ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«មនុស្ស​​ពីង​ពាង និង​កម្មវិធី​បិទ​​ចរន្ត​អគ្គិសនី​ (Earth Hour) ចូលរួម​គ្នា ដើម្បី​ការ​ពារ​ពិភព​​លោក​»

10 ឆ្នាំ មុន

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កុម្ភៈ ឆ្នាំ​២០១៤ មាន​ការ​ចូលរួម​សហ​ការ​ដ៏​អស្ចារ្យ​ជា​លើក​ដំបូង​មួយ​ គឺ​វីរ​បុរស​ពីង​ពាង Spider-Man ត្រូវ​​បាន​ជ្រើស​​តាំង​ឱ្យ​ក្លាយ​ទៅ​ជា​អគ្គ​រាជ​ទូត​តំណាង​កម្ម​វិធី​បិទ​​ចរន្ត​អគ្គិសនី “Earth Hour” ដែល​ត្រូវ​បាន​រៀបចំ​ដោយ​​​អង្គ​ការ WWF (World Wide Fund for Nature) ជា​មួយ​នឹង​សារ​ជំរុញ​ទឹក​ចិត្ត​ឱ្យ​មនុស្ស​ទាំង​អស់​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ចរន្ត​

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កុម្ភៈ ឆ្នាំ​២០១៤ មាន​ការ​ចូលរួម​សហ​ការ​ដ៏​អស្ចារ្យ​ជា​លើក​ដំបូង​មួយ​ គឺ​វីរ​បុរស​ពីង​ពាង Spider-Man ត្រូវ​​បាន​ជ្រើស​​តាំង​ឱ្យ​ក្លាយ​ទៅ​ជា​អគ្គ​រាជ​ទូត​តំណាង​កម្ម​វិធី​បិទ​​ចរន្ត​អគ្គិសនី “Earth Hour” ដែល​ត្រូវ​បាន​រៀបចំ​ដោយ​​​អង្គ​ការ WWF (World Wide Fund for Nature) ជា​មួយ​នឹង​សារ​ជំរុញ​ទឹក​ចិត្ត​ឱ្យ​មនុស្ស​ទាំង​អស់​ចូល​រួម​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​ ដើម្បី​ក្លាយ​ជា​វីរ​បុរស​ការ​ពារ​ពិភព​លោក​ដូច​មនុស្ស​ពីង​ពាង​ដែរ ។

លោក Andy Ridley ជា CEO និង Co-Founder នៃ​កម្ម​វិធី​បិទ​ចរន្ត​អគ្គិសនី​ “Earth Hour” ​និង​លោក​ Jeff Blake ជា Chairman នៃ​ផ្នែក​ទីផ្សារ និង​ចែក​ចាយ​អន្តរ​ជាតិ​នៃ​ផលិត​កម្ម Sony Pictures Entertainment បាន​ចូលរួម​បង្កើត​ឱ្យ​មាន​កម្ម​វិធី​មួយ គឺ Earth Hour Blue សម្រាប់​​អនុ​ញ្ញាត​ឱ្យ​មនុស្ស​ទាំង​អស់​ជុំវិញ​ពិភព​លោក​ចូលរួម​ជា​មួយ​គ្នា​ក្នុង​កម្មវិធី​បិទ​ចរន្ត​អគ្គិសនី​ដ៏​ល្បី​ដែល​ឆ្នាំនេះ និង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មីនា ថ្ងៃទី​២៩ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ។

Earth Hour ជាកម្ម​វិធី​ដែល​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ដែល​តម្រូវ​ឱ្យ​អ្នក​ចូលរួម​ទាំង​អស់​ផ្អាក​ប្រើ​ប្រាស់​ចរន្ត​អគ្គិសនី​​​រយៈ​ពេល​ចំនួន​​មួយ​ម៉ោង ក្នុង​គោល​បំណង​ចូលរួមចំណែក​ក្នុងការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាម​ពល​អគ្គិសនី ដើម្បី​ជួយ​រក្សា​ការ​ពារ​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង ។ ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ ចំនួន​អ្នកដែល​បាន​ចូលរួម​ គឺ​កាន់​តែ​ច្រើន​ឡើងៗ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ផ្សេង​ទៀត ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ ។

នៅ​ក្នុង​ឆ្នាំ​នេះ​ កម្ម​វិធី​បិទ​ចរន្ត​អគ្គិសនី Earth Hour នឹង​ត្រូវបាន​ចូលរួម​ដោយ​វីរ​បុរស​ពីង​ពាង​ Spider-Man នៅ​ក្នុង​ភាព​យន្ត The Amazing Spider-Man 2 ក៏ដូច​ជា​តួអង្គ​សម្តែង​រឿង​ផ្ទាល់​ ដូចជា Andrew Garfield, Emma Stone, Jamie Foxx និង​អ្នក​ដឹក​នាំ​រឿង​លោក Marc Webb ។ Andrew Garfield តួអង្គ​សម្តែង​ជា​វីរ​បុរស​ពីង​ពាង​បាន​និយាយថា «ខ្ញុំ​ពិតជា​មាន​មោទន​ភាព​ណាស់​ដែល​វីរ​បុរស​ពីង​ពាង​បាន​ក្លាយ​ទៅ​ជា​វីរ​បុរស​អគ្គ​រាជ​ទូត​ដំបូង​គេ​បង្អស់​តំណាង​ឱ្យ​កម្ម​វិធី​បិទ​ចរន្ត​អគ្គិសនី​ Earth Hour ដែល​គាត់​កំពុងតែ​បង្ហាញ​ទៅ​មនុស្ស​ទាំង​អស់​ថា យើង​អាច​ក្លាយ​ទៅ​ជា​វីរ​បុរស​បាន ពេល​ដែល​យើង​បាន​ប្រើថាម​ពល​ដែល​យើងមាន​ទៅ​ជួយ​ពិភព​លោក» ។ គាត់​ក៏​បាន​បន្ថែម​ទៀតថា «កម្មវិធី​បិទ​ចរន្ត​អគ្គិសនី Earth Hour នេះ​បាន​ក្លាយ​ទៅជា​ហេតុ​ផល​មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​គួរឱ្យ​កត់​សម្គាល់​ជុំវិញ​​ពិភព​លោក​ ដូច្នោះ​ហើយ​វា​ក៏​ជា​ហេតុ​ផល​មួយ​ដែល​បានធ្វើ​ឱ្យ​ក្រុម​ការងារ​ផលិត​ភាព​យន្ត​មនុស្សពីង​ពាង Spider–Man របស់​យើង​ចូលរួម​នូវ​សកម្ម​ភាព​ដ៏​រំភើប​នេះ​ផង​ដែរ» ។

អំឡុង​ពេល​នេះ​ ក៏​មាន​កម្មវិធីរ៉ៃ​អង្គាស​ប្រាក់ Earth Hour Blue ថ្មី​ដែល​ជា​ចំណែក​មួយ​អនុញ្ញាត​ឱ្យ​អ្នក​ចូលរួម​ជួយ​ផ្តល់​ជា​ប្រាក់តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​យក​ទៅ​ជួយ​មនុស្សទូទាំង​ពិភព​លោក​ដូច​ជា ផ្តល់​នូវចង្ក្រាន​ថាមពល​ទៅ​ដល់​គ្រួសារ​នៅ Madagascar, ជួយ​សហគមន៍​​នៅ​ប្រទេស Philippines កសាង​ទូក fiberglass ដើម្បី​ការពារ​ទប់​ទល់​ពី​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ ដូចជា គ្រោះរលក Typoon Haiyan និង​យក​​ប្រាក់​ទៅ​ប្រើ​ជា​ទំនុក​បម្រុង​សម្រាប់​ប្រើ​ប្រាស់នៅក្នុងសួន Table Mountain National Park នៅ​អាហ្វ្រិក​ខាង​ត្បូង និង​សម្រាប់​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​កំពុង​រៀបចំ​សម្រាប់​អនាគត​ដ៏​ឆាប់។

អ្វីដែល​ធ្វើ​ឱ្យ​វីរ​បុរស​ពីងពាង​ក្លាយ​ទៅ​ជា​អគ្គ​រាជ​ទូត​តំណាង​កម្ម​វិធី​ដ៏​អស្ចារ្យ​នេះ គឺដោយ​សារ​តែ​ការផលិត​​ភាព​យន្ត The Amazing Spider-Man 2 ថ្មី​ត្រូវ​ផលិត​ឡើង​ដោយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ផលិត​ផល​ដែល​ប៉ះពាល់​បរិស្ថាន ដូចជា ចៀស​វាង​មិន​ប្រើ​ដប​ជ័រ​ប្លាស្ទិក​បាន​ចំនួន​១៩៣.០០០​ដប, បរិ​ច្ចាគនូវការ​ដ្ឋាន​ និង​គ្រឿង​តុប​តែង​ឆាក បន្ទាប់​ពី​ថត​ចប់​បាន​ចំនួន​៤៩​តោន និង​កាត់​បន្ថយ​ចំណី​អាហារ​ក្នុង​ពេល​ថត​ដែល​អាច​បម្រើ​ដល់​មនុស្ស​បាន​៥.៦២០​នាក់​ផង​ដែរ ។ នេះជា​ហេតុ​ផល​មួយ​ចំនួន​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា តួអង្គ​វីរបុរស​ពីង​ពាង​ពីភាព​យន្ត The Amazing Spider-Man 2 ពិត​ជា​តួអង្គ​តែ​មួយ​គត់​ដែល​សាកសម​ធ្វើ​ជាតំណាង​​ឱ្យ​ការ​ការពារ​បរិស្ថាន​សម្រាប់​ពិភព​លោក​ដ៏​ប្រសើរ​ជាង​មុន ។ 

កម្ម​វិធីបិទ​ចរន្ត​អគ្គិសនី និង​អគ្គរាជ​ទូត​វីរ​បុរស​ពីង​ពាង​របស់​ខ្លួន និង​រួម​គ្នា​ជំរុញ​ទឹកចិត្ត​ទៅ​មនុស្ស​ទាំង​អស់​ឱ្យចូលរួម​ការ​ពារ​ពិភព​លោក ដើម្បី​ក្លាយ​ជា​វីរ​បុរស ​ទោះ​បី​​អ្នក​​ជា​មនុស្ស​ធម្មតា​ក៏ដោយ ៕