ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងកងរាជអាវុធឃាត់ខ្លួនកាលពីថ្ងៃទី០៥ កក្កដា ២០១៥ នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែតពីបទគំរាមដុតផ្ទះ និងសម្លាប់ទាំងពូជ ។
ជនសង្ស័យមានឈ្មោះទួន ចាន់ឌី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត និងមានទីលំនៅនៅភូមិក្តីឈ្នួល ឃុំត្រពាំងជង់ ស្រុកបាកាន ខេត្តពោធិសាត់ ។
លោកវរសេនីយ៍ឯកម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យឈ្មោះទួន ចាន់ឌី គឺយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះទូច ឈុន ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត កាលវេលាម៉ោង១ និង៣០នាទីរំលងអ្រធាត្រឈានចូលថ្ងៃទី០៥ មិថុនា២០១៥ ។ គឺជនសង្ស័យឈ្មោះទូច ចាន់ឌី បានផឹកស្រាស្រវឹងហើយស្រែកឡូឡា និងជេរប្រមាថ ដោយគំរាមសម្លាប់ទាំងពូជ និងដុតផ្ទះគាត់ចោលទៀត ។ ដោយមានការភ័យខ្លាចគាត់ក៏បានប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនតែម្តង ។
លោកបានបន្តថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងអាវុធហត្ថបាននាំយកមកសាកសួរ ហើយជនសង្ស័យបានសារភាពថា រូបគេពិតជាបានជេរប្រមាថមើលងាយពិតមែន ព្រោះស្ត្រីដែលអះអាងថារងគ្រោះបានជេរ និងមើលងាយទៅលើរូបគេ ទើបបានជេរប្រមាថវិញ ៕
ចែករំលែកព័តមាននេះ