ខេត្តស្វាយរៀង ៖ កុមារីឈ្មោះនង សុភ័ក្រ អាយុ១៤ឆ្នាំ បានបាត់ខ្លួន ខណៈទៅរៀននៅអនុវិទ្យាល័យដូង មានទីលំនៅភូមិឈើទាល ឃុំដូង ស្រុករមាសរហែក ត្រូវបានយុវជនម្នាក់ឈ្មោះព្រំ សុជា អាយុ២៥ឆ្នាំ នៅភូមិឈើទាលជាមួយគ្នា លួងលោមពង្រត់ចេញពីសាលារៀនកាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០១១ វេលាម៉ោង៧ និង៣០នាទីព្រឹកមិនដឹងថា នាំយកទៅទីណា ។ ពេលនេះអ្នកអាណាព្យាបាលកំពុងស្វះស្វែងរកការជួយដល់កូនស្រីដែលបានបាត់ខ្លួននោះ ។
បើតាមបុរសឈ្មោះនង សុភី អាយុ៤១ឆ្នាំ ដែលត្រូវជាឪពុករបស់កុមារីរងគ្រោះបានប្រាប់កោះសន្តិភាពថា នៅថ្ងៃកើតហេតុ ខាងលើ កូនស្រីរបស់គាត់ឈ្មោះនង សុភ័ក្រ បានស្លៀកពាក់ទៅរៀននៅអនុវិទ្យាល័យ ដូង ដោយសាលានៅជិតផ្ទះក៏ដើរទៅរៀនជាធម្មតា លុះម៉ោង៧ និង៣០នាទីព្រឹកមានគេឃើញឈ្មោះព្រំ សុជា នៅភូមិជាមួយគ្នា បានទៅនិយាយលួងលោមហៅកុមារីរងគ្រោះឱ្យជិះម៉ូតូជាមួយទៅរកអីញ៉ាំ ស្រាប់តែបាត់ឈឹង មិនឃើញត្រឡប់មកចូលសាលារៀនវិញ ។ ដោយមានការសង្ស័យនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ទើបមានគេទៅប្រាប់រូបគាត់ថា គេឃើញឈ្មោះព្រំសុជា មកនិយាយលួងលោមហៅកុមារីឡើងជិះម៉ូតូទៅជាមួយកាលពីព្រឹក ហើយមិនឃើញត្រឡប់មកចូលរៀនវិញទេ ទើបរូបគាត់បានទៅផ្ទះឪពុកម្តាយឈ្មោះព្រំ សុជា សួររកកូនតែឪពុកម្តាយជនសង្ស័យបានឆ្លើយថា គេជិះម៉ូតូចេញពីផ្ទះតាំងពីព្រឹក មិនឃើញត្រឡប់មកវិញមិនដឹងទៅទីណាទេ ពួកគាត់ក៏មិនបានដឹងដែរ ។
រហូតមកដល់ថ្ងៃទី២៧ មេសា ២០១១ វេលាម៉ោង៨ព្រឹក ទើបរូបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តរដ្ឋបាលឃុំដូង និងម៉ោង១រសៀល រូបគាត់បានមកប្តឹងប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលខេត្ត ព្រមទាំងប្តឹងអង្គការ Licadho សុំឱ្យជួយអន្តរាគមន៍ចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ។
លោកសូមអំពាវនាវឱ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកកូនស្រីបញ្ជូនឱ្យរូបគាត់ផង និងចាប់ជនល្មើសយកទៅផ្តន្ទាទោសតាមច្បាប់។ ទាក់ទិនករណីខាងលើ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកមុខសញ្ញាយ៉ាងយកចិត្តទុកដាក់ ទោះបីជនសង្ស័យបានស្រឡាញ់ជនរងគ្រោះ ហើយនាងក៏ស្រឡាញ់ជនសង្ស័យក៏ដោយ ដោយជនរងគ្រោះស្ថិតនៅក្រោមអាយុ១៨ឆ្នាំជាអនីតិជន ដូច្នេះជនល្មើសត្រូវតែមានទោស ៕
ចែករំលែកព័តមាននេះ