ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុស២នាក់កំពុងជិះឌុបគ្នាទៅទទួលបងស្រីនៅផ្សារ ត្រូវចោរប្លន់២នាក់ធ្វើសកម្មភាពកៀរម៉ូតូC125 ស៊េរីឆ្នាំ2015មួយគ្រឿងឱ្យឈប់ ហើយជនសង្ស័យទាំង២នាក់នោះបានគំរាមប្លន់យកម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង០៩ និង៥៥នាទី ព្រឹកថ្ងៃទី១៥ ឧសភា ២០១៥ នេះ ស្ថិតនៅចំណុចខ្នងទួលដា ក្នុងភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់ ១-ឈ្មោះគិត ប៊ុនថាន់ អាយុ១៣ឆ្នាំ និងម្នាក់ទៀតឈ្មោះឡោ សារិទ្ធ អាយុ៩ឆ្នាំ (ជាប្អូន) មានទីលំនៅក្នុងភូមិប្ញស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះម៉ូតូពាក់ស្លាកលេខភ្នំពេញ 1CU-2002។
ប្រភពបន្តថា មុនពេលកើតហេតុ ក្មេងប្រុសទាំង២នាក់ជិះឌុបគ្នាចេញពីផ្ទះ ដើម្បីទៅទទួលបងស្រីនៅផ្សារទួលតាឡាក់ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ មកជិះកៀរម៉ូតូពួកគេឱ្យឈប់ ហើយគំរាមយកម៉ូតូតែម្តង ។
លោកអធិការស្រុកភ្នំស្រួចបានឱ្យដឹងថា បន្ទាប់ពីទទួលដំណឹងនេះភ្លាម លោកកំពុងតែធ្វើការស្រាវជ្រាវយ៉ាងចិត្តទុកដាក់បំផុត ក្រោយពីទទួលដឹងថា ជនសង្ស័យបានធ្វើដំណើរតាមផ្លូវបណ្តោយផ្លូវជាតិលេខ០៤ ឆ្ពោះទៅទិសខាងកើតនោះ ។
ចែករំលែកព័តមាននេះ