នៅសល់រយៈពេលមិនដល់២សប្តាហ៍ទៀតទេ ព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ Jessie J ដែលរៀបចំដោយក្រុមហ៊ុនទូរស័ព្ទ Smart នៅថ្ងៃទី១២ ធ្នូ ២០១៥ ក្នុងរាជធានីភ្នំពេញនេះ នឹងធ្វើឲ្យកក្រើកទស្សនិកជនដែលនិយមចូលចិត្តតន្ត្រី។ នេះបើយោងតាមទូរទស្សន៍ PNN ដែលជាប៉ុស្តិ៍ទូរទស្សន៍ថ្មី និងទំនើបបំផុតរបស់ប្រទេសកម្ពុជា ។
ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗរបស់ទូរទស្សន៍ PNN នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ក្រុមអ្នកគាំទ្រតារាចម្រៀងអន្តរជាតិ Jessie J បានបង្ហាញពីអារម្មណ៍រំភើបរីករាយរបស់ខ្លួនចំពោះព្រឹត្តិការណ៍ប្រគំតន្ត្រីដែលនឹងមកដល់ក្នុងពេលខាងមុខនេះ ។ ក្រុមអ្នកគាំទ្រដែលភាគច្រើនជាយុវវ័យនោះ បានប្រាប់ទូរទស្សន៍ PNN ថា ពួកគេចង់ស្តាប់បទចម្រៀងរបស់ Jessie J ដោយផ្ទាល់ ជាពិសេសបទ Flashlight និង Pricetag ។
កញ្ញា លន់ ស្រីនុត ដែលជាអ្នកគាំទ្រម្នាក់របស់តារាចម្រៀង Jessie J បានប្រាប់ទូរទស្សន៍ PNN ដូច្នេះថា «ខ្ញុំចូលចិត្តបទ Pricetag របស់គាត់ ហើយចាប់តាំងពីគាត់ចេញបទហ្នឹងមក ខ្ញុំក្លាយជាអ្នកគាំទ្រគាត់ រហូតដល់ពេលបច្ចុប្បន្ន ។ មិត្តភក្តិរបស់ខ្ញុំធ្លាប់ច្រៀងត្រាប់តាមបទនេះដែរ (Pricetag) ហើយដោយឥឡូវយើងដឹងថា គាត់នឹងមកប្រទេសកម្ពុជាទៀត ដូច្នេះខ្ញុំកាន់តែសប្បាយចិត្តថែមទៀត» ។
អ្នកគាំទ្រម្នាក់ទៀតរបស់តារាចម្រៀង Jessie J គឺកញ្ញា សំរិត សិលា បានឲ្យដឹងផងដែរថា «យើងដឹងថា Smart នឹងមានការប្រគំតន្ត្រីដ៏ធំមួយ ។ ដូច្នេះយើងប្រាកដជាចូលរួមនៅថ្ងៃទី១២ ធ្នូ នេះ ពីព្រោះយើងចូលចិត្តតារាចម្រៀង Jessie J» ។ ចំណែកឯអ្នកគាំទ្រដទៃទៀតក៏បានប្រាប់ទូរទស្សន៍ PNN ផងដែរ អំពីមោទនភាពរបស់ពួកគេជុំវិញការមកកាន់ប្រទេសកម្ពុជារបស់តារាចម្រៀងអន្តរជាតិល្បីរូបនេះ ។
លោកអ៊ុក សារឿន បាននិយាយថា «ខ្ញុំសប្បាយរីករាយណាស់ និងមានមោទនភាពដោយដឹងថា Jessie J នឹងមកសម្តែងនៅកោះពេជ្រ ។ ខ្ញុំនឹងចូលរួមការប្រគំតន្ត្រីនៅទីនោះជាមួយមិត្តភក្តិរបស់ខ្ញុំ» ។
យោងតាមលោកស្រ៊ុន ម៉េងគាង អ្នកគ្រប់គ្រងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ PNN ព្រឹត្តិការណ៍នេះ អាចជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយប្រចាំឆ្នាំ។
លោកម៉េង គាង បានមានប្រសាសន៍ថា «Jessie J គឺជាតារាចម្រៀងអន្តរជាតិដ៏ល្បីម្នាក់ ក្នុងចំណោមតារាចម្រៀងអន្តរជាតិល្បីៗជាច្រើនរូបទៀត ដែលនឹងមកកាន់ប្រទេសកម្ពុជា។ ដូច្នេះយើងរំពឹងថា នឹងមានការចូលរួមយ៉ាងច្រើនកុះករនៅក្នុងកម្មវិធីនោះ» ។
ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart លោក Yap Kokleong បានមានប្រសាសន៍ថា «ដូចការរំពឹងទុកព្រឹត្តិការណ៍ប្រគំតន្ត្រី Jessie J ដែលរៀបចំដោយក្រុមហ៊ុន Smart ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១២ ធ្នូ នេះ បានទាក់ទាញទស្សនិកជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ យើងរំពឹងថា ព្រឹត្តិការណ៍នេះ នឹងមានអ្នកចូលរួមទស្សនាចំនួនជាង៣ម៉ឺននាក់» ។
ព្រឹត្តិការណ៍ប្រគំតន្ត្រី Jessie J នៅឯមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី១២ ធ្នូ នេះ គឺជាព្រឹត្តិការណ៍ប្រគំតន្ត្រីធំលើកទី២ ដែលក្រុមហ៊ុន Smart Axiata បានរៀបចំធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ដោយព្រឹត្តិការណ៍ប្រគំតន្ត្រីធំលើកទី១ ត្រូវបានរៀបចំធ្វើឡើងកាលពីដើមឆ្នាំនេះ ក្រោមការចូលរួមសម្តែងពីតារាចម្រៀងអន្តរជាតិ Demi Lovato ។ ទូរទស្សន៍ PNN ត្រូវបានគេរំពឹងថា នឹងធ្វើការថត និងចាក់ផ្សាយកម្មវិធីប្រគំតន្ត្រី Jessie J នាថ្ងៃទី១២ ធ្នូនេះ ។
ព្រឹត្តិការណ៍ប្រគំតន្ត្រី Jessie J ថ្ងៃទី១២ ធ្នូ នេះ គឺជាព្រឹត្តិការណ៍ប្រគំតន្ត្រីមួយក្នុងចំណោមព្រឹត្តិការណ៍ប្រគំតន្ត្រីចំនួនជាង២០លើក ដែលក្រុមហ៊ុនបានរៀបចំធ្វើឡើង និងបន្តប្រព្រឹត្តទៅទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃកម្មវិធី Smart I am the Fastest ដែលត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ PNN វេលាម៉ោង៦ល្ងាចរៀងរាល់ថ្ងៃសៅរ៍ ។
ចែករំលែកព័តមាននេះ