លោកមីខាអុីល កាឡាស្នីកូវ អ្នកផលិតកាំភ្លើងវាយលុកសូវៀតធុន AK-47 ដែលលក់ដាច់ជាច្រើនលានដើមលើពិភពលោកនោះ បានទទួលមរណភាពហើយកាលពីថ្ងៃទី២៣ ធ្នូ ក្នុងជន្មាយុ៩៤ឆ្នាំ ។ ក្នុងសេចក្តីប្រកាសមួយក្រុមហ៊ុនផលិតកាំភ្លើងកាឡាស្នីកូវ គូសបញ្ជាក់ថា បិតាអ្នកផលិតអាវុធរុស្ស៊ីលោកមីខាអុីល កាឡាស្នីកូវ ទទួលមរណភាពហើយដោយហៅមរណភាពរបស់លោកថា ជាការបាត់បង់ពុំអាចមានអ្វីមកប៉ះប៉ូវបានឡើយ ។
ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន សម្តែងនូវការចូលរួមមរណទុក្ខក្នុងទឹកចិត្តជ្រាលជ្រៅបំផុតចំពោះសាច់ញាតិគ្រួសាររបស់បុគ្គលដែលបានទទួលជោគជ័យក្នុងការផលិតអាវុធស្វ័យប្រវត្តិ ដែលប្រើច្រើនជាងគេបំផុតលើពិភពលោក ដែលកាំភ្លើងធុននោះនិយមប្រើប្រាស់ទាំងដោយកងទ័ពរៀបរយទាំងឡាយ ទាំងដោយពួកឧទ្ទាម ។លោកកាឡាស្នីកូវ បានទទួលមរណភាពក្រោយពីលោកមានជំងឺរយៈពេលយូរនៅទីក្រុង IJEVSK ទីប្រជុំជននៃតំបន់ OUDMOURTIE ចម្ងាយ១.៣០០គីឡូម៉ែត្រខាងកើតក្រុងមូស្គូ ។
ប្រធានតំបន់ OUDMOURTIE លោកអាឡិចសង់ដ្រ៍ វុ៉លកូវ ថ្លែងថា អ្នកស្នេហាជាតិដ៏ត្រចះត្រចង់បំផុតម្នាក់របស់រុស្ស៊ីដែលបានបូជាពេញមួយជីវិតរបស់លោកដើម្បីមាតុភូមិនោះបានទទួលមរណភាពហើយ ។
កើតថ្ងៃទី១០ វិច្ឆិកា ឆ្នាំ១៩១៩ នៅភូមិស៊ីបេរី លោកកាឡាស្នីកូវ បានចូលមន្ទីរពេទ្យជាច្រើនលើករយៈពេលបុ៉ន្មានខែចុងក្រោយនេះ ។ កាលពីខែវិច្ឆិកា លោកបានចូលក្នុងមន្ទីរពេទ្យមួយនៃក្រុង IJEVSK ក្រោយលោកសន្លប់មិនដឹងខ្លួន ។ លោកទើបឈប់ធ្វើការក្នុងឆ្នាំ២០១២ មកពីបញ្ហាសុខភាព ពិសេសបញ្ហាបេះដូង ។លោកកាឡាស្នីកូវ ជាជនជាតិរុស្ស៊ីម្នាក់ដែលគេស្គាល់ច្បាស់បំផុតលើពិភពលោក ហើយជាមនុស្សទទួលបានគ្រឿងឥស្សរយយសច្រើនបំផុតក្នុងប្រទេស ។ លោកតែងពោលពីមោទនភាពរបស់លោកចំពោះអាវុធដែលលោកផលិតកាលពីឆ្នាំ១៩៤៧ ដែលមានភាពងាយស្រួលបំផុតក្នុងការប្រើប្រាស់ ។
មាននៅពាសពេញលើពិភពលោក កាំភ្លើង AK-47 បើតាមការវាយតម្លៃមួយចំនួនថា អាចលក់ចេញដល់ទៅ១០០លានដើមឯណោះ ។ លោកកាឡាស្នីកូវ ចាប់ផ្តើមផលិតកាំភ្លើងវាយលុក AK-47 ក្រោយពីលោកជារបួសក្នុងសង្គ្រាមលោកលើកទី២ ។ កាំភ្លើងនោះក្រោយៗមកត្រូវបានច្នៃទៅជាម៉ូដែលច្រើនយ៉ាង ។ លោកកាឡាស្នីកូវ ពុំប៉ះពាល់ដាច់ខាតចំពោះប្រាក់បានមកពីការលក់កាំភ្លើង AK-47 ជាច្រើនលានដើម ហើយប្រើប្រាស់ដោយកងទ័ពនៃប្រទេសជាង៨០ ។ កាំភ្លើងដ៏ល្បីល្បាញនោះផលិតដោយអតីតរោងចក្រ IJMACH ក្នុងទីក្រុង IJEVSK ៕
ចែករំលែកព័តមាននេះ