ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្ត អះអាងថា ការស៊ើបអង្កេតបានរកឃើញពីមូលហេតុនៃការឆេះក្លិបរាត្រីហ៊ីបហប់ហើយគឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ដែលបណ្តាលឱ្យមនុស្សស្លាប់៥នាក់ ព្រមទាំងខូចខាតគិតជាទឹកប្រាក់ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ។ ការអះអាងនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ វិច្ឆិកា ក្នុងប្រតិបត្តិការស៊ើបអង្កេតរួមគ្នាមួយរវាងនគរបាលនិងមន្ត្រីអង្គភាពអគ្គិសនីខេត្តទៅលើទីតាំងក្លិបរាត្រី នៅគ្រាដែលមហាជននៅក្នុងខេត្តនៅតែបន្តដាក់មន្ទិលសង្ស័យអំពីតួលេខអ្នកឆេះស្លាប់ថា អាចមានចំនួនលើសពី៥នាក់ ។
ការសង្ស័យព្រោះពួកគេសម្គាល់ឃើញម៉ូតូ និងរថយន្តខ្លះចតចោលនៅក្នុងបរិវេណក្លិបនោះ មិនឃើញម្ចាស់មកយក ។ ជាមួយគ្នានេះ គេឃើញមានរថយន្តដឹកសំរាមបើកចេញពីបរិវេណក្លិបដែលបិទទ្វាររបងយ៉ាងជិត ដែលគេគិតថាជាការដឹកសពជម្លៀសចេញស្ងាត់ៗ ។ ស្នងការរងនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ផង សាគុណ ទទួលបន្ទុកព្រហ្មទណ្ឌ ដែលបានដឹកនាំកម្លាំងចុះស៊ើបអង្កេតបរិវេណដែលឆេះបានប្រាប់ក្រុមអ្នកកាសែតថា ឆ្លងតាមលទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា មូលហេតុពិតដែលនាំឱ្យកើតមានឧបទ្ទវហេតុឆេះក្លិបរាត្រីនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅផ្នែកខាងលើនៃអគារក្លិបនេះ ។
លោកបន្ថែមថា ក្រោយពីកើតហេតុការណ៍ដ៏អាក្រក់នេះមក មានព័ត៌មានជាច្រើនបានលេចចេញ ដោយអ្នកខ្លះសង្ស័យថាមានអ្នកស្លាប់ច្រើនជាងគេឃើញ អ្នកខ្លះថាមានសពមនុស្សអណ្តែតទឹកស្ទឹងជាដើម តែតាមពិតចំនួនជនរងគ្រោះដែលស្លាប់ពុំមានអ្វីប្រែប្រួលទេ គឺ៥នាក់ (ស្រី៣នាក់) ។
លោកថា ក្នុងចំណោម៥នាក់នេះ មានជនបរទេសម្នាក់ ។ រីឯអ្នករបួសមាន២នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ ។ គួររំឭកថា ក្លិបរាត្រី ហ៊ីបហប់ ដែលមានថៅកែជាបងឈ្មោះ លី កងវង និងប្អូនឈ្មោះ លី កងស្រ៊ុន មានទីតាំងស្ថិតនៅខាងជើងទល់មុខវត្តរាជដំណាក់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក កណ្តាលក្រុងសៀមរាប ធ្លាប់មានរឿងចម្រូងចម្រាសជាមួយព្រះសង្ឃគង់នៅវត្តក្បែរនោះ ជុំវិញការបញ្ចេញសំឡេងរំខាន និងត្រូវបានអគ្គិភ័យវាយប្រហារយ៉ាងចាស់ដៃ កាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ វិច្ឆិកា កន្លងទៅ ដោយបានឆក់យកជីវិតមនុស្សប្រុស-ស្រីចំនួន៥នាក់ ។ ដោយសារតែហេតុការណ៍នេះកើតឡើងដោយកម្រ និងគួរឱ្យសោកសង្រេងនោះ ប្រជាពលរដ្ឋទាំងទីជិតទីឆ្ងាយ តែងនាំគ្នាចោមរោមមើលកន្លែងកើតហេតុឥតដាច់ មិនថាយប់ឬថ្ងៃទេ ។ ក្នុងការចោមរោមមើលពីក្រៅរបងដែលបិទជិតនោះ អ្នកខ្លះសង្កេតឃើញមាន ម៉ូតូ រថយន្ត ជាច្រើនគ្រឿងបានចតចោលនៅទីនោះ ហើយអ្នកខ្លះទៀតបានអះអាងថា មានរថយន្តដឹកសំរាម២គ្រឿង បានចូលទៅដឹកសំរាមចេញពីបរិវេណក្លិប ។
សកម្មភាពទាំងនេះបានបង្កើតជាមន្ទិលយ៉ាងផុសផុលមួយថា អ្នកស្លាប់អាចមានចំនួនច្រើនជាង៥ នាក់ ហើយសាកសពត្រូវបានដឹកចេញទាំងយប់ក៏ថាបាន និងអ្នកខ្លះទៀតបានដាក់ការសង្ស័យថាក្លិបអាចមានជាន់ក្រោមដីទៀត ។ ឆ្លើយតបទៅនឹងមន្ទិលទាំងនោះលោក ផង សាគុណ បានបកស្រាយថា រហូតមកទល់ពេលនេះតួលេខអ្នកស្លាប់គ្មានអ្វីប្រែប្រួលទេ ហើយក៏គ្មានជាន់ក្រោមដីអ្វីដែរ ព្រោះលោកបានហៅមន្ត្រីសុរិយោដីចុះមកពិនិត្យរួចហើយដែរ។ ចំណែកម៉ូតូរថយន្តដែលចតចោលនៅក្នុងបរិវេណក្លិបនេះ ពុំមែនជារបស់ជនរងគ្រោះទេ តែជារបស់កម្លាំងសមត្ថកិច្ចដែលត្រូវបានបញ្ជូនមកយាមបរិវេណកើតហេតុតែប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថា រហូតមកទល់ពេលនេះ សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអ្នកស្លាប់អស់ហើយ ក្នុងនោះក្រុមគ្រួសារចំនួន៣នាក់បានមកដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចរួចហើយដែរ ដោយបានទារសំណងម្នាក់ៗចាប់ពី៣ពាន់ ទៅ៤ពាន់ដុល្លារអាមេរិក ។ អត្តសញ្ញាណជនរងគ្រោះដែលស្លាប់គឺ ៖
១-ឈ្មោះ Tom Aricketson ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិអូស្ត្រាលី ។
២-ឈ្មោះ ព្រំ ភិរុណ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកបើកបររថយន្តដឹកគ្រឿងសំណង់ ។
៣-ឈ្មោះ ចេង សាវឿន ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិតាថុល សង្កាត់ស្វាយដង្គំ ។
៤-ឈ្មោះ ជា ស្រីនី ភេទស្រី អាយុ៣៣ឆ្នាំ ជានារីបម្រើខារ៉ាអូខេ CNN ស្នាក់នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។
៥-ឈ្មោះ សឿន សាវូន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ ។
ដោយឡែកអ្នករងរបួសចំនួនពីរនាក់ផ្សេងទៀតម្នាក់ឈ្មោះ អាត សារ៉ាត ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរនារីខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងម្នាក់ទៀតឈ្មោះយ៉ាត ស្រីម៉ៅ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរនារីខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ។ ទោះជាយ៉ាងណាករណីនេះមិនអាចដោះស្រាយត្រឹមដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌បានទេ រឿងនេះត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ អភិបាលក្រុងសៀមរាបស្ដីទីលោក សូរ ប្លាតុង បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃ១៨ វិច្ឆិកា ថា ករណីនេះសមត្ថកិច្ចកំពុងតែបើកការស៊ើបអង្កេត ដើម្បីរកអ្នកទទួលខុសត្រូវដោយជំហានដំបូងឃើញថា អគារក្លិបរាត្រីនេះសាងសង់ពុំមានបទដ្ឋានស្តង់ដាសុវត្ថិភាពទេ គឺច្រកចេញចូលមានលក្ខណៈតូចចង្អៀត និងគ្មានច្រកអគ្គិភ័យសម្រាប់ជម្លៀសមនុស្សចេញនៅពេលគ្រោះអគ្គិភ័យនោះទេ ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបលោក កើត សុវណ្ណារ៉េត នៅព្រឹកថ្ងៃទី១៨ នេះមិនអាចពន្យល់ផ្នែកច្បាប់បាននៅឡើយទេពាក់ព័ន្ធនឹងឧបទ្ទវហេតុឆេះក្លិបរាត្រីខាងលើដោយលោកប្រាប់ថា លោកនៅមិនទាន់ទទួលបានសំណុំរឿងនៅឡើយ ។ លោកថា ដូច្នេះនៅមិនទាន់ដឹងពីអង្គហេតុ និងចំណាត់ការបន្តបែបណានៅឡើយទេ ។ ចំណែកចៅក្រមសាលាដំបូងខេត្តសៀមរាបម្នាក់ទៀតថ្លែងថា ករណីនេះម្ចាស់ក្លិបត្រូវតែទទួលខុសត្រូវផ្នែកសំណងរដ្ឋប្បវេណីសម្រាប់ជនរងគ្រោះ ហើយបើសិនជាការស៊ើបអង្កេតរកឃើញពីការធ្វេសប្រហែសបង្កឱ្យមានគ្រោះថ្នាក់ ទាំងអ្នកគ្រប់គ្រងទាំងថៅកែក្លិប នឹងត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌបន្ថែមទៀត ពីបទសម្លាប់មនុស្សដោយអចេតនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយសម្រាប់ប្រវត្តិសាស្ត្រក្រុងទេសចរណ៍សៀមរាបដែលមានករណីឆេះលក្ខណៈទ្រង់ទ្រាយធំបែបនេះ ចាប់តាំងពីចុងឆ្នាំ២០១២ រហូតមក ដោយបានឆក់យកអាយុជីវិតមនុស្សស្រីប្រុស សរុប១៣នាក់រួចមកហើយ ។ ដែលលើកទី១ ករណីឆេះផ្សាររាត្រីសៀមរាប ស្ថិតនៅតាមបណ្តោយវិថីស៊ីវុត្ថា ក្នុងក្រុមទី៤ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ កាលពីវេលាម៉ោងប្រមាណ២រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ធ្នូ ២០១២ ដោយបានដុតកំឡោចមនុស្សស្រីប្រុស ក្មេងចាស់ចំនួន៨នាក់ ជាសមាជិកក្រុមគ្រួសារជាប់សាច់ឈាមគ្នា និងជាម្ចាស់ភោជនីយដ្ឋានមនោរម្យ ។ លើកចុងក្រោយនេះជាករណីឆេះក្លិបរាត្រីហ៊ីបហប់នេះតែម្តង ដោយឆក់យកអាយុជីវិតមនុស្សចំនួន៥នាក់ ។
ដោយឡែក ក្រុមអ្នកកាន់អបិយជំនឿបានលើកឡើងថា ទីតាំងខាងលើនេះមានគ្រោះថ្នាក់៣លើកមកហើយ ដោយលើកទី១ គឺនៅពេលដែលសាងសង់អគារអតីតក្លិបម៉ាទីនី មានផ្ទុះគ្រាប់បែកនៅក្នុងក្លិបនោះ ។ លើកទី២ នៅពេលដែលបើកក្លិបយីហោផ្ទះខ្មោច ដែលបានសម្តែងរឿងរំភើបលស់ព្រលឹងនោះ បានឆក់យកជីវិតក្មេងស្រីម្នាក់ បណ្តាលឱ្យម្ចាស់ហាងសម្រេចបិទហាងរបស់ខ្លួនចោល ។ លើកទី៣ បានឆក់យកជីវិតមនុស្សប្រុសស្រីចំនួន៥នាក់ នៅក្នុងក្លិបកម្សាន្តហ៊ីបហប់ នេះទៀត ហើយបច្ចុប្បន្ននេះត្រូវបានម្ចាស់ដីសម្រេចចិត្តដកយកវិញ ។ ដូច្នេះនៅទីតាំងខាងលើនេះអាចចង្រៃហើយ… គេមិនដឹងថា មានថៅកែណាម្នាក់ហ៊ានមកជួលបន្តទៀតឬអត់ទេ ។ គេនិយាយពីមួយទៅមួយថា បើតាមជំនឿ គឺទីតាំងខាងលើនេះអាចមានខ្មោច ឬព្រាយបិសាច រង់ចាំឆក់យកជីវិតក្នុងមួយឆ្នាំម្តង ដែលនិយាយអាក្រក់បែបនេះ អ្នកណាដែលជឿ ពិតជាខ្លាចមែនទែន ៕
ចែករំលែកព័តមាននេះ