ខេត្តកំពង់ឆ្នាំង ៖ ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេស២គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុង ធ្វើការចាប់ឃាត់យកមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅចំណុចជិតផ្ទះសំណាក់ «ដាឡាត់» ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ ឆ្នាំង ខណៈដែលម៉ូតូទាំង២គ្រឿងបំពាក់បំពង់ស៊ីម៉ាំងបញ្ចេញសម្លេងខ្លាំង រំខានដំណេកប្រជាពលរដ្ឋ ។
លោក ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសឱ្យដឹងថា ខណៈដែលក្រុមសមត្ថកិច្ចកំពុងល្បាតតាមដងផ្លូវ ស្រាប់តែបានប្រទះឃើញម៉ូតូ២គ្រឿងដែលកែច្នៃខុសបច្ចេកទេសពីលំនាំដើម ហើយក៏បានធ្វើការឃាត់យកមកកាន់អធិការដ្ឋាននគរបាលក្រុងតែម្តង ។ ចំពោះម៉ូតូកែច្នៃទាំង២គ្រឿងខាងលើនេះ សមត្ថកិច្ចបានឃើញថា ម៉ូតូទី១ ជាម៉ូតូប្រភេទហុងដាឌ្រីម សេ១២៥ បានកែឆ្នៃតសាក់ស៊ីក្រោយ វែងជាងសាកស៊ីម៉ូតូធម្មតា២ដង គឺជាង១ម៉ែត្រ និងបានបំពាក់បំពង់ស៊ីម៉ាំងប្រែនទៀតផង ក្រៅពីនោះនៅមានបំបាក់ភ្លើងឡាស៊ែខុសបច្ចេកទេស ។ ចំណែកម៉ូតូទី២ គឺបានបំពាក់បំពង់ស៊ីម៉ាំងប្រែន និងស៊ីផ្លេស៊ីរ៉ែន ព្រមទាំងពាក់ស្លាកលេខខេមរភូមិន្តក្លែងក្លាយទៀតផង ។ ម៉ូតូទាំង២គ្រឿងនេះបានរំខានដល់ដំណេកប្រជាពលរដ្ឋនៅតាមដងផ្លូវនៅពេលយប់ ។
នៅព្រឹកថ្ងៃទី១៣ ខែសីហា ម្ចាស់ម៉ូតូទាំង២គ្រឿងបានមកទទួលកំហុស ព្រមដាក់សម្ភារម៉ូតូឱ្យត្រឹមត្រូវតាមលំនាំដើម និងទទួលការផាកពិន័យផងដែរបន្ទាប់ពីសមត្ថកិច្ចអប់រំណែនាំពីច្បាប់ចរាចរណ៍ក្នុងការប្រើប្រាស់យាន្តយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេសរួចមក និងបានឱ្យត្រឡប់ទៅផ្ទះវិញ ។
សូមរំឮកថា ជារឿយៗសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងតែងតែបានធ្វើការចាប់ឃាត់ម៉ូតូ ដែលមាន លក្ខណៈខុសបចេ្ចកទេសយកមកធ្វើការផាកពិន័យ និងអប់រំណែនាំឱ្យបំពាក់គ្រឿងបន្លាស់ដូចដើម ទើបបានឱ្យវិលត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ