ការបាត់យន្តហោះ MH370 កំពុងស្ថិតក្នុងភាពជាអាថ៌កំបាំង ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរម៉ាឡេស៊ី ប្រឈមមុខនឹងរឿងចម្លែកជាថ្មីទៀត ក្រោយពីប្រទះឃើញយន្តហោះប៊ូអីុញ៧៤៧ ចំនួន៣គ្រឿង ចតចោលដោយគ្មាននរណាម្នាក់អះអាងថា ជាម្ចាស់នៅអាកាសយានដ្ឋានដ៏ធំមួយនៅក្នុងប្រទេស ។
សារព័ត៌មានបរទេស កាលពីពេល ថ្មីៗកន្លងមកផ្សាយថា អ្នកចាត់ការទូទៅនៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ (KLIA) បានឃោសនានៅតាមទំព័រកាសែតមួយ ដើម្បីរកម្ចាស់យន្តហោះ 747-200F ទាំង៣គ្រឿង ដែលចតចោលនៅអាកាសយានដ្ឋាន ។
អត្ថបទនៃការឃោសនាផ្សព្វផ្សាយក្នុងទំព័រកាសែត កាលពីថ្ងៃទី៧ ធ្នូ ២០១៥ បញ្ជាក់ថា «ប្រសិនបើអ្នកមិនមកយកយន្តហោះក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃឃោសនានេះទេ យើងមានសិទ្ធិលក់យន្តហោះនោះស្របតាមច្បាប់របស់មា៉ឡេស៊ី» ។
លោកសៃនុល ម៉ូហាម៉េដ អ្នកចាត់ការទូទៅក្នុងអាកាសយានដ្ឋានម៉ាឡេស៊ី បញ្ជាក់ថា «ខ្ញុំមិនដឹងថា ហេតុអ្វីទើបគ្មានការឆ្លើយតប0x017d7 ឬអាចមានហេតុផលជាច្រើន ជួនកាលអាចពួកគេគ្មានប្រាក់ដំណើរការអាជីពបន្តទៀត» ។ ក្រៅពីចង់ឃើញអ្នកដែលចេញមុខអះអាងថា ជាម្ចាស់យន្តហោះទាំង៣គ្រឿងនោះ អាកាសយានដ្ឋាន ក៏ចង់ទារប្រាក់ថ្លៃចំណតយន្តហោះ និងថ្លៃផ្សេងទៀតពីម្ចាស់ផងដែរ ។ ប្រសិនបើមិនបានទទួលប្រាក់ទាំងនោះទេ នៅថ្ងៃទី២១ ធ្នូ យន្តហោះនឹងដាក់ដេញថ្លៃលក់ ។
អាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ គឺជាប្រភពចេញដំណើររបស់ជើងហោះហើរ MH 370 នៃក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលបានបាត់ដាន កាលពីថ្ងៃទី៨ មីនា ២០១៤ និងបច្ចុប្បន្នកំពុងស្ថិតក្នុងភាពជាអាថ៌កំបាំង ៕
ចែករំលែកព័តមាននេះ