រាជធានីភ្នំពេញ ៖ ខ្សែភាពយន្តរឿង លោហិតអាទិទេព ដែលជាភាពយន្តបែបវិទ្យាសាស្ត្រយកលំនាំតាមបែបបរទេស មានតួអង្គប្រែក្លាយពីមនុស្សធម្មតាទៅជាមនុស្សចម្លែក ។ ខ្សែភាពយន្តបែបនេះ នៅកម្ពុជាមិនទាន់មានផលិតកម្មណាមួយបានថត ឬផលិតឡើយ ដែលនេះជាលើកទីមួយដែលផលិតកម្ម ខ្មែរ រចនា បានផលិត និងថត ក៏ដូចជាលើកទីមួយសម្រាប់ប្រទេសកម្ពុជា ផងដែរ។
លោកលីម សាខន អ្នកដឹកនាំរឿងលោហិតអាទិទេព បាននិយាយត្រួសៗពីសាច់រឿងនេះថា ក្នុងរឿងនេះ ចង់សំដៅទៅលើមនុស្សម្នាក់បានបញ្ចូលឈាមដែលមានសារធាតុពិសខ្លាំងដែលផ្ទុកនៅក្នុងមន្ទីរពិសោធន៍សម្រាប់វេជ្ជបណ្ឌិតធ្វើការពិសោធន៍ដែលបណ្ឌិតនៅក្នុងសាច់រឿងបានបញ្ជាក់ប្រាប់ថា បើសិនជាឈាមដែលមានជាតិពិសនោះចាក់ចូលក្នុងខ្លួនមនុស្សវានឹងអាចឱ្យមនុស្សនោះស្លាប់ ។ ផ្ទុយទៅវិញ នៅពេលដែលឈាមនោះត្រូវច្រឡំចាក់ចូលក្នុងតួអង្គ តែបែរជាមិនស្លាប់ ហើយមានឥទ្ធិពលកាន់តែខ្លាំងជាងមនុស្សធម្មតាទៅវិញ ដូចនឹងកម្លាំងអាទិទេពម្នាក់ នេះហើយជាចំណុចសំខាន់នៃសាច់រឿងទាំងមូល ។
លោកបន្តថា ក្នុងសាច់រឿងនេះ មានឈុតឆាកផ្គរ រន្ទះ និងមានមនុស្សចម្លែក ឬហៅថា បិសាច និងមានឈុតឆាកសាហាវជាច្រើន តាមបែបលក្ខណៈវិទ្យាសាស្ត្រដែលតួអង្គក្នុងរឿងនេះភាគច្រើនជាតួសម្តែងថ្មីៗ រួមជាមួយតួសម្តែងជើងចាស់ក្នុងគោលបំណងជំរុញឱ្យពួកគេមានជំនាញក្នុងការសម្តែង ក៏ដូចជាពង្រឹងនូវសមត្ថភាពរបស់គេឱ្យកាន់តែពូកែឡើង ។
ក្នុងរឿងនេះ នឹងត្រូវប្រើពេលសម្រាប់ថតរយៈពេលបីខែ គិតចាប់ពីពេលថតដំបូង ហើយទីតាំងនឹងត្រូវថតនៅក្នុងរាជធានីភ្នំពេញ នៅភ្នំតាម៉ៅ ក្នុងខេត្តតាកែវ និងខេត្តមណ្ឌលគីរី ។ ហើយបន្ទាប់ពីថតចប់រឿងនេះ នឹងចាក់នៅក្នុងបណ្តារោងភាពយន្តមួយចំនួននៅរាជធានីភ្នំពេញ ដូចជានៅក្នុងរោងភាពយន្តលីជេន និងសូរិយា ។ រឿងនេះដែរ លោកបញ្ជាក់ថា មានរយៈពេលប្រហែលជាជិត២ម៉ោងតាមស្តង់ដារនៅពេលយើងថតចប់ និងកាត់ត សម្រាប់ចាក់នៅតាមបណ្តារោងភាពយន្តនានា ។ លោកលីម សាខន បានបន្ថែមថា ចំពោះផ្ទៃរឿងទាំងមូលដែលត្រូវថត នាពេលនេះនឹងត្រូវចំណាយថវិកាអស់៥ម៉ឺនដុល្លារ ដោយសារមិនរាប់បញ្ចូលទាំងឧបករណ៍ និងបច្ចេកទេសដែលត្រូវថតក្នុងឈុតទាំងអស់នៃរឿងលោហិតអាទិទេពនេះ ។
ចែករំលែកព័តមាននេះ