ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជាបក្សពួកជនដៃដល់៣នាក់ដែលបានយកច្បូកមុខ៦ (មុននេះស្មានថា មុខ៥) ចាក់ជនរងគ្រោះចំ.កបណ្តាលឱ្យស្លាប់ក្នុងមន្ទីរពេទ្យនោះ ពេលនេះត្រូវបានសមត្ថកិច្ចប៉ូលិសតាមចាប់ខ្លួនបានកាលពីល្ងាចថ្ងៃទី២៧ មេសា រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកជឹម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបានរៀបរាប់ពីដំណើររឿងនៃអំពើហិង្សាបណ្តាលឱ្យមានមនុស្សស្លាប់នេះថា កាលពីយប់ថ្ងៃទី២៦ មេសា ក្នុងភូមិធ្នុកទ្រូ ឃុំធ្នុកទ្រូ ស្រុកបរិបូរណ៍ មានពិធីដាក់ធុងបាស់រាំលេងក្នុងភូមិ ។ ពេលនោះក្រុមផឹកស៊ីម្ខាងដែលជាខ្មែរអ៊ិស្លាម ១-ឈ្មោះគង់ វណ្ណា ហៅទេព អាយុ២៤ឆ្នាំ (ជនដៃដល់) ២-ឈ្មោះគង់ វ៉ាន់នី អាយុ២៦ឆ្នាំ និង៣-ឈ្មោះគង់ សេន អាយុ១៨ឆ្នាំ ទាំងបីនាក់មានទីលំនៅភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ពួកគេទាំងបីនាក់ជាបងប្អូនបង្កើតនឹងគ្នាបាននាំគ្នាជិះកាណូតឆ្លងទន្លេមកផឹកស៊ីជាមួយឈ្មោះរ៉ូន រ៉ានី ហៅរស់ អាយុ២៤ឆ្នាំ ជាខ្មែរអ៊ិស្លាមដូចគ្នានៅភូមិកោះមនោ ឃុំឆ្នុកទ្រូ ។
ក្នុងពេលផឹកស៊ីនោះក៏មានមួយក្រុមផ្សេងទៀតដែលជាខ្មែរមានឈ្មោះសោម វុទ្ធី ហៅត្រេន អាយុ២៥ឆ្នាំ (ជនរងគ្រោះ) និងឈ្មោះឡៅ មាន អាយុ៣០ឆ្នាំ ។ ពេលឈ្មោះគង់ វណ្ណា ហៅពោ មកផឹកស៊ីជាមួយឈ្មោះឡៅ មាន ក៏ត្រូវគេឱ្យហូប (ក្លែម) សាច់ជ្រូក ។ លោកនាយការិយាល័យបានបន្តថា ក្រោយពីដឹងថា ក្លែមប៉ះសាច់ជ្រូកឈ្មោះពោ អន់ចិត្តយ៉ាងខ្លាំង ប៉ុន្តែរូបគេមិនមាត់កអ្វីទេ ហើយក៏ដើរចេញពីវង់ផឹកនេះទៅចូលផឹកជាមួយវង់របស់ខ្លួនដែលជាក្រុមខ្មែរអ៊ិស្លាមដូចគ្នាវិញ។ក្រោយមកឈ្មោះពោ បានពិគ្រោះជាមួយបងប្អូនគ្នាគេពីរឿងឈ្មោះឡៅ មាន ឱ្យរូបគេស៊ីសាច់ជ្រូក។
ក្រោយមកពួកគេក៏ចូលរាំដូចគ្មានរឿងអ្វីកើតឡើង ។ ពេលឈ្មោះឡៅ មានកំពុងរាំភ្លេចខ្លួន ឈ្មោះពោ បានយកដបស្រាផែនដីវាយក្បាល បណ្តាលឱ្យបែកហូរឈាមកក្លាក់ រួចហើយក្រុមខ្មែរអ៊ិស្លាមនេះក៏នាំគ្នារត់ចេញពីទីនោះ។ ភ្លាមនោះឈ្មោះសោម វុទ្ធី ក៏បានស្ទុះដេញតាមដល់ដើមរាំងមានខ្ទមអ្នកតាមួយ ក៏ត្រូវឈ្មោះពោដែលពួននៅក្បែរនោះស្ទុះចេញមកចាក់ឈ្មោះសោម វុទ្ធី មួយច្បូកផ្លែ៦លិចចូលបំពង់.កផ្លែ២ ហើយក៏នាំគ្នារត់គេចខ្លួនឡើងកាណូតបើកទៅផ្ទះវិញទៅ ។ ជនរងគ្រោះបានស្លាប់ក្នុងមន្ទីរពេទ្យក្រោយពីដឹកមកសង្គ្រោះ។
លោកជឹម ប៊ុនធឿន បានបន្តថា ក្រោយពីមានអំពើហិង្សានេះកើតឡើង លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបានបញ្ជាឱ្យលោកដឹកនាំកម្លាំងចុះស្រាវជ្រាវជាបន្ទាន់ដើម្បីចាប់ខ្លួនក្រុមជនដៃដល់។ ដោយស្គាល់អត្តសញ្ញាណ លោកក៏បានតាមចាប់ជនដៃដល់ដល់ខេត្តកំពង់ធំ ប៉ុន្តែជនដៃដល់ឈ្មោះគង់ វណ្ណា ហៅពោ បានគេចខ្លួនបាត់ ចាប់បានតែបក្សពួកជាបងប្អូន២នាក់ និងម្នាក់ទៀតចាប់នៅខេត្តកំពង់ឆ្នាំង មានឈ្មោះគង់ វ៉ាន់នី, គង់សេន និងរ៉ូន រ៉ាន់ ។ លោកក៏បានយកច្បូកដែលមានផ្លែ៦មានងៀងមកបង្ហាញផងដែរ ដែលមើលទៅគួរឱ្យស្ញើបបំផុត ៕
ចែករំលែកព័តមាននេះ