រាជធានីភ្នំពេញ ៖ ទីតាំងខារ៉ាអូខេខ្នាតតូចមួយកន្លែងយីហោ “ពេជ្រ ខារ៉ាអូខេ” ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលបានលួចលាក់បង្កប់ប្រើប្រាស់សារធាតុញៀន (ស៊ីហ្សា) ត្រូវបានកម្លាំងសមត្ថកិច្ច នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវេសេនីយ៍ឯកប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកគ្រឿងញៀន បានធ្វើការចុះបង្ក្រាបបានជាក់ស្តែង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ ។
ប្រតិបត្តិការចុះបង្ក្រាបនេះធ្វើឡើងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ លោកសៀង សុខ ហើយជាលទ្ធផលជាក់ស្តែងចំពោះមុខសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន មនុស្សចំនួន២០នាក់ (ស្រី៨នាក់) ក្នុងនោះមាន២នាក់ជាមេការ, ម៉ូតូចំនួន១០គ្រឿង, ឧបករណ៍សម្រាប់ជក់ ស៊ីហ្សា រួមទាំងវត្ថុតាងមួយចំនួនធំផងដែរ ។
ក្រោយការឃាត់ខ្លួន ជនទាំង២០នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ចូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីធ្វើការសាកសួរនាំ បន្ថែមនៅពេលក្រោយ ។ ចំណែកទីតាំងខារ៉ាអូខេខាងលើត្រូវបានសមត្ថកិច្ចផ្អាកអាជីវកម្មបណ្តោះអាសន្ន រង់ចាំបើកការស៊ើបអង្គេតបន្ថែមនៅពេលក្រោយទៀត ៕
ចែករំលែកព័តមាននេះ