រាជធានីភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា “អាជ្ញាធររាជធានីភ្នំពេញកំពុងពិចារណាបិទអាជីវកម្មក្លឹបកម្សាន្តដោយតម្រូវឲ្យបើកត្រឹមតែម៉ោង១២យប់ប៉ុណ្ណោះ ” ។
បើតាមលោកអភិបាលរាជធានីភ្នំពេញ ការពិចារណាទៅលើវិធានការបិទអាជីវកម្មក្លឹបកម្សាន្តត្រឹមម៉ោង១២យប់នេះ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃដែលតែងតែកើតមានឡើងនៅពេលយប់រំលងអធ្រាត្រ ។
ជាការកត់សម្គាល់ប្រសាសន៍លើកឡើងរបស់លោក ប៉ា សុជាតិវង្ស នាព្រឹកថ្ងៃទី២០ កក្កដា ២០១៥ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការនូវអគារសិក្សាមួយខ្នងមានកម្ពស់៣ជាន់ ស្មើនឹង១៧បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាមង្គលសេរីគៀនឃ្លំាង ក្នុងសង្កាត់-ខណ្ឌជ្រោយចង្វារនាពេលនេះ បានធ្វើឡើងបន្ទាប់ពីក្លឹបកម្សាន្តនៅរាជធានីភ្នំពេញបាននិងកំពុងរីកដុះដាលដូចផ្សិត ហើយជានិច្ចកាលនៅពេលអ្នកចូលចិត្តសប្បាយពេលរាត្រីចេញពីក្លឹបកម្សាន្ត ឬ ភោជនីយដ្ឋាននានានោះតែងបង្កគ្រោះថ្នាក់ចរាចរណ៍ស្ទើររៀងរាល់អធ្រាត្រ ជាពិសេសករណីរថយន្តបុករបំាងពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ជាច្រើនកំណាត់ និងមានអ្នកស្លាប់និងរបួសច្រើននាក់នោះថែមទៀត ។
ក្រុមអ្នកតាមដាននិងប្រជាពលរដ្ឋភាគច្រើន បានទះដៃស្វាគមន៍និងអបអរសាទរប្រសិនបើអាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការបិទអាជីវកម្មក្លឹបកម្សាន្តត្រឹមម៉ោង១២យប់មែននោះ ប៉ុន្តែធ្វើយ៉ាងណាការអនុវត្តវិធានការនេះត្រូវមានសកម្មភាពឲ្យបានជាប្រចំា កុំធ្វើដូចវែកចក ៕
ចែករំលែកព័តមាននេះ