រាជធានីភ្នំពេញ ៖ ជាមួយទុនជាង១៣ម៉ឺនដុល្លារដើម្បីលើកកម្ពស់វិស័យភាពយន្តខ្មែរ និងតម្លៃដ៏វិសេសនៃក្បាច់គុនល្បុក្កតោខ្មែរ ផលិតកម្ម Z Entertaiment បានរួមសហការគ្នាជាមួយក្រុមការងារ និងតារាសម្តែងផលិតខ្សែភាពយន្តបុរាណមានចំណងជើងថា «ល្បុក្កតោចម្លែក»។ ផលិតកម្មនេះរៀបចំពិធីសែនក្រុងពលីដំណើរការថតកាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៥ នៅតំបន់ភ្នំបាសិត ដែលជាទីតាំងថតរឿង «ល្បុក្កតោចម្លែក» ។
លោកលៀង ខេងហេង ចាងហ្វាងផលិតកម្ម Z Entertaiment បានថ្លែងថា «រឿងល្បុក្កតោចម្លែក» ជាប្រភេទរឿងវាយតប់បែបក្បាច់គុនបុរាណខ្មែរ ។ រឿងនេះចំណាយពេលថតជាង៣ខែ និងចំណាយដើមទុន១៣ម៉ឺនដុល្លារ ឬអាចលើសនេះតាមសភាពជាក់ស្តែង ។ ចំណុចសំខាន់ដែលមិនផលិតរឿងស្នេហា រឿងខ្មោចបិសាចនិងយកកីឡាករប្រដាល់ ល្បីៗមកសម្តែង ព្រោះចង់បានរសជាតិប្លែកជាងរឿងដែលគេធ្វើកន្លងមក ដដែលៗដើម្បីបម្រើអារម្មណ៍ទស្សនិកជន។ ចំណុចប្លែកមិនប្រើក្បាច់គុនទំនើបទាន់សម័យ តែប្រើក្បាច់គុនបុរាណ ដែលជាប្រភេទការវាយតប់លំបាកខ្លាំងសម្រាប់តារាសម្តែងដែលត្រូវតែធ្វើឱ្យទាល់តែបាន ។
បច្ចេកទេសនៃការផលិតរឿងក្បាច់គុនវាយតប់នេះ មិនអាចយកទៅប្រៀបផ្ទឹមជាមួយរឿងបរទេសបានទេ តែសម្រាប់ខ្មែរយើងនៅក្នុងស្រុកគឺក្បាច់ ល្បុក្កតោពិតជាទាក់ទាញមហាជន ខណៈតួសម្តែងសុទ្ធតែជាអ្នកចេះក្បាច់គុន និងមានបទពិសោធន៍ ។ គុណភាពដែលផលិតសង្ឃឹមខ្ពស់ថា ទស្សនិកជនអាចទទួលយកបានព្រោះប្លែក ថ្មីដែលគេមិនទាន់រកឃើញ។ តួសម្តែងដែលជាអ្នកប្រដាល់ភាគច្រើន បានឱ្យហ្វឹកហាត់រយៈពេល២ខែមុននឹងថត ។ ចំពោះរយៈពេលថត៣ខែអាចគ្រប់គ្រាន់ ឬលើសតិចតួចដែលភាគច្រើនថតនៅតំបន់ភ្នំបាសិត ។ ចំពោះតម្លៃខ្លួនសិល្បករ គឺផលិតកម្មបានជូនសមរម្យ ។
កីឡាករ វ៉ន វីវា ជាតួអង្គសំខាន់ក្នុងរឿង «ល្បុក្កតោចម្លែក» ឱ្យដឹងថា តួសម្តែងវាយគប់នីមួយៗ ត្រូវផលិតកម្មតម្រូវឱ្យហាត់រាប់ខែមុនថតជាផ្លូវការ ។ សិល្បករទាំងអស់មានទំនុកចិត្តថា សម្តែងបានល្អ ។ ចំណុចខ្លាំងសម្រាប់ទីផ្សារ ទីមួយភាពយន្តបុរាណគឺផលិតកម្មធ្វើឡើងជារឿងបុរាណ ពិតៗ និងប្លែកគេ ព្រមទាំងចូលរួមពីតារាដែលចេះក្បាច់គុន ដូចជាលោកសេន ប៊ុនថេន លោកសុខ ដែន លោកពេជ្រ សុផាន់ លោកធន់ សុភា លោកអូត ភូថង និងលោកសេង សុខចាន់ ជាដើម ។
វ៉ន វីវ៉ា និយាយថា ភាពយន្តដែលមានឈុតឆាកវាយតប់គ្នានេះមានតិចតួចណាស់នៅស្រុកខ្មែរ ហើយបើមានពីមុន គឺមិនសូវល្អ ។ ម្ល៉ោះហើយកីឡាករទាំងអស់នឹងសម្តែងឱ្យល្អបំផុតបំពេញចិត្តអ្នកទស្សនា ។ ការយកល្បុក្កតោមកសម្តែងនេះជួយអភិរក្សក្បាច់គុនសម្រាប់ឱ្យអ្នកជំនាន់ក្រោយចាប់អារម្មណ៍៕
ចែករំលែកព័តមាននេះ