រាជធានីភ្នំពេញ ៖ ជនរងគ្រោះម្នាក់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅថាត្រូវចោរកាច់.កម៉ូតូរបស់គាត់យកទៅបាត់ តែត្រូវសមត្ថកិច្ចដែលប្រចាំការនៅទីនោះថា គ្មានឯកសារគ្រប់គ្រាន់ ឱ្យទៅយកឯកសារមកសិន ចាំសមត្ថកិច្ចធ្វើការជូន ។ ហេតុការណ៍កាច់.កយកម៉ូតូនោះកើតឡើងកាលពីវេលាម៉ោង៥ និង៥០នាទីល្ងាច ថ្ងៃទី០៧ កក្កដា ២០១៥ នៅចំណុចកន្លែងលក់ខោអាវជជុះមុខផ្សារផេនសល តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានសាយ បូរិន ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិភារី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវចោរកាច់.កលួចយកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1R-1965 យកទៅបាត់ ។
ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានដឹកកូនរបស់គាត់មកព្យាបាលជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែដោយសារតែខ្វះលុយក៏ទៅយកលុយពីប្អូនដែលធ្វើការនៅរោងចក្រ CP នៅម្តុំបែកចាន ។ ពេលបានលុយហើយក៏ជិះម៉ូតូត្រឡប់មកមន្ទីរពេទ្យគន្ធបុប្ផាវិញ ។ នៅតាមផ្លូវ ដោយសារមកពីស្រុកកំណើតប្រញាប់ប្រញាល់ពេក យកខោអាវមកតែមួយកំប្លេ ពេលប្រទះឃើញកន្លែងលក់ខោអាវជជុះ(កន្លែងកើតហេតុ)ក៏ឈប់ម៉ូតូទិញខោអាវជជុះខ្លះទុកពាក់ ។ ខណៈពេលកំពុងតែរើសខោអាវ ជនសង្ស័យម្នាក់បានមកកាច់.កម៉ូតូរបស់គាត់ ខណៈពេលនោះគាត់ក៏បានឃើញ ហើយស្រែកឱ្យគេជួយដែរ តែចោរនោះបានជិះម៉ូតូរបស់គាត់គេចខ្លួនបាត់ទៅហើយ ។
ជនរងគ្រោះបានបន្តទៀតថា ក្រោយពេលកើតហេតុគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅដែរ តែត្រូវសមត្ថកិច្ចដែលប្រចាំការនៅទីនោះប្រាប់ថា គ្មានឯកសារគ្រប់គ្រាន់ ឱ្យទៅយកឯកសារមកសិន ចាំសមត្ថកិច្ចធ្វើការជូន ។
ជុំវិញបញ្ហានេះ«កោះសន្តិភាព»មិនដឹងថាយ៉ាងណានោះទេ ព្រោះនេះជាសម្តីរបស់ជនរងគ្រោះតែម្ខាងប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ