ខេត្តកំពង់ចាម ៖ អគ្គិភ័យបានឆេះស្ទើរតែទាំងស្រុងផ្ទះ៣ខ្នង ទំហំ៦ម៉ែត្រគុណ១៨ម៉ែត្រ សង់ពីឈើលើថ្មក្រោម កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៨ មិថុនា ២០១៥ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។
លោកវរសេនីយ៍ទោយ៉ន ឌីន នាយការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ដំបូងគេបានឃើញផ្សែងហុយចេញពីផ្ទះរបស់ឈ្មោះហង់ រ៉េន អាយុ៥៣ឆ្នាំ មានប្រពន្ធឈ្មោះលី ផល អាយុ៤៥ឆ្នាំ ភ្លាមៗនោះប្រជាពលរដ្ឋក្បែរខាងបាននាំគ្នាដងទឹកមកជះពន្លត់ តែភ្លើងមិនបានថមថយនោះទេ គឺរឹតតែឆេះខ្លាំងឡើងៗតែម្តង ។ លោកវរសេនីយ៏ទោ យ៉ន ឌីន បន្តឲ្យដឹងទៀតថា បន្ទាប់មកកម្លាំងសមត្ថកិច្ចនៅមូលដ្ឋានបានប្រញាប់រាយការណ៍មកលោកលោកឧត្តមសេនីយ៍ត្រីបែន រ័ត្ន ស្នងការនគរបាលខេត្ត ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ។
ដោយមានក្រុមកម្លាំងប្រចាំការបានចេញរថយន្តទៅជាបន្ទាន់ តែផ្លូវឆ្ងាយទំរាំតែនឹងទៅដល់ ផ្ទះឈើរបស់ប្រជាពលរដ្ឋខាងលើបានរងការឆេះស្ទើរតែទាំងស្រុងទៅហើយ ។ តែក្រុមអគ្គិភ័យបានស្ទុះស្ទារបាញ់ទឹកទៅលើផ្ទះឆេះនោះ និងបានទប់ស្កាត់ដោយមិនឲ្យឆេះឆ្លងទៅដល់ផ្ទះអ្នកជិតខាងឡើយ ។
ខណៈសមត្ថកិច្ចមានតាំងពីថ្នាក់ខេត្ត ដល់ថ្នាក់ស្រុក បានចុះទៅដល់ ម្នាក់ៗសស្រាក់សស្រាំជួយបាញ់ទឹក ថែមទាំងបានជួយការពារទ្រព្យសម្បត្តិរបស់អ្នកនៅក្បែរចំណុចកើតហេតុ ដែលខ្លាចភ្លើងឆេះទៅដល់ត្រូវជញ្ជូនទៅដាក់នៅកន្លែងសុវត្ថិភាពផងដែរ ។
លោកខ្លូត ចិន្តា អភិបាលស្រុកចំការលើ បានឲ្យដឹងដែរថា ចំពោះមូលហេតុដែលបណ្តាលឲ្យមានគ្រោះអគ្គិភ័យខាងលើនេះដោយសារតែទុស្សេចរន្តអគ្គីិសនី ហើយម្ចាស់ផ្ទះមិនបាននៅផ្ទះទេ ទើបជាហេតុបណ្តាលឲ្យឆេះស្ទើរតែទាំងស្រុងតែម្តង តែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះឡើយ ។
លោកអភិបាលស្រុកចំការលើបញ្ជាក់ឱ្យដឹងផងដែរថា នៅថ្ងៃស្អែកទី២៩ មិថុនា រូបលោកនឹងសហការីចុះទៅកាន់ទីនោះ នឹងនាំយកអំណោយទៅចែកជូនដល់ម្ចាស់ផ្ទះដែលរងគ្រោះដោយអគ្គីភ័យផងដែរ ៕
ចែករំលែកព័តមាននេះ