រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហាញជំហររបស់ខ្លួនតាមរយៈសារមួយខ្លីបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងកាលពីពេលថ្មីៗនេះដោយបញ្ជាក់ថា នាងមិនដែលមានក្តីស្រមៃចង់ក្លាយជាជំទាវឡើយ ។ ការអះអាងបែបនោះរបស់អ្នកនាងចន ច័ន្ទលក្ខិណា ធ្វើឡើងបន្ទាប់ពីមានការរិះគន់នាងជាបន្តបន្ទាប់ ដោយភ្ជាប់មូលហេតុនៃការលែងលះស្វាមីរបស់នាងថា ពាក់ព័ន្ធជាមួយនឹងមន្ត្រីយោធាដែលមានស័ក្តិខ្ពស់មួយរូប ។
អ្នកនាងចន ច័ន្ទលក្ខិណា និងលោកយុត្ថារ៉ា ឆានី បានសម្រេចចិត្តលែងលះបន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំ និងបានបន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃ ។ ការលែងលះរបស់ប្ដី-ប្រពន្ធអ្នកសិល្បៈដូចគ្នាមួយគូនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមសិល្បៈខ្មែរ ខណៈពេលពួកគេទាំងពីរធ្លាប់ត្រូវគេចាត់ទុកថាជាប្តីប្រពន្ធគំរូក្នុងសង្គមសិល្បៈខ្មែរនោះ ។ ជីវិតជាប្តីប្រពន្ធរបស់លោក យុត្ថារ៉ា ឆានី និងអ្នកនាងចន ច័ន្ទលក្ខិណា មិនបានគង់វង្សដល់ចាស់សក់ស្កូវដូចអ្វីដែលគេបានគិតនោះឡើយ ដោយបានសម្រេចផ្តាច់សង្វាស់ពីគ្នាតាមផ្លូវតុលាការ ។
បន្ទាប់ពីការលែងលះគ្នាដ៏គួរឲ្យភ្ញាក់ផ្អើលនេះរួចមក អ្នកនាងចន ច័ន្ទលក្ខិណា រងការវាយប្រហាររិះគន់ជាបន្តបន្ទាប់ភ្ជាប់មូលហេតុដែលនាំឲ្យមានការបែកបាក់នេះដោយសារតែមន្ត្រីយោធាបុណ្យស័ក្តិខ្ពស់ម្នាក់ចូលជ្រៀតជ្រែក ។ អ្នកនាងចន ច័ន្ទលក្ខិណា មិនទទួលស្គាល់ការចោទនោះឡើយ ។ ទន្ទឹមនេះក៏មានការចំអកត្រលប់ទៅអ្នករិះគន់អ្នកនាងចន ច័ន្ទលក្ខិណា វិញដែរព្រោះជារឿងផ្ទាល់ខ្លួនបុគ្គល ហើយតើអ្នករិះគន់ទាំងនោះដឹងការណ៍ពិតក្នុងកម្រិតណាចំពោះរឿងផ្ទៃក្នុងជីវិតប្ដី-ប្រពន្ធគេ ឬមួយត្រឹមតែនិយាយចោទទាំង ស្មានៗ។
ម្យ៉ាងបើអ្នកនាងចន ច័ន្ទលក្ខិណា មានបញ្ហាក្នុងជីវិត តើអ្នកពូកែរិះគន់ទាំងនោះជួយអ្វីដល់នាងខ្លះ ។ ពេលនេះតារាសម្តែងអ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហាញពីជំហររបស់ខ្លួនឆ្លើយតបការចោទប្រកាន់លើរូបនាងដោយសរសេរសារមួយបង្ហោះនៅក្នុងហ្វេសប៊ុកថា នាងមិនដែលមានក្តីស្រមៃចង់ក្លាយជាជំទាវឡើយ ។ នាងបានសរសេរជាភាសារអង់គ្លេសដែលមានន័យជាភាសាខ្មែរថា «ខ្ញុំមិនដែលស្រមៃចង់ក្លាយជាភរិយារបស់ឯកឧត្តមទ ។ ខ្ញុំមិនចូលចិត្តជីវិតបែបនោះឡើយ ខ្ញុំត្រូវការតែជីវិតធម្មតា និងមានសេរីភាព វាគ្មានសុវត្ថិភាព ។ ខ្ញុំចូលចិត្តធ្វើអ្វីដោយខ្លួនខ្ញុំផ្ទាល់!»។
តាមអត្ថន័យនៃការសរសេរនេះបានបង្ហាញថា ជំហររបស់នាងចន ច័ន្ទលក្ខិណា គឺមិនមានមហិច្ឆតាណាមួយចង់ក្លាយជាភរិយារបស់ឯកឧត្តមណាម្នាក់ឡើយ ហើយទំនងសារនោះនាងចង់បញ្ជាក់ជាថ្មីកុំឲ្យយល់ច្រឡំជុំវិញព័ត៌មានដែលបានបាចសាចចោទមកលើរូបនាងថាពាក់ព័ន្ធស្នេហាជាមួយនឹងមន្ត្រីថ្នាក់ផ្កាយនោះ ។ ការបង្ហាញជំហររបស់អ្នកនាងចន ច័ន្ទលក្ខិណា នាពេលនេះ មហាជននឹងរង់ចាំមើលតទៅមុខទៀត តើនាងនឹងមានជីវិតស្នេហាបែបណា ៕
ចែករំលែកព័តមាននេះ