រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់បន្ទាប់ពីឈ្លោះប្រកែកគ្នាជាមួយនារីជាសង្សារ ក៏បានជិះម៉ូតូឌុបកូនស្រីរបស់ខ្លួនបំរុងបើកចូលរថយន្តដើម្បីធ្វើអត្តឃាត តែត្រូវម្ចាស់រថយន្តបើកគេចទើបធ្វើឱ្យម្តាយនិងកូនពុំមានគ្រោះថ្នាក់កើតឡើង ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី១៩ វិចិ្ឆកា ២០១៤ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ស្រ្តីជាម្តាយមានឈ្មោះ ស្រី ពៅ អាយុ៣១ឆ្នាំ ចំណែកកូនស្រីឈ្មោះ ស្រី ហេង អាយុ៩ឆ្នាំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុស្រ្តី ដែលមានឈ្មោះស្រី ពៅ ខាងលើបានឈ្លោះប្រកែកគ្នាជាមួយនារីម្នាក់ ដែលគេដឹងថាជាសង្សារនឹងគ្នា ( ស្រីស្រឡាញ់ស្រី ) ដោយនារីជាសង្សារបានទះកំភ្លៀងស្រ្តីខាងលើ ហើយឡើងជិះម៉ូតូចេញទៅបាត់ ដែលធ្វើឱ្យស្រ្តី ដែលមានឈ្មោះស្រី ពៅ ខឹង ក៏បានទាញមូតូម៉ាកMSX ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញCS-2311 ជិះឌុបកូនស្រីរបស់ខ្លួនក្នុងល្បឿនយ៉ាងលឿន បំរុងបើកចូលពីក្រោយរថយន្តតែម្ចាស់រថយន្តដឹងខ្លួនទាន់ ក៏បានបើកគេចទើបមិនបណ្តាលឱ្យម្តាយ និង កូនពីរនាក់នោះរងគ្រោះថ្នាក់ ។ ប៉ុន្តែក្រោយពីដឹងថាម្តាយជិះម៉ូតូបំរុងចូលរថយន្ត កូនស្រីស្រ្តីខាងលើ បានប្រកែកមិនឡើងជិះម៉ូតូជាមួយម្តាយរបស់ខ្លួននោះទេ ដោយមានការប្រទាញប្រទង់គ្នា ធ្វើឱ្យប្រជាពលរដ្ឋមានការសង្ស័យថា មានការចាប់ក្មេង ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ។
ក្រោយពេលកើតហេតុសមត្ថបានចុះមកសួរហេតុផលទើបដឹងថាស្រ្តីខាងលើជាម្តាយក្មេងស្រីនោះ និងបានដឹងពីដំណើររឿងរបស់ស្រ្តីខាងលើ ទើបសមត្ថកិច្ចជួយធ្វើការសម្របសម្រួលឱ្យ ទើបកូនស្រីព្រមឡើងជិះម៉ូតូត្រឡប់ទៅផ្ទះជាមួយម្តាយ ។
គួរបញ្ចាក់ថាមុននិងស្រ្តីខាងលើស្រឡាញ់គ្នាជាមួយនារីជាសង្សារនោះ ស្រ្តីរូបនេះបានរៀបការជាមួយបុរសម្នាក់រហូតទទួលបានកូនស្រីមួយដែលជាចំណងដៃអាពាហ៍ពិពាហ៍ ។ ក៏ប៉ុន្តែការរស់នៅជាមួយស្វាមីរូបនោះចេះតែធ្វើឱ្យស្រ្តីរូបនេះឈឺចាប់ ទើបចែកផ្លូវគ្នាដើរ រហូតមកដល់ពេលនេះស្រ្តីរូបនេះបែជាមកដាក់ចិត្តស្រឡាញ់ស្រីដូចគ្នាទៅវិញ ។
ចែករំលែកព័តមាននេះ