រាជធានីភ្នំពេញ ៖ នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំធ្វើកាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៣ នៅរោងភាពយន្ត Platinum Cineplex ស្ថិតនៅជាន់ទី៥ ផ្សារទំនើបសូរិយា ផលិតករ និងតួសម្តែងបានបង្ហាញការលំបាកមួយចំនួនក្នុងការផលិត និងសម្តែងនៅក្នុងរឿង «វិញ្ញាណលោកម្ចាស់គ្រញូង» ដែលបានផលិតចប់រួចរាល់ហើយនោះ ។
ផលិតករ និងអ្នកដឹកនាំរឿងអ្នកស្រីពាន់ ភួងបុប្ផា បាននិយាយថា ទម្រាំបានចេញជាខ្សែរឿងមួយនេះ គឺអ្នកស្រីជួបការលំបាកច្រើន ព្រោះនេះជារឿងបុរាណដំបូងរបស់អ្នកស្រី ក្នុងការងារជាផលិតករជាង២០ឆ្នាំមកនេះ ។ អ្វីដែលពិបាកទៀតនោះ គឺក្នុងរឿងនេះអ្នកស្រីត្រូវការស្រាវជ្រាវជាច្រើនពាក់ព័ន្ធនឹងសម័យកាល ការស្លៀកពាក់ និងការតុបតែងខ្លួន ថាត្រូវធ្វើយ៉ាងណា ព្រោះសម័យនោះអ្នកស្រីកើតមិនទាន់ឡើយ ។ ម៉្យាងវិញទៀត នៅក្នុងប្រទេសរបស់យើង ការថតភាពយន្តបុរាណគឺជួបបញ្ហា ដោយសារតែខ្វះស្ទូឌីយោថត និងឧករណ៍សម្ភារ ។
អ្នកស្រីពាន់ ភួងបុប្ផា និយាយថា «ដោយសារតែយើងគ្មានស្ទូឌីយោថតនេះហើយ ដែលខ្ញុំត្រូវស្វែងរកទីកន្លែងណាដែលសមរម្យ និងមានសភាពស្ងប់ស្ងាត់ ប៉ុន្តែយើងនៅតែជួបបញ្ហាដោយសារពេលកំពុងតែថតនោះ ពេលខ្លះស្រាប់តែមានឮសំឡេងម៉ូតូ រថយន្ត និងត្រាក់ទ័រកំពុងតែបើក ហេតុនេះយើងត្រូវចំណាយពេលយូរក្នុងការថតមួយ ប្លង់ៗ ។ ពិបាកដែរដោយសារតែប្រទេសយើងឥឡូវនេះទោះនៅតំបន់ដាច់ស្រយាលក៏មានម៉ូតូជិះ ហើយកសិករយើងឥឡូវក៏មិនសូវប្រើគោ ក្របីដើម្បីភ្ជួរស្រែទៀត គឺគេច្រើនប្រើត្រាក់ទ័រ និងឧបករណ៍ទំនើប ផ្សេងៗទៀត ដែលសំឡេងទាំងនោះនាំឱ្យរំខាននៅក្នុងការថត» ។
អ្នកស្រីពាន់ ភួងបុប្ផា មានមោទនភាពនឹងវណ្ណកម្មថ្មីនេះ ព្រោះរឿងវិញ្ញាណលោកម្ចាស់គ្រញូង ជាសារពញ្ញាក់អារម្មណ៍ទស្សនិកជនឱ្យចេះស្រឡាញ់ព្រៃឈើ ពិសេសគឺឆ្លុះបង្ហាញពីរឿងមួយដែលមនុស្សយើងទំនងមិនបាននឹកដល់ គឺទុក្ខខ្លោចផ្សារបស់ឈើគ្រញូង ដែលត្រូវគេកាប់បំផ្លាញ ។ អ្នកស្រីពាន់ ភួងបុប្ផា រំពឹងថា «វិញ្ញាណលោកម្ចាស់គ្រញូង» នឹងក្លាយជាចំណែកតូចមួយក្នុងការទប់ស្កាត់ការកាប់បំផ្លាញឈើគ្រញូង បើទោះបីជាខ្សែភាពយន្តដែលមានរយៈពេលត្រឹម២ម៉ោងនេះមិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើទាំងស្រុងក្តី ។
កញ្ញាម៉ាក សែនសូនីតា ហៅតូតា ដែលជាតួអង្គឯកស្រីនៅក្នុងរឿង និយាយថា នេះជារឿងលើកដំបូងហើយដែលនាងយល់ថា វាមានភាពលំបាកសម្រាប់អាជីពសម្តែងរបស់នាង ។ លំបាកត្រង់ថា នេះជាលើកទីមួយដែលនាងត្រូវសម្តែង ដោយយកសំឡេងផ្ទាល់ ហើយជារឿងបុរាណដែលតម្រូវឱ្យនាងរៀបចំការនិយាយ មួយៗ សុភាពរាបសា តាមមនុស្សសម័យបុរាណ ដែលវាខុសពីលក្ខណៈដើមរបស់នាងដែលនិយាយ ញាប់ៗ ។ ក្នុងនោះក៏មានឈុតមួយដែលធ្វើឱ្យនាងមានការបារម្ភផងដែរ គឺឈុតដុតទីងមោងដែលតម្រូវឱ្យនាងរត់កាត់ភ្លើង ដែលអាចឱ្យនាងរលាកប្រសិនបើមានការប្រហែសបន្តិច ។ យ៉ាងណាក៏ដោយ នាងមានទំនុកចិត្តដោយសារតែអ្នកដឹកនាំរឿងបានត្រៀមរៀបចំជាស្រេចនូវសម្ភារមួយចំនួនក្នុងករណីដែលមានរឿងអ្វីកើតឡើងនោះ ។ ក្នុងនាមជាតារាសម្តែងមួយរូប នាងនៅតែអាចធ្វើបាន និងសង្ឃឹមថា រឿងវិញ្ញាណលោកម្ចាស់គ្រញូង នឹងទទួលបានការគាំទ្រពីទស្សនិកជន ។
ដោយឡែកតួអង្គឯកប្រុសនៅក្នុងរឿងលោកអ៊ុន សុធា និយាយថា រឿងនេះលោកក៏មានការលំបាកដែរ ដោយសារនេះជារឿងទីមួយហើយ ដែលលោកបានសម្តែងជាតួអង្គដួងព្រលឹង ដែលលោកមិនធ្លាប់បានសម្តែងពីមុនមកឡើយ ។ ប៉ុន្តែដោយសារតែបានការបង្ហាត់បង្ហាញពីអ្នកស្រីពាន់ ភួងបុប្ផា ទើបលោកអាចសម្រេចបានជោគជ័យនៅក្នុងការសម្តែងក្នុងខ្សែភាពយន្តមួយនេះ ។
វិញ្ញាណលោកម្ចាស់គ្រញូង ជាខ្សែភាពយន្តខ្នាតធំប្រចាំឆ្នាំ២០១៣នេះ ក្រោមការវិនិយោគផលិតពីក្រុមហ៊ុន Sabay Digital Corporation ជាមួយផលិតកម្មផ្កាយប្រាំរបស់អ្នកស្រីពាន់ ភួងបុប្ផា ។ រឿងនេះគ្រោងនឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៣តទៅ នៅរោងភាពយន្តលុច្ស និងរោងភាពយន្តបារាយណ៍អណ្តែត ខេត្តសៀមរាប និងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ បញ្ចាំងនៅរោងភាពយន្ត Platinum Cineplex និង Legend ៕
ចែករំលែកព័តមាននេះ