ខេត្តកំពង់ឆ្នាំង ៖ នារីម៉ាស្សាម្នាក់ត្រូវបានតុលាការខេត្តកំពង់ឆ្នាំងសម្រេចឃុំខ្លួន នៅព្រឹកថ្ងៃទី២៦ តុលា ២០១៤ ដោយចោទប្រកាន់ថា សមគំនិតជាមួយសង្សារបន្លំយកមាស៥ជីពីអាជីវករលក់មាសនៅផ្សារកំពង់ត្រឡាច ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៥ តុលា ខណៈដែលរូបនាងនិងសង្សារនាំគ្នាទៅទិញមាសនៅក្នុងផ្សារនោះ ។
លោក ហ៊ុល វាសនា អធិការស្រុកកំពង់ត្រឡាចបាននិយាយថា នារីម៉ាស្សា និងអាចថាជាជនរងគ្រោះហើយត្រូវបានតុលាការចោទប្រកាន់រូបនោះមានឈ្មោះ ហេង ធីតា អាយុ២៥ឆ្នាំ មានទីលំខេត្តកំពត តែបានមកស្នាក់នៅធ្វើនារីម៉ាស្សា នៅជិតផ្សារឧដុង្គ ក្នុងស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។ ចំណែកសង្សារ បោកប្រាស់នាងមិនបានស្គាល់ឈ្មោះនោះទេ គឺទើបស្គាល់គ្នាបានជាង១ខែមុនតែប៉ុណ្ណោះ ។
លោកបានបន្តដោយស្រង់សំដីនារីម៉ាស្សានោះថា នាងបានស្គាល់ប្រុសម្នាក់ដែលបានមកម៉ាស្សានៅហាងរបស់នាង កាលពីជាង១ខែមុន ក្រោយមកពួកយើងក៏បានស្រឡាញ់គ្នាជាសង្សារ តែនាងមិនបានស្គាល់ឈ្មោះបុរសនោះទេ ។ នៅថ្ងៃទី២៥ តុលា ឆ្នាំ២០១៤ នាងបានទទួលទូរសព្ទ័ពីសង្សាររបស់នាងប្រាប់ថា ឱ្យមកផ្សារកំពង់ត្រឡាចជួបគ្នា ព្រោះគេទើបលក់ដីបាន៨ម៉ឺនដុល្លារ ។ ពេលនោះរូបនាងបានជិះម៉ូតូឌុបមកផ្សារកំពង់ត្រឡាចជួបគ្នា និងបានឃើញសង្សារខ្លួនស្ពាយកាបូបខ្មៅមួយ។
ប្រភពឱ្យដឹងទៀតថា ភ្លាមនោះ សង្សារខ្លួនបានបបួលនាងថា ទៅទិញខ្សែ.កមាសមួយខ្សែទៅ ហើយបាននាំនាងទៅកាន់ទូរលក់មាស ។ ពេលទៅដល់បុរសជាសង្សារបានប្រាប់ឱ្យនាងរើសខ្សែកមាសមួយខ្សែទៅយកម៉ូដអីក៏បានដែរ ខណៈដែលនាងកំពុងពាក់លខ្សែកម្តងមួយៗនោះ សង្សារនាងក៏បានយកចិញ្ចៀនមាសទម្ងន់៥ជី មកពាក់លដែរ ហើយមិនបានដោះមកវិញទេ ។ បន្ទាប់មកសង្សារនោះបាននិយាយថា ភ្លេចកាបូបលុយ៧លានរៀលនៅក្រៅ សុំទៅយកមួយភ្លែតសិន តែបានឱ្យកាបូបប្រាក់មកនាងកាន់មួយកាបូប ដោយប្រាប់ថា ប្រយ័ត្នបាត់ក្នុងកាបូបនេះមានប្រាក់ជាង៨លានរៀល។ ពេលសង្សារនាងចេញទៅបាត់យូរទើបអ្នកលក់មាសមានការសង្ស័យហើយបានប្តឹងសមត្ថកិច្ច និងបានធ្វើការឃាត់ខ្លួននាងមកកាន់អធិការដ្ឋាន នគរបាលស្រុកកំពង់ត្រឡាចតែម្តង ៕
ចែករំលែកព័តមាននេះ