ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យពីបទប្លន់សម្លាប់ម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំសហការជាមួយនគរបាលខេត្តព្រៃវែងតាមប្រមាញ់ និងចាប់ខ្លួនបានកាលពីព្រឹកថ្ងៃទី១៥ កក្កដា ២០១៥ នៅចំណុចភូមិភូមិខ្នប់ដំរី ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ិន ប៊ិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយក ស្រុកពាមរក៍ ខេត្តព្រៃវែង ត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធទៅនឹងករណីប្លន់សម្លាប់ ហើយដឹកសពមកប្លុងចោលទៅក្នុងព្រៃរនាមនៅខាងលិចស្ពានមាត់ឃ្មង់កាលពីពេលកន្លងទៅ ។ ចំណែកជនរងគ្រោះក្នុងករណីប្លន់សម្លាប់នេះមានឈ្មោះ សួន ហ៊ីង ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយក ស្រុកពាមរក៍ ខេត្តព្រៃវែង ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានរំលឹកថា ហេតុការណ៍ភ្ញាក់ផ្អើល នោះកើតឡើងនៅវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី៣០ មិថុនា ២០១៥ ត្រង់ចំណុចខាងលិចស្ពានមាត់ឃ្មង់ ក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ។ ដោយមានប្រជាពលរដ្ឋម្នាក់បានដើររុលចុះតាមព្រៃរនាមក្នុងគោលបំណងទៅ រកជីកត្រពាំងលក់ដើម្បីដោះស្រាយជីវភាព តែមិនទាន់នឹងបានជីកផងនោះ គ្រាន់ចុះពីផ្លូវជាតិចំងាយ២៥ម៉ែត្រ ក៏ស្រាប់តែប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេ សម្លាប់យកមកប្លុងចោល រួចក៏ប្រញាប់រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ផងដែរ ។ បន្ទាប់មកបានចុះទៅហ៊ុំព័ទ្ធកន្លែងកើតហេតុមិនឲ្យអ្នកណាម្នាក់ ចូលទៅកន្លែងសពនោះទេ ដោយបានបង្កើតគណៈកម្មការចម្រុះមាន នគរបាល អាជ្ញាធរភូមិ-ឃុំ ព្រមទាំងគ្រូពេទ្យចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសព ឃើញមានស្នាមវាយត្រូវក្បាលនឹងឧបករណ៍រឹងបែកហូរឈាម ។ នៅនឹងកន្លែងកើតហេតុគេឃើញមានស្នាមកង់រថយន្តបើកចេញពីទិសខាងលិច មកកើត តាមបណ្តោយផ្លូវជាតិលេខ៧ រហូតដល់ត្រង់ភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ដែលនៅកន្លែងនោះមិនមានផ្ទះប្រជាពលរដ្ឋណាមួយទេ គឺមានតែព្រៃឫស្សីដុះអមសាងខាងផ្លូវជាតិ ព្រមទាំងស្ងាត់ផងដែរ ។ រហូតដល់រសៀលថ្ងៃដដែលក៏មានអ្នកមកមើលបានផ្សព្វផ្សាយតាមវិទ្យុ FM ក្នុងស្រុកមួយក៏លេចឮទៅដល់ក្រុមសាច់ញាតិមកមើល ក៏ស្គាល់អ្នកស្លាប់ឈ្មោះ សួន ហ៊ីង រស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង ដែលត្រូវបានគេល្បួងទៅផឹកស៊ី ហើយសម្លាប់ប្លន់យកទ្រព្យ ។
លោកវរសេនីយ៍ត្រីអធិការរងនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា ក្រោយពីមានហេតុការណ៍អំពើប្លន់សម្លាប់នេះ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តបានចាត់ឲ្យកម្លាំងនគរបាលបច្ចេកទេសខេត្ត នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចុះស្រាវជ្រាវដោយយកចិត្តទុកដាក់ ព្រោះមានតម្រុយជនពាក់ព័ន្ធដែលបានទូរស័ព្ទហៅជនរងគ្រោះទៅផឹកស៊ី ។
លោកវរសេនីយ៍ត្រី ឡុង សារិន បញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី១៤ កក្កដា ២០១៥ ជំនាញព្រហ្មទណ្ឌស្រុកត្បូងឃ្មុំ បានសហការជាមួយនឹងនគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង បើកការស៊ើបអង្កេតដ៏ក្តៅគគុកលើកករណីប្លន់សម្លាប់ជនរងគ្រោះខាង លើ ផ្អែកតាមរយៈសាក្សី ទើបដឹងតម្រុយថា ជនសង្ស័យឈ្មោះ ស៊ិន ប៊ិន បានទូរស័ព្ទហៅជនរងគ្រោះមកផឹកស៊ីនៅផ្ទះលក់ សាច់ក្លែមមួយកន្លែងក្នុងភូមិលេខ៥ ឃុំព្រែកខ្សាយក ស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី២៩ មិថុនា ២០១៥ ហើយមកដល់ព្រឹកថ្ងៃទី ១៥ កក្កដា ក្រោមកិច្ចសហការជាមួយនឹងប៉ុស្តិ៍រដ្ឋបាលឃុំដំរិល ស្រុកអូររាំងឪ ក៏បានឃាត់ជនសង្ស័យឈ្មោះ ប៊ិន មកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដោយដកហូតបានម៉ូតរបស់ជនរងគ្រោះមកវិញផងដែរ ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេ និងបក្ខពួក២នាក់ទៀតបានប្រើល្បិចល្បួងហៅជនរងគ្រោះឈ្មោះ ហ៊ីង មកផឹកស្រាបៀរអស់៦កំប៉ុង រួចនាំទៅចូលច្រៀងខារ៉ាអូខេនៅអ្នកលឿងជិតទីរួមខេត្តព្រៃវែងអស់ស្រាបៀរ២កេស ។ លុះនៅវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី២៩ មិថុនា ជនរងគ្រោះស្រវឹងធ្លាក់ភ្នែក រួចល្បួងមកលេងនៅកំពង់ចាម ។ ពេលដែលជិះមកដល់ត្រង់ម្តុំស្ពានមាត់ឃ្មង់កន្លែងស្ងាត់ ក៏ប្រើល្បិចឈប់បត់ជើងតូច នាំអ្នករងគ្រោះទៅវាយសម្លាប់ប្លន់យកសម្ភារ រួចអូសទម្លាក់ចូលព្រៃ រួចយកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ និងខ្សែកទង្ងន់៥ជី រួចជិះឆ្ពោះទៅផ្សារសួងតែម្តង ។
ជនសង្ស័យត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការតាមច្បាប់ និងតាមប្រមាញ់ចាប់បក្ខពួក២នាក់ទៀតយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ