ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ រាជរដ្ឋាភិបាល​ចេញផ្សាយ​ក្រដាសប្រាក់​1​ម៉ឺន​រៀល​ថ្មី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ចេញផ្សាយ និង​ធ្វើ​ចរាចរណ៍​ប្រើប្រាស់​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ធនប័ត្រ​ប្រភេទ​១០០០០​រៀល​គំរូ​ថ្មី ។
ធនាគារជាតិ​នៃ​កម្ពុជា សូម​ប្រកាស​ផ្សាយ​ជា​សាធារណៈ​នូវ​លក្ខណៈ​សម្គាល់​នៃ​ធនប័ត្រ​គំរូ​ថ្មី​នេះ មាន​ដូច​ខាងក្រោម ៖

ក​-​លក្ខណៈ​ទូទៅ ៖
-​ទំហំ​ធនប័ត្រ ៖ បណ្តោយ​១៥៥​មិល្លីម៉ែត្រ និង​ទទឹង​៧២​មិល្លីម៉ែត្រ
-​ពណ៌​ចម្បង គឺ​ពណ៌​ទឹកសមុទ្រ ពណ៌​ទឹកក្រូច និង​ពណ៌​ត្នោត ។

ខ​-​ផ្ទៃ​ខាង​មុខ ៖
-​ផ្នែក​កណ្តាល ខាងស្តាំ​ត្រូវ​បាន​រំលេច​ឡើង​នូវ​ព្រះ​ឆាយាល័ក្ខណ៍​នៃ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី មើល​ពីមុខ​បញ្ឆិត​ចំហៀង​ខាងឆ្វេង និង​មាន​រូប​ក្បាច់ចម្លាក់​ប្រាសាទបន្ទាយស្រី​នៅ​ពីក្រោយ​និង​ពីក្រោម ខាងឆ្វេង​មាន​លេខ «១០០០០» នៅ​ពីលើ​គេ​បន្ទាប់​មក​គឺជា​ហត្ថលេខា​របស់​ទេសាភិបាល និង​អគ្គ​បេឡា ព្រមទាំង​រូបចម្លាក់​ហោជាងប្រាសាទ​ក្នុង​ព្រះ​បរមរាជវាំង និង​នៅ​ពីក្រោម​មាន​លេខ​- មាលា​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ខ្មៅ រូបចម្លាក់​នាគ​ក្បាល​៧ នៅ​ប្រាសាទធម្មនន្ទ និង​អក្សរ «​មួយ​ម៉ឺន​រៀល​» ព្រមទាំង​អក្សរ «​អ្នក​ក្លែង​ក្រដាសប្រាក់​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​» នៅ​គែម​ខាងក្រោម​នោះ ។
-​ផ្នែក​ខាងស្តាំ ជ្រុង​លើ​មាន​អក្សរ «​ធនាគារជាតិ​នៃ​កម្ពុជា​» ជ្រុង​ក្រោម​មាន​លេខ​-​មាលា​បោះពុម្ព​ដោយ​ទឹកខ្មៅ​ពណ៌​ក្រហម និង​មាន​លេខ «១០០០០» ព្រម​ជាមួយ​លេខ «10000» នៅ​ពីក្រោម​នោះ និង​នៅ​គែម​ក្រដាសប្រាក់​មាន​រូបភាព​អង្គ​ដៅ​ចំណាំ​ត្រូវ​បាន​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ដែល​នឹង​ចេញ​ជា​លេខ «10000» ពេល​មើល​ឆ្លុះ​ទៅ​រក​ប្រភព​ពន្លឺ​អ្វីមួយ ។
-​ផ្នែក​ខាងឆ្វេង មាន​លេខ «10000» ព្រាល​ៗ​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ព្រមទាំង​មាន​និមិត្តសញ្ញា​ពិសេស​សម្រាប់​ជន​ពិការ​ភ្នែក​នៅ​ពីក្រោម​នោះ និង​នៅ​កៀន​ខាងឆ្វេង​មាន​បន្ទះ​ហូ​ឡូ​ក្រាម ទំហំ​១០​មិល្លីម៉ែត្រ ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប និង​ស្តង់ដា​កម្រិត​ខ្ពស់ កាត់​ទទឹង​ក្រដាសប្រាក់​ពីលើ​ដល់​ក្រោម ។

គ​-​ផ្ទៃ​ខាង​ខ្នង ៖
-​ផ្នែក​កណ្តាល ត្រូវ​បាន​រំលេច​ឡើង​នូវ
រូបភាព​ប្រាសាទនាគព័ន្ធ​ក្នុង​ខេត្តសៀមរាប និង​មាន​អក្សរ «​មួយ​ម៉ឺន​រៀល​» នៅ​ពីក្រោម​នោះ ។
-​ផ្នែក​ខាងស្តាំ មាន​រូបចម្លាក់​ថ្ម​ពល​ហៈ (​ជា​ព្រះ​ពោធិសត្វ​) នៅ​ក្នុង​ប្រាសាទនាគព័ន្ធ និង​មាន​លេខ «១០០០០» នៅ​ពីក្រោម​នោះ ព្រមទាំង​លេខ «10000» ដែល​ត្រូវ​បាន​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ​នៅ​ជ្រុង​ខាងលើ ។
-​ផ្នែក​ខាងឆ្វេង ខាងលើ​មាន​អក្សរ «​ធនាគារជាតិ​នៃ​កម្ពុជា​» និង​អក្សរ «NATIONAL BANK OF CAMBODIA» នៅ​បន្ទាប់​គ្នា ខាងក្រោម​មាន​លេខ «១០០០០» ព្រម​ជាមួយ​លេខ «2015» នៅ​ពីលើ​នោះ និង​នៅ​គែម​ក្រដាសប្រាក់​មាន​រូបភាព​អង្គ​ដៅ​ចំណាំ​ត្រូវ​បាន​បោះពុម្ព​តាម​បន្ទាត់​បញ្ឈរ ដែល​ចេញ​ជា​លេខ «10000» ពេល​មើល​ឆ្លុះ​ទៅ​រក​ប្រភព​ពន្លឺ​អ្វីមួយ ។

ចាប់ពី​ថ្ងៃ​ចេញ​ប្រកាស​នេះ​តទៅ ធនប័ត្រ​ប្រភេទ ១០០០០​រៀល​គំរូ​ថ្មី ត្រូវ​បាន​ដាក់​ឱ្យ​ចរាចរ​ទន្ទឹម​គ្នា​ជាមួយនឹង​ធនប័ត្រ​ជាតិ​ប្រភេទ​ផ្សេង​ៗ​ទៀត ដែល​ត្រូវ​បាន​ចេញផ្សាយ​រួច​មក​ហើយ ។ សាធារណជន​គ្រប់​រូប​ត្រូវ​ពិនិត្យ​-​សម្គាល់​ធនប័ត្រ​ថ្មី​នេះ​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​ចៀសវាង​ការ​ភ័ន្ត​ច្រឡំ ៕