ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​វាយប្លន់​ម៉ូតូ​ជនរង​គ្រោះ​ពីរ​នាក់​បងប្អូន​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ម្នាក់ និងម្នាក់​ទៀត​​រត់គេច​ខ្លួន​រួច​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជនសង្ស័យ​វាយ​ប្លន់យក​ម៉ូតូ​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ឃាត់ខ្លួន​បាន​​ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពីរ​នាក់បងប្អូន​​ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ស្រមោល ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៨និង​១០ នាទី​យប់ ថ្ងៃ​ទី​១៩ តុលា

រាជធានី​ភ្នំ​ពេញ ៖ ជនសង្ស័យ​វាយ​ប្លន់យក​ម៉ូតូ​ម្នាក់ ក្នុង​ចំណោម​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ឃាត់ខ្លួន​បាន​​ក្រោយ​ពេល​ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពីរ​នាក់បងប្អូន​​ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ស្រមោល ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៨និង​១០ នាទី​យប់ ថ្ងៃ​ទី​១៩ តុលា ២០១៤ នៅ​ចំណុច​ក្រោយវត្តវង្គតបូរី តាម​ផ្លូវ​២០០២ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ទឹក​ថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យ​មាន​ឈ្មោះ​ឈូក សុខា អាយុ២៧​ឆ្នាំ ទើប​ចេញ​ពីពន្ធធនាគារ​បាន​៦​ខែ និង​ស្នាក់​ផ្ទះ​ជួល​ក្បែរ​កន្លែង​​កើត​ហេតុ  ។ ចំណែក​ជន​រង​គ្រោះ​ទី១,ឈ្មោះ ឡេង រិទ្ធភេទប្រុស អាយុ២៤ឆ្នាំ និង​ជនរង​គ្រោះ​ទី២.ឈ្មោះ ឡេង នី ភេទ​ស្រី អាយុ​២៥ឆ្នាំ ។ ជន​រង​គ្រោះ​ជាបង​ប្អូន​គ្នា មាន​មុខ​របរ​ជា​កម្មករ​រោង​ចក្រ និង​ស្នាក់​នៅ​បន្ទប់ជួល ក្នុង​ភូមិស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រ​ភព​ព័ត៌មាន​ពីជនរង​គ្រោះ​ទាំង​ពីរ​នាក់​បង​ប្អូន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ជនរង​គ្រោះ​ពីរ​​នាក់​បង​ប្អូន​បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ​មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1AA-3454 ទៅទិញម្ហូប​ដោយប្អូន​ប្រុស​ជា​អ្នក​ឌុប ហើយ​បង​ស្រីជិះ​ពីក្រោយ​ ខណៈជិះម៉ូតូ​បាន​ជិត​២គីឡូម៉ែត្រ​ស្រាប់តែ​ម៉ូតូបែក​កង់ ហើយជន​រង​គ្រោះ​ពីរ​នាក់បងប្អូន​ក៏នាំ​គ្នា​បណ្តើរ​ម៉ូតូ​មក​ដល់​ក្រោយ​វត្តវង្គតបូរី ដើម្បីរក​ជាង​ប៉ះ​។ ពេល​នោះ​ក៏មាន​ជន​សង្ស័យ​ពីរ​នាក់​ដើរ​មក​ស្ទាក់​ផ្លូវ ហើយ​បាន​ថា​ឱ្យ​ជន​រង​គ្រោះ​ជាចោរលួច​ម៉ូតូ​គេ បន្ទាប់​មក​​ជនសង្ស័យ​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ជាប្អូន​បួន ប្រាំដៃកណ្តាល​មុខ ជនរង​គ្រោះ​ទ្រាំមិន​បាន​ក៏បាន​វាយ​តដៃទៅវិញ តែវាយ​មិន​ឈ្នះ​ជន​សង្ស័យ​នោះ​ទេ  ក៏សម្រេចចិត្ត​នាំបងប្អូន​រត់ចោល​ម៉ូតូ​គេច​ចេញ​ពី​ក្រុម​ជន​សង្ស័យ​​។

បន្ទាប់ពីជន​រង​គ្រោះ​រត់អស់​ហើយ​នោះ​ក្រុម​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ផ្ទះជួល​ក្បែរកន្លែង​កើត​ហេតុ ។ ចំណែក​ជន​រង​គ្រោះ​វិញ​បន្ទាប់ពីរត់គេចខ្លួនពីក្រុម​ជន​សង្ស័យ​នោះ​ក៏បាន​ទៅ​ជួប​ប្រទះ​ជា​មួយ​និង​នគរ​បាល​កំពុង​ជិះ​ម៉ូតូ​ល្បាត​ក្នុង​តាម​មូល​ដ្ឋាន​ក៍មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​នគរ​បាល​ក៏បាន​ចេញ​តាម​ចាប់ជន​សង្ស័យ​ភ្លាមៗតែម្តង ។ ដោយសារ​តែម៉ូតូ​របស់ជន​រង​គ្រោះ​បែក​កង់នោះ​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​ស្រួលកំណត់មុខសញ្ញា ដោយ​សមត្ថ​កិច្ច​បាន​ធ្វើ​ការ​សាក​សួរ​ប្រជា​ពលរដ្ឋ​តាម​ផ្លូវ ​ពេល​នោះ​ប្រជា​ពលរដ្ឋ​ក៏ប្រាប់ថា​ឃើញ​ជន​សង្ស័យ ជិះ​យក​ចូល​ទៅក្នុង​បន្ទប់ជួល​ហើយ ។ គ្រាន់តែទទួល​បាន​ព័ត៌មាន​ភ្លាម​នោះ​កម្លាំង​នគរ​បាល​ក៏​បាន​ចូល​ទៅឆែកឆេរ​បន្ទប់ជួល​របស់​ជន​សង្ស័យ និង​បាន​ឃាត់​ខ្លួន​​ជន​សង្ស័យ​ម្នាក់ រួម​ទាំង​ដក​យក​​ម៉ូតូ​របស់ជនរង​គ្រោះ​មក​វិញ​ ចំណែក​ជន​សង្ស័យ​ម្នាក់ទៀតបាន​រត់គេចខ្លួន​បាត់ស្រមោលតែម្តង ។

ក្រោយពេល​កើត​ហេតុ​ជន​សង្ស័យ​ត្រូវ​បាន​នគរ​បាល​បញ្ជូន​ខ្លួន​ទៅ​កាន់ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាល​ទឹក​ថ្លា ដើម្បី​ធ្វើ​ការសាកសួរនិង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ។