ខេត្តព្រះវិហារ ៖ រថយន្តយីឌុប២គ្រឿងដឹកឈើប្រណីតបានបើកចេញពីក្រុមហ៊ុនមួយស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ដែលក្នុងនោះរថយន្តមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម 3A-3026 និងមួយគ្រឿងទៀតពាក់ស្លាកលេខពោធិ៍សាត់ 3A-0022 ។
រថយន្តទាំងពីរគ្រឿងខាងលើនេះបានលួចបន្លំដឹកឈើអុសពីលើបង្កប់ឈើប្រណីតពីក្រោមត្រូវគេដឹងថា ចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយឈ្មោះ កម្ពុជាដោនផ្លេន ខេសិន ក្នុងឃុំរំដោះស្រែ ។ លុះបើកមកដល់ចំណុចរូបសំណាកតាឌី ស្ថិតក្នុងក្រុងព្រះវិហារ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ ធ្នូ នេះត្រូវសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ មានការសង្ស័យក៏ស្ទាក់ចាប់យកទៅពិនិត្យការដឹកជញ្ជូន។
ការពិនិត្យនេះបានឃើញលិខិតដឹកជញ្ជូន២ គឺលិខិតលេខ២១៤ ចុះថ្ងៃទី៩ ធ្នូ ២០១៣ ដែលលិខិតនោះបញ្ជាក់ថា ដឹកឈើអុស ។ ប៉ន្តែនៅពេលសមត្ថកិច្ចពិនិត្យលើរថយន្តមានអុសពីលើតែបន្តិចប៉ុណ្ណោះ ខាងក្រោមសុទ្ធតែឈើប្រណីតប្រភេទឈើសុក្រម ខ្នាត១,២ម៉ែត្រ ដែលមានមុខកាត់ចាប់ពី៤០ទៅ៥០ ចំនួន៣០០ដុំ ស្មើ២៦,៨៥៤ម៉ែត្រគូប ។ សមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដើម្បីធ្វើការបង់ផាកពិន័យតាមច្បាប់ និងស្រាវជ្រាវទៅដល់ក្រុមការងារដែលចេញលិខិតអនុញ្ញាតដឹកឈើមិនប្រក្រតី តើមូលហេតុអ្វី ?
ទាក់ទងរឿងនេះ លោកឆេញ សេង នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យបានបញ្ជាក់ថា ឈើប្រណីតពីរយីឌុបនេះអនុញ្ញាតឱ្យដឹកចេញដោយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដែលមានលិខិតដឹកជញ្ជូនដូចខាងលើ ។ លោកឆេញ សេង បញ្ជាក់ទៀតថា ហេតុដែលជំនាញបានឃាត់ចាប់រថយន្តទាំងពីរគ្រឿងខាងលើដោយសារកន្លងទៅការបន្លំភ្នែកសមត្ថកិច្ច មានច្រើនដែលតាមមិនទាន់ ទើបពេលនេះតាមទាន់ឃាត់យកមកពិនិត្យទៅឃើញថាខុសប្រក្រតីត្រង់ថា រដ្ឋបាលព្រៃឈើអនុញ្ញាតឱ្យដឹកជញ្ជូនតែអុសធម្មតាដែលមានមុខកាត់ត្រឹមតែ២៥សង់ទីម៉ែត្រចុះ តែចំពោះយីឌុបទាំងពីរគ្រឿងខាងលើដឹកជញ្ជូនសុទ្ធតែឈើប្រណីត ឈើសុក្រម ដែលមានមុខកាត់ចាប់ពី៤០សង់ទីម៉ែត្ររហូតដល់ទៅ៥០សង់ទីម៉ែត្រ នេះជាអំពើខុសច្បាប់ ។
លោកម៉ក់ បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ខណៈជំនាញដូចគ្នាធ្វើការចាប់រថយន្តដឹកឈើដែលខ្លួនបានចេញលិខិតអនុញ្ញាតដោយខុសច្បាប់នោះ លោកបាននិយាយយករួចខ្លួនថា លោកពិតជាបានចេញច្បាប់ឱ្យមែន តែបើមានគេជាជំនាញថាខុស ចាប់ក៏ចាប់ទៅ លោកមិនខ្វល់ទេ ។
សូមបញ្ជាក់ថា ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនកម្ពុជាដោនផ្លេន ខេសិន គឺស្ថិតក្នុងដីការពារដោយបរិស្ថាន ។ ពេលនេះមានមន្ត្រីបរិស្ថានមួយរូបការពារតំបន់នោះសុំមិនបញ្ចេញឈ្មោះបាននិយាយថា មិនថាតែពេលនេះទេដែលសមត្ថកិច្ចរដ្ឋបាលព្រៃឈើតែងតែត្រូវរ៉ូវជាមួយឈ្មួញ គឺច្រើនលើកហើយ អាងខ្លួនជាអ្នកមានអំណាចខាងចាត់ចែងចេញច្បាប់ក្នុងការដឹកជញ្ជូនឈើចេញពីតំបន់នោះគ្រប់ប្រភេទ គឺពួកគេតែងតែប្រព្រឹត្តបែបនេះតែរហូត ។ នៅពេលទាល់ច្រកដូចនេះ ពួកគេតែងតែឆ្លើយយករួចខ្លួនមិនទទួលខុសត្រូវឡើយ ។
អ្នកខេត្តព្រះវិហារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសព្វថ្ងៃថា ពួកគាត់នៅតំបន់នោះតាំងពីបុរាណមកដុតតែអុសផ្ចឹក ឬអុសរាំងតែប៉ុណោះ តែចុះពេលនេះឈ្មួញដឹកសុទ្ធតែអុសឈើប្រណីត ឈើសុក្រមទៅលក់នៅឯភ្នំពេញ ។ អ្នកខេត្តព្រះវិហារសួរថា សព្វថ្ងៃនេះខណៈប្រទេសកម្ពុជារីកចម្រើនពេក ទើបមានតម្រូវការដុតសុទ្ធតែអុសឈើសុក្រមបែបនេះមែន ឬលោកមេព្រៃជាំក្សាន្ត ។ បើសម័យទំនើបដែលគេប្រើតែភ្លើងហ្គាសមិនបំពុលបរិស្ថានដោយផ្សែងអុស ។ ម្យ៉ាងទៀត បើប្រជាពលរដ្ឋសាមញ្ញនៅឯភ្នំពេញ ប្រហែលពួកគេពុំមានលទ្ធភាពក្នុងការទិញអុសឈើប្រណីតបែបនេះដុតទេ។ បើភ្លើងហ្គាសវាថោកជាងអុសស្ទើរតែមួយរយដងឯណោះ ។
នៅពេលអ្នកកាសែតថតយកព័ត៌មានភ្លាមមានឈ្មួញម្នាក់ទំនងជា ឈ្មួញទុច្ចរិតបានទូរស័ព្ទមកគំរាមអ្នកសារព័ត៌មានមិនឱ្យចេញផ្សាយព័ត៌មាននេះទេ ដោយនិយាយថា អ្នកព័ត៌មានគ្មានបានការ មិនបានជួយជាតិនោះទេ ពួកគេទេជាឈ្មួញ ជាអ្នករកស៊ីព្រៃឈើទេ ជាអ្នកប្រមូលថវិកាជួយជាតិ ។
សូមបញ្ជាក់ផងដែរ បើតាមសង្កេតឃើញការធ្វើវិនិយោគដីសម្បទានសេដ្ឋកិច្ចក្នុងស្រុកជាំក្សាន្តជាច្រើនក្រុមហ៊ុន ជាង១០ឆ្នាំកន្លងទៅនេះ គេមិនទាន់បានឃើញចេញលទ្ធផលអ្វីនៅលើដីទាំងនោះទេ ក្រៅតែពីកាប់ព្រៃឈើលក់យ៉ាងអនាធិបតេយ្យ ទុកដីឱ្យនៅវាលរហោឋានចោលតែប៉ុណោះប្រៀបដូចក្រុមហ៊ុនធ្វើនំអត់ម្សៅ ៕ សហការី
ចែករំលែកព័តមាននេះ