ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតាវ័យ72ឆ្នាំធាក់ស៊ីក្លូខ្យល់គរតាមផ្លូវសន្លប់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ភាព​ក្រីក្រ លោកតា​វ័យ​៧២​ឆ្នាំទៅ​ហើយ នៅ​តែ​ប្រកបរ​បរធាក់​ស៊ី​ក្លូ​រក​កម្រៃ​ហូប​ចុក តែ​មិន​គ្រប់គ្រាន់​ក៏​ខ្យល់គរ​តាម​ផ្លូវ ត្រូវ​សមត្ថកិច្ច និង​សន្តិសុខ​ឯកជន​លើកដាក់​លើ​ស៊ី​ក្លូ​យក​ទៅ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ភាព​ក្រីក្រ លោកតា​វ័យ​៧២​ឆ្នាំទៅ​ហើយ នៅ​តែ​ប្រកបរ​បរធាក់​ស៊ី​ក្លូ​រក​កម្រៃ​ហូប​ចុក តែ​មិន​គ្រប់គ្រាន់​ក៏​ខ្យល់គរ​តាម​ផ្លូវ ត្រូវ​សមត្ថកិច្ច និង​សន្តិសុខ​ឯកជន​លើកដាក់​លើ​ស៊ី​ក្លូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ភព​ក្រុង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ធ្នូ នៅ​មុខ​សណ្ឋាគារ​អេ​ន​ជេ​ល ផ្លូវ​លេខ​២១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

តាម​ពិត​ទៅ របរ​ធាក់​ស៊ី​ក្លូ​កំពុង​បាត់បង់​អាជីព​ទៅ​ហើយ បើ​មាន​ខ្លះ​នោះ​គ្រាន់តែ​ជា​ការ​អភិរក្ស​សម្រាប់​បម្រើ​លើ​វិស័យ​ទេសចរណ៍​តែប៉ុណ្ណោះ ។ ចំពោះ​ឥរិយាបថ​អ្នក​ជិះ​ស៊ី​ក្លូ​វិញ ក៏​ហាក់​លែង​ជា​ជម្រើស​ទៀត​ហើយ ព្រោះ​យានយន្ត​នានា​បាន​ចូល​មក​ជំនួស ។ បើ​និយាយ​ពី​លោកតា​វិញ សម្រាប់​អ្នក​ជិះ​ក៏​មិន​ហ៊ាន​ហៅ​គាត់​ជិះ​ដែរ ដោយសារ​គាត់​ចាស់​គ្មាន​កម្លាំង​ឯណា​ធាក់​ស៊ី​ក្លូ តែ​នេះ​ដោយសារ​ស្ថានភាព​ជីវភាព ក៏​បង្ខំ​ឱ្យ​លោកតា​ត្រូវ​តែ​ត្រដាបត្រដួស​ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត និង​គ្រួសារ​នោះ ។

ទាក់ទិន​នឹង​តា​ស៊ី​ក្លូតាម​សន្តិសុខ​យាម​នៅ​ក្បែរ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា គេ​ឃើញ​លោកតា​វ័យ​ចំណាស់​ម្នាក់​នេះ​ដើរ​អូស​ស៊ី​ក្លូ​តាម​ផ្លូវ​មិន​បាន​ឡើង​ធាក់​ទេ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​ ផ្លូវ​លេខ​២១១ លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ខ្យល់គរ​ ដួល​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍ និង​សមត្ថកិច្ច​ល្បាត​ ក្នុង​មូលដ្ឋាន​លើកដាក់​លើ​ស៊ី​ក្លូ​របស់​គាត់​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី រួច​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្ព​ព​ក្រុង ​។ ពេល​ទៅ​ដល់​មន្ទីរពេទ្យ លោកតា​ក៏​បានដឹង​ខ្លួន​វិញ ។

លោកតា​បាន​រៀបរាប់​ដោយ​សំឡេង​មិនសូវ​ច្បាស់​ថា គាត់​ឈ្មោះកង យី​ម អាយុ​៧២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា មានស្រុក​កំណើត​នៅ​ភូមិ​ប្រ​ស្រែ ឃុំ​សំណាញ់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត មាន​ប្រពន្ធ និង​កូន​៧​នាក់ តែ​ពួក​គេ​មាន​ប្តី​ប្រពន្ធ​អស់ហើយ ។

ជា​រៀងរាល់ថ្ងៃ គាត់​ជួល​ស៊ី​ក្លូ​ពី​ថៅកែ​នៅ​ខាងក្រោយ​បណ្ណាគារ​បាក់​ទូក ​យក​ទៅ​ធាក់​ក្នុង​មួយ​ថ្ងៃ​បាន​ប្រាក់​ពី​៦.០០០​រៀល ទៅ​៧.០០០​រៀល សន្សំ​សំចៃ​ទុក​លុយ​ផ្ញើ​ទៅ​ឱ្យ​យាយ​នៅ​ស្រុក​កំណើត​ផង និង​ហូប​ចុក​ខ្លួនឯង​ផង តែ​គាត់​មិនសូវ​ហ៊ាន​ហូប​គ្រប់គ្រាន់​ទេ ទើប​មិនសូវ​មាន​កម្លាំង​ពលំ ​។ នៅ​ព្រឹក​កើតហេតុ គាត់​បាន​ភ្ញាក់​ទៅ​យក​ស៊ី​ក្លូ​នៅផ្ទះ​ថៅកែ រួច​ហើយ​ក៏​ដើរ​អូស​ស៊ី​ក្លូ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ងងឹតមុខ​ដួល​តែ​ម្តង ។ ពេល​នេះ លោកតា​កំពុង​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​សម្ភព​ក្រុង ហើយ​មិន​ទាន់​មាន​សាច់ញាតិ​ទៅ​មើល​ទេ ថែម​ទាំង​អត់​មាន​លុយ​សម្រាប់​ព្យាបាល​ជំងឺ​ទៀត ។

ទោះបីជា​បែប​ណា មន្ទីរពេទ្យ​ពិតជា​សង្គ្រោះ​គាត់ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ខ្លោចផ្សា​ក្នុង​ចិត្ត​នោះ គឺ​ចំណាស់​នេះ​ទៅ​ហើយ គាត់​ពុំគប្បី​មក​ប្រើ​កម្លាំង​ធាក់​ស៊ី​ក្លូ​ទេ ប៉ុ​ន្តែ​គាត់​ពិតជា​គ្មាន​ជម្រើស​ឡើយ ថ្វីបើ​មានកូន​រហូត​ដល់​ទៅ​៧​នាក់ គួរ​ណាស់​កូន​ៗ​អាច​ជួយ​គាត់​បាន ផ្ទុយ​ទៅ​វិញ សូ​ម្បី​តែ​យាយ​នៅ​ឯ​ស្រុក​កំណើត ក៏​រង់ចាំ​លុយ​ដែល​លោកតា​រកបាន​មិន​ដល់​១​ម៉ឺន​រៀល​ផង​ក្នុង​១​ថ្ងៃ​ផ្ញើ​ទៅ​ឱ្យ​ចាយ​ដែរ ។ ឱ​ជីវិតអើយ…! ហេតុ​អ្វី​ក៏​អយុត្តិធម៌​ម្ល៉េះ សម្រាប់​មនុស្សលោក​ដែល​មាន​វាសនា​មិន​ដូច​គ្នា​នោះ ។

កោះសន្តិភាព​សង្ឃឹមថា សប្បុរសជន​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​មានចិត្ត​មេត្តា​សណ្តោស នឹង​ជួយ​បរិច្ចាគ​ថវិកា ឬ​ជា​គ្រឿង​ឧបភោគបរិភោគ​ដល់​លោកតា ដើម្បី​មាន​កម្លាំង​ពលំ​ឡើង​វិញ​ទុក​បន្ត​អាជីព​តាម​សម្មាអាជីវោ​របស់​គាត់ ទម្រាំ​ដល់​ជីវិត​ចុង​ក្រោយ ៕
តាមរយៈកោះសន្តិភាព យើងខ្ញុំនឹងប្រគល់ជូនទៅគាត់ផ្ទាល់ដៃតែម្តង ។ សូមអរគុណ