«ជោគជ័យនៅក្នុងប្រទេស ឬនៅបរទេស គឺវាដូចតែគ្នាទេ យើងមិនត្រូវប្រញាប់ប្រញាល់ពេកទេ ត្រូវសិក្សាទៅលើទីផ្សារឲ្យបានច្បាស់លាស់សិន ។ »
ការវិនិយោគនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បាននិងកំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនបរទេស និងវិនិយោគិនខ្មែរនៅបរទេសទៅលើគ្រប់វិស័យ។ ការចូលមកវិនិយោគទុននេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដំណើរការប្រកបដោយបរិយាកាសល្អប្រសើរ និងមានកិត្តិស័ព្ទនៅលើពិភពលោក ។
Confluences គឺជាភ្នាក់ងារមួយដែលបានបង្កើតឡើងអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ដៃគូរបស់ក្រុមហ៊ុនមួយនេះ សុទ្ធតែជាខ្មែរសញ្ជាតិបារាំង ដែលរស់នៅទីក្រុងប៉ារីស ទីក្រុងហ្សឺណែវ និងហុងកុង។ ទស្សនវិស័យរបស់ក្រុមហ៊ុន Confluences គឺចង់ឱ្យប្រទេសកម្ពុជា ជាប្រទេសធ្វើជំនួញមួយនៅលើផែនទីពិភពលោក ហើយទិសដៅរបស់គម្រោងនេះធ្វើយ៉ាងណា ដើម្បីផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ដែលជាច្រកមួយសម្រាប់ក្រុមហ៊ុនបរទេសចូលមកវិនិយោគទុននៅក្នុងទីផ្សារអាស៊ាន ។ Confluences បានធ្វើជាអ្នកភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុន ឬវិនិយោគិនទៅក្នុងទីផ្សារកម្ពុជា ។
ក្នុងសប្តាហ៍នេះដែរ អ្នកយកសារព័ត៌មានផ្នែកសេដ្ឋកិច្ចរបស់កោះសន្តិភាព បានសម្ភាសន៍ពិសេសមួយតាមរយៈសារអេឡិចត្រូនិក ជាមួយលោក សូរស្មី កែប៊ិន ប្រធានក្រុមហ៊ុន Confluences ទាក់ទិននឹងក្រុមហ៊ុន Confluences ចំពោះការសម្របសម្រួល ការធ្វើអាជីវកម្ម និងការធ្វើជំនួញនៅកម្ពុជា ។
១-តើ Confluences បានធ្វើការងារទៅលើផ្នែកអ្វីខ្លះ ?
បច្ចុប្បន្ន ភ្នាក់ងារប្រឹក្សា Confluencesរបស់យើងបានផ្តោតសំខាន់បំផុតទៅលើក្រុមហ៊ុននៅក្រៅប្រទេសដែលចាប់អារម្មណ៍ទីផ្សារនៅកម្ពុជា។ យើងក៏រៀបចំឲ្យមានបេសកកម្មជំនួញសម្រាប់ពួកគេរយៈពេលពី៣ថ្ងៃទៅ១
សប្តាហ៍ផងដែរ ។ ក្រៅពីនេះ យើងមានរៀបចំការប្រជុំសម្រាប់ពួកគេជាមួយដៃគូពាណិជ្ជកម្ម អ្នកចែកចាយ និងអ្នកផ្គត់ផ្គង់ដែលមានសក្តានុពល និងតាមតម្រូវការរបស់ពួកគេ។ ការផ្តួចផ្តើមនេះធ្វើឡើងដើម្បីទទួលបានគំនិត និងទស្សនៈច្បាស់លាស់នៃទីផ្សារនៅកម្ពុជា ក្នុងរយៈពេល២ ឬ៣ថ្ងៃ រួចគេអាចសម្រេចចិត្តក្នុងការវិនិយោគទុននៅប្រទេសកម្ពុជា បន្ទាប់មកយើងនឹងចាប់ផ្តើមផ្សំ និងធ្វើការបណ្តុះបណ្តាលពួកគេឲ្យមានការរីកលូតលាស់នៅក្នុងស្ថាប័នរបស់យើង ។
សម្រាប់ផ្នែកបណ្តុះបណ្តាល យើងបានផ្តល់ជូនក្រុមហ៊ុនបរទេសទាំងនោះនូវការបម្រើនូវសេវាកម្មសម្រាប់ជំហានដំបូងរបស់ពួកគេក្នុងទីផ្សារកម្ពុជា ។ យើងផ្តល់ជូនជាស្រេចនូវដំណោះស្រាយនៅក្នុងការិយាល័យជាមួយនឹងការរៀបចំបែបទំនើបដូចជា បន្ទប់ប្រជុំ អុីនធើរណេតមានល្បឿនលឿន និងអ្នកជំនួញការដែលចេះ៣ភាសា ។ ពួកគេអាចចាប់ផ្តើមបើកដំណើរការមុខជំនួញរបស់ខ្លួនបានយ៉ាងលឿន ដោយគ្រាន់តែចូលរួមក្នុងការបណ្តុះបណ្តាលរបស់យើង ។
យើងក៏ផ្តល់ជូនដល់ពួកគេផងដែរនូវសេវាកមប្រឹក្សាគ្រប់ប្រភេទដូចជា ផ្នែកច្បាប់ គណនេយ្យ និងទីផ្សារ ជាដើម ។ ដំណើរការមុខជំនួញដែលមានទស្សនវិស័យវែងឆ្ងាយនេះ យើងរៀបចំឲ្យមានគម្រោងដើម្បីបណ្តុះបណ្តាលការចាប់ផ្តើមធ្វើអាជីវកម្មរបស់ពួកគេ ដោយយើងជ្រើសរើសបេក្ខជនទៅតាមគម្រោងជំនួញរបស់ពួកគេ និងផ្តល់ឲ្យពួកគេនូវធនធានរបស់យើងដើម្បីផ្លាស់ប្តូរឲ្យមានភាពស្មើគ្នា ។
២-អតិថិនជនធំទី៣ របស់ Confluences គឺអ្នកវិនិយោគទុនជនជាតិខ្មែរដែលមានសញ្ជាតិបារាំង តើក្រុមហ៊ុនរបស់លោកបានធ្វើអ្វីខ្លះសម្រាប់អ្នកវិនិយោគទុនទាំងនោះដែលត្រឡប់មកកាន់មាតុប្រទេសវិញដើម្បីធ្វើមុខជំនួញ ?
ជាការពិតណាស់ អ្នកវិនិយោគទុនជនជាតិខ្មែរដែលមានសញ្ជាតិបារាំង ជាអតិថិនជនធំទី៣របស់យើង ។ យើងមានគម្រោងតម្រង់ទិសដៅទៅកាន់សហគមន៍របស់ពួកគេបន្ថែមទៀត។ អតិថិជនរបស់យើងជាញឹកញាប់ តែងតែសួរអំពីការស្វែងរកធនធនមនុស្ស និងនិន្នាការច្បាស់លាស់របស់ពួកគេក្នុងការជួលប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសសម្រាប់តួនាទីគ្រប់គ្រង ។
ដូចដែលបានដឹងស្រាប់ហើយថា ខ្ញុំកំពុងដឹកនាំសមាគមអានវ៉ាយ៉ា (Anvaya) ដែលត្រូវបានបណ្តុះបណ្តាលដោយ Confluences។ ស្ថាប័នទាំងពីរនោះមានទំនាក់ទំនងយ៉ាងជិតដិតនឹងគ្នា ដោយគោលដៅរបស់យើង គឺនាំយកធនធានខ្មែរពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជាវិញ ដោយសំដៅទៅលើដើមទុន និងធនធានមនុស្ស។ ទាំងអានវ៉ាយ៉ា ដែលជាសមាគមមួយជួយដល់សមាហរណកម្មសង្គម និងទាំង Confluences ខាងផ្នែកជំនួញសុទ្ធតែមានតួនាទីក្នុងដំណើរការនេះ ។
៣-តើមានក្រុមហ៊ុន ឬជំនួញប៉ុន្មានហើយដែល Confluences បានសម្របសម្រួលលើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ? ដោយរបៀបណា ?
យើងបានធ្វើការងារនេះច្រើនជាង៣០ក្រុមហ៊ុនរួចមកហើយ ។ ពាក់កណ្តាលនៃចំនួននេះបានប្រតិបតិ្តការរួចរាល់ហើយ រីឯពាក់កណ្តាលទៀតកំពុងតែពិនិត្យមុនពេលដំណើរការតាមរយៈពួកយើង ។ យើងកំពុងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងបណ្តាញស្ថាប័នធំៗ និងភាពជាដៃគូនៅតំបន់អឺរ៉ុបជាមួយការផ្តល់សិទិ្ធជាតិ ក្នុងតំបន់ រដ្ឋ និងឯកជន ។ ពួកយើងមានសិទ្ធិជាដៃគូនៅប្រទេសកម្ពុជា ហើយពួកគេពិតជាសំដៅមកកាន់យើង នៅពេលដែលគេស្គាល់ក្រុមហ៊ុនដែលចាប់អាម្មរណ៍លើទីផ្សារកម្ពុជា ។ ខ្ញុំសូមបន្ថែមថា យើងមានការបង្ហាញតាមរយៈ Online ដ៏ខ្លាំងមួយ ដូច្នេះ មនុស្សកាន់តែច្រើនឡើងនឹងស្គាល់ពីសេវាកម្មនេះ ។ នៅពេលដែលអតិថិជនរបស់យើងសប្បាយចិត្ត ពួកគេនឹងនិយាយប្រាប់អ្នកវិនិយោគទុនផ្សេងទៀតឱ្យដឹង ហើយយើងនឹងទទួលបានកិច្ចសន្យាព្រមព្រៀងកាន់តែច្រើន ។
៤-នៅពេលដែលវិនិយោគិនខ្មែរនៅក្រៅប្រទេសមកធ្វើជំនួញនៅកម្ពុជា តើមានសារសំខាន់យ៉ាងណាខ្លះ ?
គ្មានអ្វីថ្មីទេនៅទីនេះ ប្រទេសកម្ពុជាកំពុងតែអភិវឌ្ឍន៍យ៉ាងលឿន ប៉ុន្តែបើសួរទៅអ្នកវិនិយោគបរទេស ពួកគេនឹងបញ្ចេញគំនិតដូចគ្នា។ យើងត្រូវការធនធានមនុស្សបន្ថែមទៀតដែលប្រកបដោយគុណភាព ។ ប្រព័ន្ធអប់រំរបស់យើងកំពុងកែទម្រង់នៅឡើយ ហើយយើងនៅមិនទាន់មានអ្នកបញ្ចប់មហាវិទ្យាល័យថ្មីៗ ដែលមានគុណភាពពេញលេញ ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្នបាននៅឡើយទេ ។ ដូច្នេះ យើងត្រូវការពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសបន្ថែមទៀត ដើម្បីវិលត្រឡប់មកកាន់កម្ពុជា និងធ្វើការនៅទីនេះ ។ ពួកគេបានមកនាំនូវចំណេះដឹង និងចំណេះធ្វើ រួមទាំងផ្នត់គំនិតកាន់តែទូលំទូលាយដើម្បីការផ្លាស់ប្តូរ ។
វាប្រៀបដូចនឹងការធ្វើជំនួញដែរ មានអ្នកវិនិយោគទុនខ្មែរនៅក្រៅប្រទេសជាច្រើនកំពុងដំណើរការអាជីវកម្មបានល្អប្រសើរនៅបរទេស ហើយបានអភិវឌ្ឍទៅជាសហគ្រិនភាព ។ ទាំងអស់នេះហើយដែលធ្វើឲ្យយើងត្រូវការពួកគេមកវិនិយោគទុននៅទីនេះ ព្រមទាំងអាចផ្ទេរសមត្ថភាពនេះទៅកាន់អ្នកជំនាន់ក្រោយនូវអ្វីដែលពួកគេបានរៀនពីក្រៅប្រទេស ។ លុះត្រាតែមានការសហការគ្នារវាងខ្មែរក្នុងស្រុក និងខ្មែរក្រៅប្រទេស ទើបយើងអាចពន្លឿនការអភិវឌ្ឍនៅក្នុងប្រទេសយើងបាន ។
៥-តាមទស្សនៈរបស់លោក តើគួរធ្វើយ៉ាងណាដើម្បីទទួលបានជោគជ័យក្នុងការធ្វើជំនួញនៅក្នុងប្រទេសកម្ពុជា ?
ជោគជ័យនៅក្នុងប្រទេស ឬនៅបរទេស គឺវាដូចតែគ្នាទេ យើងមិនត្រូវប្រញាប់ប្រញាល់ពេកទេ ត្រូវសិក្សាទៅលើទីផ្សារឲ្យបានច្បាស់លាស់សិន ។ ជាពិសេស ប្រសិនបើអ្នកជាជនបរទេសនោះ អ្នកត្រូវការស្វែងយល់អំពីវប្បធម៌ក្នុងតំបន់ និងគុណតម្លៃរបស់វា ។ ខ្ញុំនិយាយបែបនេះមានន័យថា គឺអ្នកត្រូវយល់ពីក្រុមគោលដៅអតិថិជនរបស់អ្នក ក្រុមការងាររបស់អ្នក និយោជិតរបស់អ្នកផងដែរ ព្រោះអ្នកមិនអាចសម្រេចជោគជ័យបានដោយគ្មានពួកគេទេ ។
វាជារឿងងាយស្រួលក្នុងការចាប់ផ្តើមធ្វើជំនួញនៅកម្ពុជា ប៉ុន្តែពេលខ្លះវាកាន់តែងាយស្រួលជាងអ្នកដែលប្រញាប់ប្រញាល់ធ្វើជំនួញដោយមិនបានទទួលបានព័ត៌មានគ្រប់គ្រាន់ទៅទៀត ។ មិនមែនងាយស្រួលក្នុងការធ្វើសហគ្រិននោះទេ ហើយក៏មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានដែរ ។ អ្នកត្រូវការសម្របខ្លួនជាអចិន្ត្រៃយ៍ទៅលើការផ្លាស់ប្តូរទីផ្សារ និងការគ្រប់គ្រងធនធានផ្ទាល់ខ្លួនរបស់អ្នកដូចដែលបានព្រមព្រៀង ។
វាពិតជាមានការប្រកួតប្រជែង ហើយកាន់តែមានប្រកួតប្រជែងខ្លាំងជាងនេះទៅទៀតនៅកម្ពុជា ដោយសារសេដ្ឋកិច្ចរបស់យើងមានការលូតលាស់លឿន ។ ដូច្នេះ ខ្ញុំសូមផ្តាំផ្ញើថា “Veni, Vidi, Vici” ឬ “Come, See and Succeed” ឬ «មក, មើល និងជោគជ័យ» ៕
ចែករំលែកព័តមាននេះ