អង្គការសហប្រជាជាតិ (UN) បញ្ជាក់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវចំណាយប្រាក់ច្រើនជាង២៦៧.០០០លានដុល្លារក្នុងមួយឆ្នាំ ប្រសិនបើមានបំណងលុបចោលភាពក្រីក្រទាំងស្រុងនៅលើពិភពលោកក្នុងឆ្នាំ២០៣០ ។
របាយការណ៍ចុងក្រោយរបស់ UN «Achieving Zero Hunger» ដែលចេញផ្សាយនៅក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន កាលពីថ្ងៃទី២២ សីហា ២០១៥ បញ្ជាក់ថា ប្រសិនបើសហគមន៍អន្តរជាតិចង់ដោះស្រាយបញ្ហានៃភាពក្រីក្រឱ្យអស់ត្រូវមានប្រាក់សម្រាប់ប្រើនៅក្នុងការដោះស្រាយបញ្ហានេះច្រើនជាង២៦៧.០០០លានដុល្លារក្នុងមួយឆ្នាំ និងត្រូវចំណាយពេលដល់ឆ្នាំ២០៣០ ឬរយៈពេល១៥ឆ្នាំខាងមុខ ដល់ពេលនោះភាពអត់ឃ្លានរបស់ពលរដ្ឋនៅលើពិភពលោកនឹងបញ្ចប់។
ថវិកានោះត្រូវយកទៅប្រើប្រាស់ជាលក្ខណៈប្រព័ន្ធនៅក្នុងគម្រោងការ ឬគោលនយោបាយដែលមានទិសដៅលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ជាពិសេសពលរដ្ឋដែលស្ថិតក្នុងកម្រិតក្រីក្ររស់នៅទីក្រុង និងនៅជនបទ ។ ចំណែកលោកហ្គ្រាស៊ីយា៉ណុ ដាស៊ីលវ៉ា អគ្គលេខាធិការអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ឱ្យដឹងថា ធាតុពិតប្រាក់ទាំងនោះគឺមានប្រហែល០,៣% នៃ GDP នៅលើពិភពលោក ។
របាយការណ៍បញ្ជាក់ថា សហគមន៍អន្តរជាតិបានដើរស្របតាមទិសដៅហើយក្នុងដំណោះស្រាយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋដោយចំនួនជនក្រីក្រនៅលើពិភពលោកដែលមានចំណូល «ទាបជាង១,២៥ដុល្លារក្នុងមួយថ្ងៃ» ក្នុងឆ្នាំ២០១៥នេះ បានធ្លាក់ចុះនៅសល់ត្រឹម៨៣៦លាននាក់ ដែលកាលពីមុនធ្លាប់មានដល់ទៅ១.៩០០លាននាក់ នៅអំឡុងទសវត្សទី៩០នៃសតវត្សទី២០ និងមានការព្យាករថា នៅដំណាច់ឆ្នាំ២០១៥នេះ អាចមានពលរដ្ឋយា៉ងតិច១៧៥លាននាក់ នឹងរួចផុតពីកម្រិតនៃភាពក្រីក្រ ។ ទិន្នន័យចុងក្រោយរបស់ UN ឱ្យដឹងថា ភូមិភាគអាស៊ី និងបា៉ស៊ីហ្វិកនៅតែជាប្រភពរបស់ជនក្រីក្រដោយមានជាង៤៩០លាននាក់ និងមានប្រហែល២ភាគ៣នៃជនក្រីក្រនៅទូទាំងពិភពលោកដែលរំពឹងថា អាចមានប្រហែល៧៣០លាននាក់ ៕
ចែករំលែកព័តមាននេះ