្ទ ស្នងការរងទទួលបន្ទុកការិល័យកណ្ដាលព្រហ្មទណ្ឌដោយនៅថ្ងៃទី២៦ មេសា នគរបាលបានឃាត់ខ្លួនមនុស្សម្នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនឈ្មោះជឹង គឹមស៊ុន អាយុ៣០ឆ្នាំ ក្នុងចំណោមមនុស្សពី៥ ទៅ៦នាក់ ខណៈកំពុងតែប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀននៅក្នុងដីឡូត៍ទំនេរមួយនៅម្ដុំក្លឹបកំសាន្ដថប់ថោនក្នុងសង្កាត់ស្វាយដង្គំ ។ បន្ទាប់មកឆ្លងតាមការផ្ដល់ចំលើយសមត្ថកិច្ចបានសម្រេចឈានទៅឃាត់ខ្លួនជាបន្ដបន្ទាប់មនុស្សចំនួន១២នាក់ផ្សេងទៀត ដែលមានទាំងអ្នកចែកចាយ និងអ្នកប្រើប្រាស់ រួមទាំងវត្ថុតាងមួយចំនួនទៀត គឺប្រតិបតិ្ដការធ្វើឡើងតាំងពីវេលាម៉ោង១០ព្រឹករហូតដល់ម៉ោង១០យប់ថ្ងៃទី២៧ មេសា ។
តាមប្រភពព័ត៌មានចុងក្រោយដែលត្រូវបានផ្ដល់ជូនដោយសមត្ថកិច្ចឱ្យដឹងថា យុវជនទាំង១៣នាក់ដែលត្រូវបានចាប់ខ្លួននោះនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២៩ មេសា ២០១១ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ ក្នុងរយៈពេលជិតមួយខែចុងក្រោយនេះគឺចាប់ពីថ្ងៃទី៦ មេសា មកទល់នឹងថ្ងៃទី២៨ មេសា ឆ្នាំ២០១១ សមត្ថកិច្ចនគរបាលខេត្ដសៀមរាបបានបំបែកសំណុំរឿងគ្រឿងញៀនបានចំនួន២០ករណីរួចហើយ ដោយក្នុងនោះមានជនសង្ស័យចំនួន៨០នាក់ជាប់ពាក់ពន្ធ័ជាមួយបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀនត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ដ និងឃុំខ្លួននៅក្នុងពន្ធនាគារ ។ នេះបើយោងតាមការប្រាប់របស់វរសេនីយ៍ឯកអ៊ុំ អមរា ស្នងការរងនគរបាលខេត្ដសៀមរាបទទួលបន្ទុកបង្គ្រាបបទល្មើស ។
ដោយឡែកខាងកងរាជអាវុធហត្ថខេត្ដក៏បានបង្ក្រាបបទល្មើសគ្រឿងញៀនច្រើនករណី និងមានជនជាប់ពាក់ពន្ធ័ជាច្រើននាក់ត្រូវចាប់ខ្លួន ប៉ុន្ដែចំនួនពិតប្រាកដ់មិនត្រូវបានទំលាយឱ្យដឹងឡើយ ។ នៅក្នុងប្រតិបត្ដិការនោះដែរសមត្ថកិច្ចក៏បានចាប់ខ្លួនមន្ដ្រីមានតួនាទីធំបង្គួរចំនួនពីរនាក់ផងដែរ បញ្ជូនទៅកាន់តុលាការដោយសារតែជាប់ពាក់ពន្ធ័ជាមួយបញ្ហាគ្រឿងញៀនក្នុងមានឈ្មោះជិន ចាន់ណា ជាមន្ដ្រីប៉ូលិសពាក់ស័ក្ដិ៣មានតួនាទីជានាយកផ្នែកនៃការិយាល័យបង្ក្រាបការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងឈ្មោះឆាយ រ៉ង ជាមន្ដ្រីកងរាជអាវុធហត្ថពាក់ស័ក្ដិ២តួនាទីជានាយផ្នែកស្រាវជ្រាវបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដសៀមរាបដែលពេលនេះត្រូវបានតំណាងអយ្យការបើកការចោទពីបទផ្សំគំនិតទិញលក់គ្រឿងញៀន ៕
ចែករំលែកព័តមាននេះ