រាជធានីភ្នំពេញ ៖ កញ្ញាថន ស្រីណៃ កញ្ញាឯកទេសចរណ៍ពេលនេះបានកសាងខ្លួនជាតារាសម្តែង ។ ស្រីណៃត្រូវផលិតកម្មទាំងក្នុងស្រុក និងផលិតកម្មនៅបរទេសទាក់ទងឱ្យចូលរួមសម្តែង ។
កញ្ញាថន ស្រីណៃ ឱ្យដឹងកាលពីពេល ថ្មីៗនេះថា ក្រោយពីជាប់តំណែងជាកញ្ញាឯកទេស ចរណ៍មក នាងទទួលការងារសិល្បៈសម្តែងជាបន្តបន្ទាប់ ។ ម្ចាស់ផលិតកម្ម«ភូមិពេជ្រភាពយន្ត»បានឱ្យស្រីណៃចូលរួមសម្តែងក្នុងខ្សែភាពយន្តរឿង «ខ្មោចទឹកកក» ជាតួឯក ។ នេះជាសកម្មភាពសិល្បៈមួយថ្មី ព្រោះនៅលើវិថីសិល្បៈអតីតកញ្ញាឯកទេសចរណ៍រូបនេះធ្លាប់តែដើរបង្ហាញម៉ូដ ។ ក្រៅពីថតភាពយន្តដែលត្រៀមចាក់បញ្ចាំងតាមរោងនាអំឡុងដើមខែឧសភា ស្រីណៃត្រូវក្រុមការងាររបស់ផលិតកម្មនៅប្រទេសហ្វ៊ីលីពីនទាក់ទងឱ្យថតជាមួយតារាហ្វ៊ីលីពីន ដោយថតបានចំនួន៤០%ហើយ ។ ថតក្នុងរឿងនោះស្រីណៃត្រូវប្រើភាសាអង់គ្លេសសម្រាប់ប្រាស្រ័យទាក់ទងគ្នា ។ រឿងដែលនាងថតជាមួយផលិតកម្មហ្វ៊ីីលីពីន ត្រៀមដាក់បញ្ចាំងនៅតាមរោងភាពយន្ត និងបន្ទាប់មកបញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍ ។
រឿង «ខ្មោចទឹកកក»ដែលថន ស្រីណៃ ចូលរួមសម្តែងនឹងបញ្ចាំងនៅថ្ងៃទី៧ ឧសភា ឆ្នាំ២០១៥ នៅគ្រប់រោងភាពយន្ត ។ តារាថ្មីរូបនេះឱ្យដឹងថារឿង «ខ្មោចទឹកកក» ក្នុងសាច់រឿង ជាតិមុននាងជាមេកន្ទ្រាញមួយនៅក្នុងព្រៃមានកុលសម្ព័ន្ធ ផ្សេងៗគ្នា ។ នាងបានសម្លាប់មនុស្សហើយត្រូវគេដាក់បណ្តាសា និងតាមសងសឹកនាង គ្រប់ៗជាតិ ។ នៅជាតិថ្មីអ្នកដែលស្លាប់នោះធ្វើអ្វីនាងមិនបានក៏ចូលសណ្ឋិតក្នុងខ្លួនប្អូនស្រីរបស់នាង ។ ទោះជាយ៉ាងណាក្តី ទីបំផុតនាងត្រូវគេសម្លាប់ក្លាយទៅជាខ្មោចវិញ ។ អាជីពសិល្បៈសម្តែងបើកឆាកជាលើកដំបូង ថន ស្រីណៃ បានតំណែងជាតួខ្មោច ។
ធ្លាប់ឆ្លងកាត់ជាបេក្ខជនម្នាក់ប្រឡងកញ្ញាឯកទេសចរណ៍ ថន ស្រីណៃ មានបទពិសោធន៍ច្រើនគ្រប់ផ្នែក និងធ្លាប់ទៅប្រឡងនៅបរទេសទៀត ដូចនេះបើសិនជាក្រុមហ៊ុនដែលរៀបចំប្រឡងនោះត្រូវការរូបនាងឱ្យបង្រៀនអ្នកជំនាន់ក្រោយ នាងនឹងជួយដើម្បីឱ្យដឹងរបៀបប្រឡង និងរបៀបដើរនៅលើវេទិកាប្រកបដោយភាពក្លាហាន និងទំនុកចិត្ត ។
ថន ស្រីណៃ ជាអ្នកខេត្តកណ្តាលនៅតំបន់អ្នកលឿង ។ នាងមានបងប្អូនបង្កើតចំនួន៥នាក់ ស្រីទាំងអស់ ក្នុងនោះរូបនាងជាកូនទី៣ ។ ស្រីណៃបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងនៅសាកលវិទ្យាល័យជាតិគ្រង់គ្រងនាឆ្នាំ២០១១ ។ ឪពុក ម្តាយនាងជាអ្នកលក់ដូរ ។ ក្នុងរង្វង់គ្រួសាររបស់ស្រីណៃមិនមានអ្នកណាមួយធ្លាប់ប្រឡូកសិល្បៈទេ តែសុទ្ឋតែជាអ្នកស្រឡាញ់សិល្បៈ។ ឪពុក ម្តាយស្រីណៃជំរុញឲ្យនាងខំតស៊ូក្នុងពិភពសិល្បៈ ។
ដំបូងឡើយថន ស្រីណៃចូលក្នុងក្រុមបង្ហាញម៉ូដសាពណ៌ អំឡុងឆ្នាំ២០០៧ដោយរៀននៅមហាវិទ្យាល័យផង ដើរម៉ូដផង ។ ក្រោយមកនាឆ្នាំ២០០៩នាងចូលក្រុមស្តាយស៊ុបពើម៉ូដែល តែដោយពេលនោះនាងងាកមករកស៊ីផ្ទាល់ខ្លួនក៏បាត់មុខមួយរយៈ ។ ទើបតែចុងក្រោយនេះកញ្ញាថន ស្រីណៃបានប្រកួតកញ្ញាឯកទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ ហើយបានវិវឌ្ឍខ្លួនជាតារាសម្តែងនាពេលនេះ ៕
ចែករំលែកព័តមាននេះ