រាជធានីភ្នំពេញ ៖ នារីជាម្ចាស់ហាងបើកបម្រើសេវាកម្មអីុនធើរណែតម្នាក់ត្រូវជនសង្ស័យសម្ងំនៅក្នុងបន្ទប់ឡៅតឿយកកាំបិតចាក់ធ្លាយពោះ និងអារ.កជាច្រើនកាំបិតខណៈនារីរងគ្រោះឡើងទៅរៀបចំសម្ភារ ដើម្បីបិទហាង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ហើយនារីរងគ្រោះបានស្លាប់តាមផ្លូវពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៩ កញ្ញា ២០១៤ នៅក្នុងផ្ទះបើកបម្រើសេវាកម្មអីុនធើរណែតយីហោ១៦៨ តាមផ្លូវ២៧១ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានមកលេងហ្គេមនៅក្នុងបន្ទប់ឡៅតឿ ក្នុងហាងបើកអីុនធើរណែតខាងលើតាំងពីម៉ោង៥ល្ងាច ដោយសម្ងំនៅក្នុងបន្ទប់នោះរហូតដល់ម៉ោងកើតហេតុ ។ ដល់ម៉ោងបិទហាងនារីម្ចាស់ហាងបានឡើងទៅលើបន្ទប់ឡៅតឿដើម្បីរៀបចំសម្ភារ ខណៈឡើងទៅដល់ក៏ឃើញជនសង្ស័យសម្ងំលាក់ខ្លួននៅទីនោះ ហើយក៏ត្រូវជនសង្ស័យរូបនោះ ដកកាំបិតចាក់មកលើនារីរងគ្រោះធ្លាយពោះ និងអារ.កជាច្រើនកាំបិត បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រុស-ស្រីរបស់នារីរងគ្រោះដែលកំពុងរៀបចំសម្ភារខាងក្រោម ហើយក៏នាំគ្នាឡើងទៅប្រតាយប្រតប់ជាមួយជនសង្ស័យ បន្ទាប់មកសមត្ថកិច្ចមកដល់ចាប់ខ្លួនជនសង្ស័យតែម្តង ។
ទាន់ទិនឹងករណីខាងលើនេះ នគរបាលខណ្ឌសែនសុខ បានដាក់ការសង្ស័យថា ជាការប៉ុនប៉ងរំលោភ ព្រោះនារីរងគ្រោះមិនមានរបស់របរមានតម្លៃនៅជាប់នឹងខ្លួននោះទេ ម្យ៉ាងជនសង្ស័យខាងលើ តែងតែមកលេងហ្គេមនៅកន្លែងកើតហេតុជាប្រចាំ ។ ដោយឡែកក្រុមគ្រួសាររបស់នារីរងគ្រោះដាក់ការសង្ស័យថា ជាករណីប្លន់ ។
ក្រោយពេលកើតហេតុនារីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសលនារីរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវ មុននឹងទៅដល់មន្ទីរពេទ្យ។ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួនទៅសួរនាំ និងកសាងសំណុំរឿងនៅអធិការដ្ឋានខណ្ឌសែនសុខ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ