ខេត្តសៀមរាប ៖ សង្ឃកំហូច២អង្គព្រមទាំងគូកនមានស្រី ប្រុសនាំគ្នាផឹកស៊ីក្លែមស្រី ស្នេហ៍ក្នុងកុដិវត្តពោធិលង្កា កណ្តាលក្រុងសៀមរាប ទាំងកណ្តាលយប់យ៉ាងសប្បាយរីករាយត្រូវសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីសង្ឃធ្វើការចាប់សឹកទាំងយប់ភ្លាមៗ ព្រមទាំងបញ្ជូនឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាមចាត់ការតាមផ្លូវច្បាប់ ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលទាំងយប់ដល់ព្រះសង្ឃ និង ឧបាសក ឧបាសិកាព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តពោធិលង្កានេះ ធ្វើឡើងនៅ វេលាម៉ោង១២រំលងអធ្រាត្រថ្ងៃទី១៨ ខែកញ្ញាស្ថិតនៅបរិវេណវត្តពោធិលង្កា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សង្ឃកំហូចទាំង២អង្គនេះត្រូវបានប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទចំណុះជើងវត្តបានរាយការណ៍ ប្រាប់សមត្ថកិច្ចជាយូរយាណាស់មកហើយ ទើបតែ ពេលនេះសមត្ថកិច្ចបានតាមដានយ៉ាងល្អិតល្អន់ ហើយធ្វើការក្របួចបានជនកំហូចមានប្រុសមានស្រីទាំងនោះបានដោយជោគជ័យ ខណៈពេលពួកគេកំពុងតែនាំគ្នាផឹកស្រាបៀរ ក្លែម ស្រីសេ្នហ៍យ៉ាងសប្បាយរីករាយនៅក្នុងកុដ្ឋ ។សមត្ថកិច្ចបានបន្តថា សង្ឃកំហូចទាំង២អង្គនេះ មានទី១. ឈ្មោះ ពេជ្រ ដេវិត អាយុ៣៥ព្រះវស្សា បួសរៀននៅស្រុកជីក្រែង មកសុំស្នាក់នៅវត្តពោធិលង្កា អស់រយៈពេលជិត២វស្សាមកហើយ ។ទី២.ឈ្មោះ សំបូរ អាយុជាង២០ព្រះវស្សា ចូលមកស្នាក់នៅក្នុងវត្តនេះពុំមានការអនុញ្ញាត ពីចៅអធិការវត្តទេ ។
ចំណែកព្រះគ្រូចៅអធិការវត្តពោធិលង្កាព្រះនាម កែវ ខូយ បានមានសង្ឃដីកាថា សង្ឃទាំង២អង្គនេះមិនមែនជាសង្ឃនៅក្នុងវត្តនេះទេ គ្រាន់តែមកសុំស្នាក់អាស្រ័យប៉ុណ្ណោះ ដូច្នេះរាល់ទង្វើខុសឆ្គងរបស់សង្ឃទាំង២អង្គនេះ ព្រះអង្គមិនបានដឹងទេ ។ ព្រះគ្រូចៅអធិកាបន្តទៀតថា កន្លងទៅព្រះអង្គបានធ្វើការណែនាំជាច្រើនដងមកហើយ ប៉ុន្តែពួកគេរឹតតែផ្គើនឲ្យអាត្មាឡើងធ្វើឲ្យពុទ្ធបរិស័ទដែលមានជំនឿលើព្រះពុទ្ធសាសនា មានការខឹងសម្បាយ៉ាងខ្លាំង ចំណែកព្រះអង្គក៏មិនអាចហាមឃាត់ពួកគេបានទេ មិនតែប៉ុណ្ណោះពួកគេកាន់តែធ្វើឲ្យមានកំហុសឆ្គងធំធេងឡើង រហូតឈានដល់សមត្ថកិច្ចចូលមកចាប់ក្នុងវត្តតែម្តង។ ប្រសិនបើមានព្រះសង្ឃធ្វើខុសឆ្គងយ៉ាងដូច្នេះពិតជាធ្វើឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋហើយមានអ្នកផងទាំងពួងគោរពប្រត្តិបត្តិគ្រប់ៗគ្នាយ៉ាងខ្ចាប់ខ្ជួន ព្រមទាំងមានទោសយ៉ាងធ្ងន់ធ្ងរ ។ប្រភពបានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចចូលទៅឆែកឆេក្នុងកុដ្ឋនោះត្រូវបានគេប្រទះឃើញមានស្រោមអនាម័យប្រើរួច និង មិនទាន់ប្រើមួយចំនួន ព្រមទាំងមានដាវសាំមូរ៉ៃ និងឧបករណ៍សម្រាប់ជក់ថ្នាំមួយចំនួនផងដែរ។
ជាមួយករណីខាងលើនេះសមត្ថកិច្ចនៅមិនទាន់បង្ហើបប្រាប់លម្អិតដល់អ្នកយកព័ត៌មានកោះសន្តិភាពពីលទ្ធផលនៃការចុះបង្ក្រាបនេះយ៉ាងណានោះទេដោយឆ្លើយយ៉ាងខ្លីថា<<ខ្លាចប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនា ហើយបន្តទៀតថា វាជារឿងធម្មតានោះទេ មិនបាច់ផ្សព្វផ្សាយអីនោះទេ>> ហើយបច្ចុប្បន្ននេះជនកំហូចទាំង២នាក់ខាងលើទំនងជាកំពុងដើរលេងយ៉ាងរំភើយ។
ចែករំលែកព័តមាននេះ