ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ឈ្មោះម៉ាត់ សុខអ៊ាង អាយុ៤១ឆ្នាំ រស់នៅភូមិខ្ញូងលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន បានរងរបួស៦កាំបិតលើរាងកាយ និងក្បាល បណ្តាលឱ្យហូរឈាមស្រោចពេញខ្លួន ហើយត្រូវបានក្រុមសាច់ញាតិនាំមកសង្គ្រោះនៅមណ្ឌលសុខភាព តែគ្រូពេទ្យមិនហ៊ានព្យាបាលព្រោះរបួសធ្ងន់ធ្ងរពេក ក៏ដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៥ មេសា ឆ្នាំ២០១១ ដែលបង្កឡើងដោយជនដៃដល់ជាស្ត្រីភេទដូចគ្នារស់នៅក្នុងភូមិ-ឃុំជាមួយគ្នា ។ ទោះបីជាបែបណា កម្លាំងរដ្ឋបាលប៉ុស្តិ៍ឃុំមហាខ្ញូង បានធ្វើអន្តរាគមន៍តាមចាប់ខ្លួនស្ត្រីដៃដល់បានភ្លាមៗផងដែរ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ។
លោកវរសេនីយ៍ត្រី យិត យឿន អធិការនគរបាលស្រុកកោះសូទិន បានឱ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង១រសៀល ថ្ងៃទី២៥ មេសា ស្ត្រីរងគ្រោះឈ្មោះសុខអ៊ាង បានទៅលក់ពងទាកូន និងប្រហិតចៀនរហូតដល់ម៉ោង៦និង៣០នាទីល្ងាចទើបលក់អស់ ហើយបានខ្ចីកង់អ្នកភូមិនៅក្បែរគ្នាជិះទៅទិញថ្នាំពេទ្យយកមកលេប ។ លោកអធិការបានប្រាប់បន្តថា ក្រោយពីខ្ចីកង់បានហើយក៏ជិះមកផ្ទះសិន ដើម្បីងូតទឹកជម្រះកាយ ។ ពេលរួចរាល់ក៏ជិះកង់បំណងទៅផ្ទះលក់ថ្នាំពេទ្យនៅក្នុងភូមិ ពេលជិះដល់មុខផ្ទះស្ត្រីឈ្មោះយា សុខហេង អាយុ៣៥ឆ្នាំ ដែលនៅក្បែរគ្នា ស្រាប់តែស្ត្រីនោះយកកាំបិតមកកាប់ស្ត្រីរងគ្រោះតែម្តង បណ្តាលឱ្យត្រូវក្បាលផ្នែកខាងក្រោយ១កាំបិត កញ្ចឹង.ក១កាំបិត ថ្ពាល់ខាងឆ្វេង១កាំបិត និងដៃខាងឆ្វេង៣កាំបិត ។ ពេលនោះស្ត្រីរងគ្រោះបានស្រែកឱ្យគេជួយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិនាំគ្នារត់មកមើល ហើយស្ត្រីឈ្មោះសុខហេង ក៏បានប្រញាប់ដើរចូលទៅក្នុងផ្ទះវិញ ។
ស្ត្រីរងគ្រោះឈ្មោះម៉ាត់ សុខអ៊ាង បានរៀបរាប់នៅក្នុងមន្ទីរពេទ្យខេត្តថា ហេតុការណ៍ខាងលើនេះគាត់ចំណាំមុខច្បាស់ពីអ្នកកាប់ប្រហារប៉ងសម្លាប់រូបគាត់ ។ ហើយរឿងរ៉ាវកាប់ប្រហារនេះ ត្រូវបានស្ត្រីរងគ្រោះរៀបរាប់ថា គឺជារឿងគំនុំកាលពី២-៣ឆ្នាំមុន ដែលស្ត្រីដៃដល់មានផ្ទះនៅឃ្លាតពីផ្ទះគាត់ប្រហែលជា១០ម៉ែត្រ ធ្លាប់ប្រចណ្ឌរូបគាត់ (សុខអ៊ាង) ជាមួយនឹងប្តីរបស់គេរហូតដល់កើតការប្តឹងប្តល់គ្នា ហើយស្ត្រីឈ្មោះយា សុខហេង ត្រូវបានតម្រូវឱ្យបង់លុយចំនួន៣០ម៉ឺនរៀលមកឱ្យរូបគាត់ដើម្បីបញ្ចប់បញ្ហា ។ គាត់បន្តថា នៅមុនពេលកើតហេតុនាល្ងាចថ្ងៃទី២៥ មេសា គាត់បានកត់សម្គាល់ថា ស្ត្រីឈ្មោះយា សុខហេង តែងតែខាកស្តោះរបៀបមើលងាយគាត់ ដូច្នេះករណីចុងក្រោយនេះគាត់ប្តឹងទាមទារប្រាក់ចំនួន១០លានរៀល និងឱ្យផ្តន្ទាទោសទៅតាមច្បាប់។
ស្ត្រីឈ្មោះយា សុខហេង ដែលសមត្ថកិច្ចឃាត់ខ្លួនបាននិយាយថា នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល៦ល្ងាចខ្លួនបានត្រឡប់មកពីលក់ដូរតាមភូមិ ហើយឱ្យកូនប្រុសឈ្មោះកង សុបិនអាយុ១៣ឆ្នាំ ដាំបាយហូប រួចបានយកលុយទៅសងគេនៅភូមិកណ្តាលខ្ញូង ព្រមទាំងនិយាយ លេងជាមួយម្ចាស់បំណុលអស់រយៈពេលប្រហែលជា៣០នាទី រហូតដល់ម៉ោង៦និង៤០នាទីល្ងាច ទើបត្រឡប់មកផ្ទះវិញ ។ ពេលមកតាមផ្លូវជួបអ្នកភូមិ២នាក់ក៏និយាយគ្នាប្រហែលជា១០នាទីទៀត ទើបត្រឡប់មកផ្ទះ ស្រាប់តែស្ត្រីឈ្មោះម៉ាត់ សុខអ៊ាង ស្រែកចោទគាត់ថា បានកាប់គេឱ្យរបួស ។ ស្ត្រីជាប់ចោទបានស្បថឱ្យស្លាប់១ពូជថាខ្លួនមិនបានកាប់ទៅលើស្ត្រីឈ្មោះម៉ាត់ សុខអ៊ាង នោះឡើយ ព្រោះមានសាក្សីកូន៣នាក់នៅលើផ្ទះមិនបានឃើញខ្លួនចេញទៅណាទេ ។
លោកអនុសេនីយ៍ឯក ម៉ា ចិន្តា អធិការរងនគរបាលស្រុកកោះសូទិន ទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា ក្រោយពីហេតុការណ៍កើតឡើងគេបានរកឃើញថា ស្ត្រីសង្ស័យឈ្មោះយា សុខហេង បានយកខោអាវប្រឡាក់ឈាមទៅបោកគក់ និងកាំបិតប៉័ងតោដែលកាប់លើស្ត្រីរងគ្រោះទៅលាងទឹក ដើម្បីបំបាត់ភស្តុតាងកុំឱ្យអ្នកណាដឹង។ ទោះបីជាមិនសារភាពក្តី ស្ត្រីសង្ស័យរូបនេះត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់វិធានការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ