ខេត្តពោធិ៍សាត់ ៖ មនុស្សពីរក្រុមមានទំនាស់ពាក្យសម្ដីគ្នាក្នុងពេលកំពុងហូបការកូនអ្នកស្រុករហូតឈានដល់ប្រើដំបង និងកាំបិតដេញវាយកាប់ចាក់គ្នាផ្អើលពេញរោងការបណ្ដាលឲ្យរងរបួសធ្ងន់-ស្រាល០៣នាក់ហើយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានតែម្នាក់ប៉ុណ្ណោះ រួមជាមួយវត្ថុតាងកាំបិតខ្វែវមួយ និងដំបងឈើជ្រុងមួយផងដែរ។
ករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២២ មករា ២០១៥ នៅភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ។ នគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះឈ្មោះគុណ សំណាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ០៣នាក់ ១-ឈ្មោះផៃ ស្រេង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់(របួសធ្ងន់) ២-ឈ្មោះឯម ណែម ភេទប្រុស អាយុ៣២ឆ្នាំ(របួសស្រាល) និង៣-ឈ្មោះសាន គឹមសំ ភេទប្រុស អាយុ១៩ឆ្នាំ(របួសស្រាល) ទាំងពីរនាក់នេះរស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញជាមុខសញ្ញាធ្លាប់បង្ករបួសស្នាមលើអ្នកដទៃកន្លងមក ហើយស្ថិតក្នុងការតាមដានរបស់សមត្ថកិច្ចទៀតផង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះគុណ សំណាង បានបដិសេធថា ខ្លួនមិនមែនជាជនដៃដល់នោះទេ គ្រាន់តែជាអ្នកចូលទៅជួយគេប៉ុណ្ណោះ ឯជនដៃដល់គេចខ្លួនបាត់ទៅហើយ។ ទាក់ទិននឹងអំពើហិង្សានេះ ជនសង្ស័យបានរៀបរាប់ថា នៅថ្ងៃទី២២ មករា នោះ នៅភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវាញ មានកម្មវិធីមង្គលការកូនអ្នកស្រុកដែលមានភ្ញៀវស្រីប្រុសចាស់ក្មេងរាប់រយនាក់ចូលរួម។ ខណៈពេលដែលភ្ញៀវកំពុងហូបចុកយ៉ាងសប្បាយរីករាយ ដែលខ្លះស្រវឹងជោកជាំទៅហើយនោះ ស្រាប់តែមានមនុស្សពីរក្រុមដែលមានតុនៅក្បែរគ្នាមានទំនាស់ពាក្យសម្ដីនិយាយដៀមដាមដាក់គ្នារហូតដេញវាយកាប់ចាក់គ្នាផ្អើលភ្ញៀវពេញរោងការ។
ឃើញដូច្នេះខ្លួនបានចូលទៅជួយឃាត់កុំឲ្យពួកគេឈ្លោះគ្នានាំឲ្យម្ចាស់ដើមការខាតបង់ចំណងដៃ និងអាប់ឱនកិត្តិយសដល់កូនកំលោះកូនក្រមុំ។ ភ្លាមៗនោះសមត្ថកិច្ចបានមកដល់ស្រាប់តែពួកគេទាំងពីរក្រុមរត់បាត់អស់ ពេលនោះសមត្ថកិច្ចក៏ឃាត់ខ្លួនរូបគេដែលគ្រាន់តែជាអ្នកឃាត់គេកុំឲ្យឈ្លោះគ្នាសោះនោះ។
សមត្ថកិច្ចបញ្ជាក់ថា ទាំងនេះគ្រាន់តែជាការដោះសាររបស់ជនសង្ស័យប៉ុណ្ណោះ តាមពិតទាំងជនសង្ស័យទាំងជនរងគ្រោះសុទ្ធតែជាមុខសញ្ញាធ្លាប់បង្កបញ្ហាកន្លងមក ហើយស្ថិតក្នុងការតាមដានរបស់សមត្ថកិច្ចទៀតផង។ ជាក់ស្ដែងពេលនេះបង្កបញ្ហាក្នុងរោងការហើយ ថែមទាំងមានដំបងកាំបិតជាវត្ថុតាងទៀត៕
ចែករំលែកព័តមាននេះ