រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់លួចកាច់សោ ចង្កូតរថយន្តកូរ៉ូឡា មួយគ្រឿងរុញចេញមកក្រៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការប្រាប់សមត្ថកិច្ចស្ទាក់ចាប់បានភ្លាមៗ នៅចំណុចមុខស្ថានីយ៍អគ្គិភ័យអាកាសយានដ្ឋានទី១ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ តុលា ២០១៤ នៅចំណុចផ្ទះលេខQ153 ក្នុងបុរីញូថោន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ម្ចាស់រថយន្តឈ្មោះ ម៉ប់ ចាន់ធិរៈ រស់នៅកន្លែងកើតហេតុ ចំណែកជនសង្ស័យឈ្មោះ ទឹម សុភា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅម្តុំពេទ្យលោកសង្ឃ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់រថយន្តបានចតរថយន្តទុកចោលនៅមុខផ្ទះដោយមានចាក់សោ ចង្កូត និងមានគ្រប់ក្រណាត់ទុកដាក់យ៉ាងត្រឹមត្រូវ ។ ខណៈមកដល់វេលាកើតហេតុ ជនសង្ស័យបានមកធ្វើសកម្មភាពកាច់សោ ចង្កួតរថយន្តកូរ៉ូឡា ពណ៌ព្រីងទុំ ពាក់ស្លាកលេខភ្នំពេញ2G-8667 បានសម្រេច ប៉ុន្តែមិនមានកូនសោចាក់បញ្ឆេះ ក៏សម្រេចរុញរថយន្តខាងលើចេញពីផ្ទះកើតហេតុបានប្រហែល២៥០ ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបាន ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋសង្ស័យថាបានឃើញជនសង្ស័យរុញរថយន្តចេញ ។
ក្រោយពេលកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ចំណែករថយន្តត្រូវបានសមត្ថកិច្ចហៅម្ចាស់ឱ្យមកទទួលយកទៅវិញ។
ចែករំលែកព័តមាននេះ