ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីការចុះប្រតិបត្តិការបង្ក្រាបសិប្បកម្មរបស់ជនជាតិវៀតណាមនៅកណ្ដាលក្រុងសែនមនោរម្យមក លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី បានចាត់មន្ត្រីក្រោមឱវាទចុះស៊ើបអង្កេតឈានទៅចាប់បានឈើប្រណីតជាង៥០០កំណាត់ ខណៈក្រុមឈ្មួញបានលាក់ទុកនៅទីតាំងជាច្រើនកន្លែងផ្សេងគ្នាក្នុងព្រៃ និងមួយចំនួនទៀត គឺលាក់ទុកតាមផ្ទះប្រជាពលរដ្ឋ ។
ប្រតិបត្តិការនេះ ធ្វើឡើងរយៈពេល៥ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២៥ សីហា ២០១៥ រហូតដល់ថ្ងៃទី២៩ សីហា ២០១៥ ស្ថិតក្នុងភូមិភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
មន្ត្រីជំនាញដែលចុះទៅបង្ក្រាបបានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបឈើប្រណីតជាច្រើនកំណាត់នេះ គឺមានការស៊ើបអង្កេតអស់រយៈពេលមួយសប្តាហ៍មកហើយ ដើម្បីស្វែងរកទីតាំងដែលមានលាក់ទុកឈើទាំងអស់នោះ ហើយក្នុងប្រតិបត្តិនេះដែរ មន្ត្រីជំនាញបានរកឃើញឈើប្រណីតប្រភេទនាងនួន ធ្នង់ និងបេង សរុប៥៥៥កំណាត់ មានចំនួនប្រមាណពី១៣ ទៅ១៥ម៉ែត្រគូប ក្នុងនោះឈើប្រភេទធ្នង់២៨៨កំណាត់ នាងនួន២៦៣កំណាត់ និងបេង៤កំណាត់ ។ ហើយឈើប្រណីតទាំងអស់បច្ចុប្បន្ន គឺបាន រឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ។
ចែករំលែកព័តមាននេះ